ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងសង្គមស៊ីវិល លើកឡើងថា ការចេញវីដេអូរបស់ជនជាតិចិន ដែលគំរាម បង្កភាពអសន្តិសុខនៅក្នុងកម្ពុជា ជាទង្វើដោយចេតនាពិតប្រាកដ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងសង្គមស៊ីវិល លើកឡើងថា ការចេញវីដេអូរបស់ជនជាតិចិន ដែលគំរាម បង្កភាពអសន្តិសុខនៅក្នុងកម្ពុជា ជាទង្វើដោយចេតនាពិតប្រាកដ មិនមែនដូចស្ថានទូតចិន លើកឡើងថា គ្រាន់ជាការលេងសើចមកពីពួកគេស្រវឹង ដើម្បីបញ្ចប់រឿង នោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ក្រោយមានការបង្ហោះ វីដេអូ គំរាមបង្កអសន្តិសុខ នៅក្នុងប្រទេសកម្ពុជា ពីសំណាក់ក្រុមជនជាតិចិន រហូតមានការបកស្រាយពីសំណាក់ស្ថានទូតចិន ប្រចាំកម្ពុជា ថា ក្រុមជនជាតិចិននេះ គ្រាន់តែលេងសើច ដោយពួកគេស្រវឹងនោះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ យល់ឃើញថា ការឆ្លើយរបស់ស្ថានទូតចិន គឺដើម្បីជួយសម្រាលស្ថានការណ៍ តែប៉ុណ្ណោះ តែទង្វើនេះ ជាចេតនាយ៉ាងពិតប្រាកដ ក្នុងការបង្កភាពអសន្តិសុខដល់ប្រទេសកម្ពុជា ។
លោក ពេជ្រ ស្រស់ ជម្រុញអោយមានការអនុវត្តច្បាប់បន្តទៀត អោយបានតឹងរឹង និងមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការបង្កបទល្មើស ភាពអសន្តិសុខនានា ពីសំណាក់ជនជាតិបរទេស មកលើប្រទេសកម្ពុជា ដោយមិនត្រូវមានការលើកលែងនោះទេ មិនថាជនជាតិណាក៏ដោយ ។
ស្រដៀងគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងដែរថា ជាចេតនារបស់ជនជាតិចិនទាំងនោះពិតប្រាកដ មិនមែនជាការលេងសើច ដូចការលើកឡើងរបស់ស្ថានទូតចិន នោះឡើយ ដោយលោកបញ្ជាក់ថា នេះជាការគំរាមដល់សន្តិសុខជាតិរបស់រដ្ឋអធិបតេយ្យមួយ មិនអាចលេងសើចបានទេ ។
លោក សន ជ័យ បន្តថា ស្ថានភាពជនជាតិចិន សព្វថ្ងៃ ហាក់គេចផុតពីក្រសែភ្នែកអាជ្ញាធរទៅហើយ មិនថាបទឧក្រិដ្ឋធំៗ ឃាតកម្ម ឬ បទល្មើសនានានោះទេ សូម្បីកិច្ចការរដ្ឋបាលក្នុងស្នាក់នៅរបស់ជនជាតិចិននៅកម្ពុជា ការរកស៊ី ក៏បាននឹងកំពុងបង្កភាពអនាធិបតេយ្យ ផងដែរ ។
ដោយឡែក អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ជាវិធានការ របស់សមត្ថកិច្ចកន្លទៅ គឺការស្រាវជ្រាវរកប្រភពក្រុមជនជាតិចិននោះ ចេញពីប្រភពណា ដោយក្រុមនេះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជា នោះទេ ហើយនគរបាលជាតិ ក៏បានស្នើសុំកិច្ចសហការជាមួយភាគីចិន ផងដែរ តែជាការឆ្លើយតបរបស់ភាគីចិន បញ្ជាក់ថា ជនជាតិចិន ទាំងនោះ គ្រាន់បង្កោះវិដេអូលេង តែប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា លោក ឆាយ គឹមខឿន បានបញ្ជាក់ថា កម្លាំងនគរបាលជាតិ នៅតែបន្តការស៊ើបអង្កេត និងស្រាវជ្រាវទៅលើករណីនេះ បន្ថែមទៀត ។
គួររំលឹកដែរថា កន្លងទៅ មានក្រុមជនជាតិចិនចំនួន ២០ នាក់ បានបង្ហោះវីដេអូឃ្លីប គំរាមបង្កអោយមានអសន្ដិសុខ សណ្ដាប់ធ្នាប់ នៅក្នុងខេត្តព្រះសីហនុ ក្រោយមានការគំរាមបែបនេះ ពីក្រុមជនជាតិចិន កម្លាំងនគរបាលជាតិ បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ រកឃើញថា ក្រុមជនជាតិចិននោះ គឺមិនស្ថិតនៅក្នុងប្រទេសកម្ពុជា នោះទេ ។ ជាមួយគ្នានេះ នៅថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៩ ស្ថានទូតចិនបានបង្ហោះព័ត៌មានតាមទំព័រហ្វេសប៊ុករបស់ខ្លួន ថា ក្រុមជនជាតិចិន ដែលថតបង្ហោះវីដេអូនោះ មិនពាក់ព័ន្ធនឹងសង្គមងងឹត តាមប្រព័ន្ធអ៊ីនធឺណិតទេ ដោយស្ថានទូតចិន អះអាងថា ក្រុមជនជាតិចិន ដែលព្រមានធ្វើអោយមានភាពអសន្ដិសុខនៅប្រទេសកម្ពុជានោះ គឺគ្រាន់តែជាការលេងសើចប៉ុណ្ណោះ ព្រោះធ្វើឡើងក្រោយពីពួកគេស្រវឹងស្រា ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ ស្តីពី លទ្ធផលកិច្ចប្រតិបត្តិការរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជនបរទេស បានបង្ហាញថា ជនជាតិចិន ជាជនជាតិមួយ ដែលបានបង្កបទល្មើសច្រើនជាងគេ រួមទាំងជាជនងាយរងគ្រោះបំផុត នៅក្នុងប្រទេសកម្ពុជា ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!