សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយស្ថាប័នពាក់ព័ន្ធ ត្រូវមានការអនុវត្តច្បាប់អោយបានស្មើភាព មានស្តង់ដាតែមួយ ជៀសវាងវប្បធម៌អន្តរាគមផ្សេងៗណាមួយក្រៅប្រព័ន្ធច្បាប់ ដែលនឹងបង្កើតអោយមាននិទណ្ឌភាពនៅកម្ពុជា តទៅទៀត
ក្រោយពីមានការរិះគន់យ៉ាងច្រើន លើករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌបាញ់ដ៏សាហាវ ទៅលើ ២ នាក់ប្ដីប្រពន្ធ មក ព្រឹកនេះជនបង្កត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបសួរហើយ ខណៈសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយស្ថាប័នពាក់ព័ន្ធ ត្រូវមានការអនុវត្តច្បាប់អោយបានស្មើភាព មានស្តង់ដាតែមួយ ជៀសវាងវប្បធម៌អន្តរាគមន៍ផ្សេងៗណាមួយក្រៅប្រព័ន្ធច្បាប់ ដែលនឹងបង្កើតអោយមាននិទណ្ឌភាពនៅកម្ពុជា តទៅទៀត។
នៅព្រឹកថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០១៩ នេះ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌលោក ឌួង ណាគ្រី ដែលបាញ់ប៉ងសម្លាប់ ២ នាក់ប្តីប្រពន្ធ នាំឲ្យកក្រើកពេញបណ្តាញសង្គម Facebook នោះ ត្រូវបានបញ្ជូនដល់ចៅក្រមស៊ើបសួរហើយ បន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក រៀល សុភិន បានសម្រេចចោទប្រកាន់ចំនួន២ បទល្មើស គឺ ប៉ុនប៉ងមនុស្សឃាត និងប្រើប្រាស់អាវុធដោយមិនមានការអនុញ្ញាត ។
តាមលោកមេធាវី សុក សំអឿន អ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា តាមផ្លូវច្បាប់ ទាក់ទងនឹងបទឧក្រិដ្ឋមនុស្សឃាត ជនបង្កអាចត្រូវផ្ទន្ទាទោសដាក់ពន្ធនាគារ ១៥ ឆ្នាំ ។
លោកមេធាវីរូបនេះ បានបញ្ជាក់ដែរថា ការដាក់ពិន័យរដ្ឋបាល ចំពោះបុគ្គលដែលប្រព្រឹត្តខុស ពីសំណាក់ស្ថាប័នសាម៉ី ជារឿងដែលត្រឹមត្រូវ ក៏ប៉ុន្តែចំពោះបទល្មើសព្រហ្មទណ្ឌ បុគ្គលនោះ មិនអាចរួចផុតពីនីតិវិធីរបស់តុលាការ បាននោះទេ ។
ជាមួយនឹងករណីនេះដែរ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ យល់ឃើញថា បញ្ហានេះ ជាការបង្ហាញការគេចវេសពីការគោរពច្បាប់ពីសំណាក់បុគ្គលដែលមានអំណាច តួនាទី រាល់ទោសកំហុសរបស់ខ្លួន ដោយលោក ពេជ្រ ស្រស់ លើកឡើងថា ជាការបង្ហាញអោយឃើញនូវកម្សោយរបស់ស្ថាប័នពាក់ព័ន្ធក្នុងការអនុត្តច្បាប់នៅកម្ពុជា ។
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់រួបនេះ បានជម្រុញអោយសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនគរបាលយុត្តិធម៌ ត្រូវមានការអនុវត្តច្បាប់អោយបានស្មើភាព ស្តង់ដាតែមួយ ជៀសវាងវប្បធម៌អន្តរាគមន៍ផ្សេងៗណាមួយក្រៅប្រព័ន្ធច្បាប់ ដែលនឹងបង្កើតអោយមាននិទណ្ឌភាពនៅកម្ពុជា តទៅទៀត ។
ស្រដៀងគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា ករណីកាង ឬ ការពារកូនចៅនេះ បានធ្វើអោយពលរដ្ឋបាត់ជំនឿលើការអនុវត្តច្បាប់ ជាពិសេសចាំតែមានបទបញ្ជាពីថ្នាក់លើទើបនាំគ្នាធ្វើការអនុវត្តច្បាប់ ជាដើម ដែលនេះហើយជាហេតុនាំអោយនិទណ្ឌភាពនៅកម្ពុជា កើតឡើងជាហូរហែរនោះ ។
លោក វឌ្ឍនាសាប៊ុង បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គ្រោងនឹងអញ្ជើញប្រតិភូក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងលើកងកម្លាំងនគរបាលជាតិ ចូលបំភ្លឺនៅកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សា លើការពង្រឹងវិន័យនគរបាលជាតិ រួមបញ្ហាមួយចំនួនទៀតរបស់មន្រ្តីនគរបាលជាតិ ផងដែរ ។
កាលពីថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ចេញប្រតិកម្មថា ករណីអនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ លោក ឌួង ណាគ្រី ដែលស្រវឹងស្រាបើករថយន្តតាមរករឿង រហូតបាញ់រថយន្តជនរងគ្រោះទាំង ២នាក់ប្តី-ប្រពន្ធ គឺជាបទល្មើសព្រហ្មទណ្ឌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ជាដាច់ខាត ។
គួររំលឹកដែរថា កាលពីវេលាម៉ោង ១យប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣ កែងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណី មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ បានដកកាំភ្លើងបាញ់ ៥គ្រាប់ ទៅលើជនរងគ្រោះ ២ នាក់ប្ដីប្រពន្ធ នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បណ្ដាលឲ្យបែកកញ្ចក់រថយន្ត ព្រមទាំងជនរងគ្រោះ ជាប្រពន្ធ ដែលមានផ្ទៃពោះ ត្រូវរលូតកូន ៣ ខែ ផងដែរ ។
សូមបញ្ជាក់ថា បុរសរងគ្រោះមានឈ្មោះ ភូរីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខរបប បុក្គលិក ណាហ្គាវើល។ ចំណែកជនបង្កមានឈ្មោះ ឌួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ943 ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង ទី៣ ខណ្ឌចំការមន ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!