លោកស្រី រ៉ូណា ស្មីត នឹងជួបពិភាក្សាការងារជាមួយ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី នៅថ្ងៃទី ៣០ ខែ មេសា នេះ
នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៩ នេះ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងទទួលជួបពិភាក្សាការងារ ជាមួយនឹងលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចេញនៅថ្ងៃទី ២៩ ខែ មេសា នេះ ។
ក្នុងជំនួបនេះ ធ្វើឡើងក្នុងឳកាសដែលលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មកបំពេញទស្សនកិច្ច នៅប្រទេសកម្ពុជា រយៈពេល ១១ ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០១៩ នេះ ។ ក្នុងទស្សនៈកិច្ចនៅកម្ពុជា នាពេលនេះ ជាទស្សនៈកិច្ច លើកទី ៧ របស់លោកស្រីនៅកម្ពុជា ក្នុងគោលបំណងតាមដានពីដំណើរ វិវត្តន៍ស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា ។
លោកស្រី រ៉ូណា ស្មីត បាន មានប្រសាសន៍ថា “ខ្ញុំនឹងផ្តោតបេសកកម្មរបស់ខ្ញុំទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរ វិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់ ខ្ញុំកាលពីខែវិច្ឆិកាកន្លងមក”។ ខ្ញុំមានបំណងបន្តការពិនិត្យផងដែរទៅលើវិស័យសិទិ្ធមនុស្សទាក់ទង នឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពដោយពិនិត្យជាពិសេសទៅលើកា រមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព”។
សូមបញ្ជាក់ដែរថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃ អ្នកជំនាញរូបនេះ គ្រោងជួបប្រជុំជាមួយមន្រ្តី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា។ លោកស្រី ស្មីត នឹងបំពេញទស្សន កិច្ច ផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់។
មុនបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងមានធ្វើសន្និសីទសារព័ត៌មានមួយដើម្បីពិភាក្សាអំពីលទ្ធផលស្រាវជ្រាវបឋមនៃដំណើរទស្សនកិច្ចរបស់លោកស្រី ដែលសន្និសីទនេះនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា នៅវេលាម៉ោង ០៣:00 រសៀល ម៉ោងក្នុងស្រុក នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលមានអាសយដ្ឋាន អគារលេខ៤ ផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ អនុញ្ញាតឲ្យតែអ្នកសារព័ត៌មានតែប៉ុណ្ណោះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!