មន្រ្តីឃ្លាំមើលអង្គការលីកាដូ និងអ្នកវិភាគ ជម្រុញអោយក្រសួងពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាស្រ្តីមានផ្ទៃពោះ និងកូននៅជាមួយ ដែលជាប់ឃុំក្នុងពន្ធនាគារ
មន្រ្តីឃ្លាំមើលអង្គការលីកាដូ និងអ្នកវិភាគ ជម្រុញអោយក្រសួងពាក់ព័ន្ធ ពន្លឿនការដោះស្រាយបញ្ហាស្រ្តីមានផ្ទៃពោះ និងកូននៅជាមួយ ដែលជាប់ឃុំក្នុងពន្ធនាគារ ខណៈពន្ធនាគារចង្អៀតណែន ដែលអាចប៉ះពាល់ដល់សុខភាព ម្ដាយ និងកូន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ៨ ខែ មេសា នេះ ថា អង្គការលីកាដូ ដាក់លិខិតទៅក្រសួងមហាផ្ទៃ ដោយបង្ហាញការគាំទ្រអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ក្នុងការពន្លឿនការដោះស្រាយអ្នកទោសជាស្រ្តីមានផ្ទៃពោះ និងមានកូននៅជាមួយ ដែលកំពុងជាប់នៅក្នុងពន្ធនាគារ អោយបានឆាប់រហ័ស ដោយលោក អំ សំអាត បញ្ជាក់ថា ក្រសួងស្ថាប័នពាក់ព័ន្ធកំពុងតែធ្វើកិច្ចការនេះ ហើយ គ្រាន់តែមិនទាន់មានការឆ្លើយតបជាផ្លូវការពីក្រសួងពាក់ព័ន្ធយ៉ាងណាវិញនោះទេ ។
មន្រ្តីឃ្លាំមើលរូបនេះ បានលើកឡើងថា ស្ថានភាពន្ធនាគារបច្ចុប្បន្នកំពុងតែចង្អៀតណែន ដែលបានធ្វើអោយមានផលប៉ះពាល់ដល់សុខមាលភាពរបស់ស្រ្តីជាម្ដាយ និងកូនតូចៗដែលនៅជាមួយ ជាពិសេសនោះ គឺ ស្រ្តីដែលមានផ្ទៃពោះ ដែលនឹងការប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
ជាមួយគ្នានេះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា រដ្ឋាភិបាល ត្រូវតែយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការដោះស្រាយ និងការសម្រួលដល់អ្នកទោសជាស្រ្តីមានផ្ទៃពោះ និងមានកូននៅជាប់ឃុំជាមួយក្នុងពន្ធនាគារ ដែលរដ្ឋាភិបាលត្រូវតែមានសេវា ពិសេសណាមួយ សម្រាប់ផ្ដល់ការអប់រំដល់កូនតូចៗ ដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារជាមួយម្ដាយ នោះ ។
ដោយឡែក លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបនោះទេ ដោយទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន ។
កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ កន្លងទៅ ក្នុងឱកាសដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៨ នៅមជ្ឈមណ្ឌលកោះពេជ្រ លោកនាយករដ្ឋមន្រ្តី បានបង្គាប់អោយក្រសួងយុត្តិធម៌ និងក្រសួងកិច្ចការនារី ពិនិត្យលទ្ធភាពលើការលើកលែងទោស ធ្វើយ៉ាងណាសម្រួលដល់ស្រ្តីមួយចំនួន ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារ ។
គួរកត់សម្គាល់ថា បើតាមសេចក្ដីថ្លែងការណ៍របស់ អង្គការ លីកាដូ ដែលបានចាប់ផ្ដើមឃ្លាំមើលស្ថានភាពពន្ធនាគារនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្ននេះកំពុងឃ្លាំមើលពន្ធនាគារចំនួន ១៨ ក្នុងចំណោមពន្ធនាគារសរុបចំនួន២៨ នៅកម្ពុជា ។ ក្នុងនោះបើយោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា កុមារអាយុក្រោម៣ឆ្នាំ ត្រូវបានអនុញ្ញាតអោយស្នាក់នៅជាមួយម្ដាយរបស់ពួកគេក្នុងពន្ធនាគារ។ អង្គការ លីកាដូ ក៏បានបង្ហាញដែរថា បច្ចុប្បន្ននេះ មានកុមារចំនួន ១១៣ នាក់ និងស្ដ្រីមានផ្ទៃពោះចំនួន ៣៨ នាក់ កំពុងជាប់ឃុំនៅក្នុងពន្ធនាគារចំនួន ១៨ដែលលីកាដូ បានធ្វើការឃ្លាំងមើល ដែលវិបត្តិនេះកំពុងតែធ្វើអោយមានស្ថានភាពកាន់តែអាក្រក់ឡើង ខណៈចំនួនកុមារដែលនៅជាមួយម្ដាយក្នុងពន្ធនាគារ បានកើនឡើងស្ទើរតែទ្វេដងចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ មក ។
សូមបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា ក៏មានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិត ៣ដងក្នុង១ឆ្នាំៗ ដែលរួមមានបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បុណ្យពិសាខបូជា និងបុណ្យអំទូក ជាដើម។ ទោះជាយ៉ាងណា ពន្ធនាគារកម្ពុជាពេលនេះ កំពុងតែប្រឈមនឹងការតឹងណែនចង្អៀត ដោយសារតែមានអ្នកទោសកើនឡើងកាន់តែច្រើន៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!