ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងអញ្ជើញប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សា នាពេលខាងមុខ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងអញ្ជើញប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជួបប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សា នាពេលខាងមុខ ទាក់ទងនឹងបញ្ហាគ្រឿងញៀន ដែលកំពុងក្លាយជា ក្ដីកង្វល់របស់កម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ស្ថាប័នពាក់ព័ន្ធ បានខិតខំបន្តអនុវត្តតាមផែនការ យុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដើម្បីធានាលើកកម្ពស់ប្រសិទ្ធិភាពការងារ អោយបានកាន់តែប្រសើរបន្ថែមទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សមាជិកឧត្តមក្រុប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ មើលឃើញថា បញ្ហាគ្រឿងញៀន កំពុងតែក្លាយជាជម្ងឺមហារីក នៅកម្ពុជាហើយ ដោយបាននឹងកំពុងរីកដុះដាលគ្រប់ទីកន្លែង ទាំងទីប្រជុំ រហូតដល់ ទីជនបទ ដោយលោក លើកឡើងថា កត្តាដែលនាំអោយគ្រឿងញៀន មានការរីកសាយខ្លាំងនៅកម្ពុជានោះ គឺបណ្ដាលមកពី មន្រ្តីមួយចំនួនបើកដៃអោយឧក្រិដ្ឋជន ចរាចរគ្រឿងញៀនយ៉ាងសេរី ជាថ្នូនឹងលាភសក្ការៈផ្សេងៗ ។
លោក ពេជ្រ ស្រស់ បានបន្តថា កន្លងទៅក្នុងជំនួបប្រជុំជាមួយនឹងប្រតិភូក្រសួងមហាផ្ទៃ លោកក៏បានចោទសួរទាក់ទងនឹងយន្តការរបស់ក្រសួងមហាផ្ទៃ ក្នុងការទប់ស្កាត់ករណីគ្រឿងញៀននេះ ផងដែរ ហើយក្នុងពេលខាងមុខនេះ លោក នឹងគ្រោងអញ្ជើញលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ចូលបំភ្លឺរាល់កិច្ចការប្រឆាំងគ្រឿងញៀន រួមទាំងនឹងស្នើដល់រដ្ឋសភា អោយធ្វើវិសោធនកម្មច្បាប់គ្រឿងញៀន អោយបានតឹងរឹងបន្ថែមទៀត ។
ថ្លែងប្រាប់វិទ្យុសំឡេងយុវជន ស្រដៀងគ្នានេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏នឹងគ្រោងអញ្ជើញប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក កែ គឹមយ៉ាន ចូលប្រជុំជាមួយនឹងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះ ផងដែរ ។
លោក វឌ្ឍនាសាប៊ុង បានលើកឡើងថា បទល្មើសគ្រឿងញៀន មិនមែនអ្នកតូចតាច ឬ ប្រជាពលរដ្ឋធម្មតា អាចផលិត ចែកចាយ និងជួញដូរ បានរាប់សិបគីឡូនោះទេ ផ្ទុយទៅវិញឧក្រិដ្ឋជនគ្រឿងញៀន ភាគច្រើន ជាក្រុមអ្នកមានអំណាច បុណ្យស័ក្តិ បានធ្វើការជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដែលលោកជម្រុញអោយអាជ្ញាធរ សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវពង្រឹងការអនុវត្តច្បប់អោយបានម៉ឺងម៉ាត់ ដោយមិនត្រូវចំពោះបុគ្គលប្រព្រឹត្តល្មើសច្បាប់ណាមួយនោះទេ ។
ដោយឡែក លោក មាស វិរឹទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តអនុវត្តតាមយុទ្ធជាតិទាំង ៥ វិធានការយុទ្ធសាស្រ្តទាំង ៧ គួបផ្សំជាមួយនឹងផែនការជាតិ ៥ ឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តតាមយុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ដើម្បីធានាលើកកម្ពស់ប្រសិទ្ធិភាពការងារបង្ក្រាប ទប់ស្កាត់ និងបង្កបទល្មើសគ្រឿងញៀន អោយបានកាន់តែប្រសើរបន្ថែមទៀត ។
គួរកត់សម្គាល់ដែរថា តាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបង្ហាញថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៨ ខែឩសភា ឆ្នាំ២០១៩ បង្ក្រាបសរុប= 2761ករណី ឃាត់មនុស្ស= 5906នាក់ ស្រី 475នាក់ (ជនបរទេស 140នាក់ ស្រី 31នាក់ មាន 7សញ្ជាតិ) ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ 1711ករណី ឃាត់ 3185នាក់(ស្រី 280នាក់) ប្រើប្រាស់ 1050ករណី ឃាត់ 2721នាក់(ស្រី 195នាក់) អនុវត្ដន៍ដីកា៖ 95ដីកា ឃាត់ 92នាក់(ស្រី 4នាក់) សារធាតុញៀនគ្រប់ប្រភេទ= 283Kg 60,96g និង 284កញ្ចប់តូច កញ្ឆាក្រៀម= 2,40g និង 46362ដើម សម្ភារៈចាប់យកមាន រថយន្ដ 20 គ្រឿង ម៉ូតូ 577 គ្រឿង ទូរស័ព្ទ 1898គ្រឿង ជញ្ជីង 112គ្រឿង អាវុធវែង 2ដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!