ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ៖ វិស័យសំណង់នៅកម្ពុជា មានសន្ទុះកើនឡើងខ្លាំង ខណៈគុណភាពក្នុងការសាងសង់ មានភាពល្អប្រសើរជាបន្តបន្ទាប់
អ្នកជំនាញផ្នែកអចលនទ្រព្យ និងអ្នកវិភាគសង្គម លើកឡើងថា វិស័យសំណង់របស់កម្ពុជា មានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស ប៉ុន្តែ គុណភាពសំណង់មួយចំនួន ក៏នៅមិនទាន់មានស្ដង់ដារបច្ចេកទេស ត្រឹមត្រូវ នោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម លើកឡើងថា ស្របពេលដែលកំណើនការសាងសង់សំណង់អគារនានា ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័សនោះ គុណភាពសំណង់ ក៏មានភាពល្អប្រសើរ ផងដែរ បើទោះបី នៅមានការសាងសង់សំណង់មួយចំនួន នៅមិនទាន់មានស្ដង់ដា ក៏ដោយ ។
សម្រាប់សមត្ថកិច្ចរបស់វិស្វកររបស់កម្ពុជា សព្វថ្ងៃ អ្នកជំនាញអចលនវត្ថុរូបនេះ បានបញ្ជាក់ថា សមត្ថភាពអាចទទួលយកបាន ស្របតាមស្ដង់ដានៃសមត្ថភាពរបស់វិស្វករសំណង់ ប៉ុន្តែគម្រោងធំៗ ខ្លះ ជាគម្រោងពីក្រៅប្រទេស ដែលតម្រូវអោយមានការសហការគ្នា រវាង វិស្វករកម្ពុជា ជាមួយនឹងវិស្ចករបរទេស ។
លោក ច្រឹក សុខនីម បានបន្តដែរថា រដ្ឋាភិបាល រួមទាំងម្ចាស់គម្រោង បាននឹងកំពុងបន្តពង្រឹងគុណភាពលើវិស័យសំណង់នេះហើយ ដើម្បីធានាដល់ការប្រកួតប្រជែងវិស័យសំណង់របស់កម្ពុជា ដែលមានស្ដង់ដាកម្រិតខ្ពស់មួយ ផងដែរ ។
សម្រាប់លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោនបាយ មើលឃើញថា វិស័យសំណង់ ដែលរួមមាន ការសាងសង់សំណង់អគារតូចធំនានា ហេដ្ឋារចនាសម្ព័ន្ធសំណង់ ខុនដូរ ក៏ដូចជា ការសាងសង់បុរី ជាដើម មានការរីកចម្រើនខ្លាំង គួរអោយកត់សម្គាល់ ប៉ុន្តែលោក ហង្ស វិទូ លើកឡើងថា សម្រាប់គុណភាពសំណង់វិញ ហាក់មិនទាន់ត្រូវមានស្ដង់ដានោះទេ ដោយគម្រោងសាងសង់មួយចំនួន មិនបានត្រួតពិនិត្យទៅលើគុណភាពសំណង់ ប៉ុន្មាននោះទេ ។
លោក ហង្ស វិទូ បានជម្រុញអោយក្រសួងរៀបចំដែនដី គួរធ្វើកំណែទម្រង់លើវិស័យសំណង់ បន្ថែមទៀត ព្រមទាំងបន្តពង្រឹងសមត្ថភាពរបស់វិស្វករ ក៏ដូចជា ស្ថាបត្យកររបស់កម្ពុជា ផងដែរ ដើម្បីធ្វើអោយវិស័យសំណង់នៅកម្ពុជាមានការរីកចម្រើន និងមានគុណភាពប្រសើរឡើង អាចប្រកួតប្រជែង ជាមួយប្រទេសក្នុងតំបន់បាន ។
ដោយឡែក អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត វិទ្យុសំឡេងយុវជន នៅអាចសុំការបកស្រាយ បាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទូល ។
គួរកត់សម្គាល់ដែរថា វិស័យសំណង់នៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានសន្ទុះកើនឡើងយ៉ាងលឿន ដែលមានជួយជម្រុញដល់សេដ្ឋកិច្ចកម្ពុជា មានកំណើនកើនឡើងរៀងរាល់ឆ្នាំ ជាមួយគ្នានោះ ទំហំនៃការវិនិយោគលើវិស័យមួយនេះ ក៏កាន់តែមានទំហំធំ ផងដែរ ក៏ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនវិស័យសំណង់នេះ ក៏នៅតែសង្កេតឃើញថា គុណភាពសំណង់មួយចំនួន មិនទាន់ត្រូវតាមស្ដង់ដានៅឡើយទេ ពោលគឺ គុណភាពសំណង់នៅមានកម្រិត ។
សូមបញ្ជាក់ថា ធនាគារពិភពលោក ក៏បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៧,៥ភាគរយ នៅក្នុងឆ្នាំ២០១៨ ដែលជាអត្រាកំណើនលើសការរំពឹងទុក ដោយសារមានការជំរុញដ៏ធំ នៃការនាំចេញ និងការលូតលាស់វិស័យសំណង់ និងអចលនទ្រព្យ។ ប៉ុន្តែវិស័យដ៏សំខាន់ទាំងនេះ កំពុងស្ថិតនៅក្នុងហានិភ័យ ដែលអាចជាក្តីព្រួយបារម្ភមួយ ដល់កម្ពុជាដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!