ការគ្រប់គ្រងធនធានរ៉ែកម្ពុជា មិនទាន់មានតម្លាភាពនោះទេ ចំណូលចូលជាតិតិច ផលប៉ះពាល់ច្រើន
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកវិភាគ អះអាងថា ការគ្រប់គ្រងធនធានរ៉ែ នៅកម្ពុជា មិនទាន់មានភាពជាក់លាក់ និងមានតម្លាភាពនៅឡើយនោះទេ ដោយហាក់ខ្វះការការពារ ព្រមទាំងផលចំណេញចូលរដ្ឋទទួលបានតិច ខណៈផលប៉ះពាល់មានទំហំធំ ដែលនាំអោយខាតបង់ដល់ផលប្រយោជន៍ជាតិ ។
ក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយប្រតិភូក្រសួងរ៉ែ និងថាមពល ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ស៊ុយ សែម កាលពីថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩ នោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក ពេជ្រ ស្រស់ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា លោកបានលើកឡើងនូវបញ្ហា និងសំណួរចំនួនបួន ក្នុងនោះមាន ៖ ១. បញ្ហាចំណូលដែលបានមកពីការលក់រ៉ែ ភ្នំ និងខ្សាច់ ២. បញ្ហាក្រុមហ៊ុន ទ្រី ភាព ចង់សម្អាតច្រាំងទន្លេ ៣.បញ្ហាដីជើងភ្នំសែនហាន ពាក់ព័ន្ធនឹងប្រជាពលរដ្ឋ និង៤. តម្លៃអគ្គីសនីឡើងថ្លៃទ្វេដង ស្របពេលភ្លើងដាច់ញឹកញាប់ ជាការឆ្លើយតបរបស់ក្រសួង លោក ពេជ្រ ស្រស់ បញ្ជាក់ថា មិនទាន់គ្រប់ជ្រុងជ្រោយទទួលយកបាននោះទេ ហាក់ជាការឆ្លើយតបដែលមិនមានការទទូលខុសត្រូវក្នុងនាមជាក្រសួងដែលមានសមត្ថកិច្ចលើកិច្ចទាំងនោះ ។ សំឡេង
លោក ពេជ្រ ស្រស់ បន្តថា បច្ចុប្បន្ន សម្រាប់ការគ្រប់គ្រងលើវិស័យរ៉ែនៅកម្ពុជា ហាក់មិនទាន់មាននូវតម្លាភាពនៅឡើយទេ ដោយចំណូលទទួលបានតិច ហើយការបាត់បង់មានទំហំធំ ដែលនាំអោយខាតបង់ដល់ផលប្រយោជន៍ជាតិ ។ សំឡេង
សម្រាប់លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានលើឡើងនូវបញ្ហាចំនួន បី ចំណុចជូនក្រសួងរ៉ែ និងថាមពល ផងដែរ ដោយក្នុងមាន ៖ ១. បញ្ហាប្រាក់ចំណូលចូលជាតិពីវិស័យរ៉ែ ជាការឆ្លើយរបស់ក្រសួង គឺ មិនបានឆ្លើយចំសំនួរទេ និងបង្វែរអោយពិនិត្យមើលរបាយការណ៍ដែលបង្ហាញពីចំណូលសរុប ដែលពុំមានបែងចែកច្បាស់លាស់ចំពោះ ចំណូលពី រ៉ែ និង ខ្សាច់ ២. ករណីពុលស្រានៅខេត្តក្រចេះ ចំណុចនេះដែរ ប្រតិភូក្រសួងមិនបានឆ្លើយក្បោះក្បាយទេចំពោះបញ្ហានេះ ដោយរុញអោយពូកលោកទៅសើររើឯកសារក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ទៅវិញ និងទី៣. លោក វឌ្ឍនាសាប៊ុង បានផ្ដល់នូវអនុសាសន៍អោយប្រតិភូក្រសួងពិនិត្យឡើងវិញ ចំពោះគោលនយោបាយជាតិដែលដាក់ចេញស្ដីពីការគ្រប់គ្រងធនធានរ៉ែ ចៀសវាងល្អតែគោលនយោបាយតែការអនុវត្តន៍ផ្ទុយពីស្មារតីក្នុងអារម្ភកថារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ សំឡេង
អ្នកនយោបាយវ័យក្មេងរូបនេះ បន្តថា ក្រសួងក៏បានទទួលស្គាល់ថា សព្វថ្ងៃការរុករកធនធានរ៉ែ នៅខ្វះការគ្រប់គ្រង ដោយនៅមានអ្នករុករករ៉ែដោយខុសច្បាប់ និងអណាធិបតេយ្យ ផងដែរ ប៉ុន្តែក្រសួងបានប្ដេជ្ញាចិត្ត ក្នុងលុបបំបាត់ការរុករករ៉ែ ដោយខុសច្បាប់ អោយបានប្រសើរ បន្ថែមទៀត ។ សំឡេង
ជាមួយគ្នានេះ លោក ហង្ស វិទូ អ្នកវិភាគបញ្ហាសង្គម និងនយោបាយ មើលឃើញដែរថា ការគ្រប់គ្រងធនធានរ៉ែ សព្វថ្ងៃនេះ ក្រសួងពាក់ព័ន្ធ ហាក់មិនទាន់មានផែនការយុទ្ធសាស្ត្រច្បាស់លាស់នៅឡើយទេ ដោយនៅខ្វះការការពារ និងភាពកម្សោយក្នុងការគ្រប់គ្រប់ធនធានរ៉ែ ដែលទាមទារអោយក្រសួងស្ថាប័នទាំងនោះ ត្រូវធ្វើកំណែទម្រង់បន្ថែមទៀត ។ សំឡេង
ក្នុងនោះដែរ អ្នកវិភាគរូបនេះ បានជម្រុញអោយរដ្ឋាភិបាល គួរតែមានការកំណត់តំបន់អភិរក្សធនធានរ៉ែ ត្រូវមានការរុករករ៉ែដោយខ្លួនឯងដោយមិនពឹងក្រុមហ៊ុនបរទេស ទប់ស្កាត់ការរុករករ៉ែដោយខុសច្បាប់ពីសំណាក់ក្រុមហ៊ុន និងប្រជាពលរដ្ឋ និងត្រូវលុបបំបាត់អំពើពុករលួយអោយបាន ដើម្បីធានាដល់ការការពារ និងការគ្រប់គ្រងធនធានរ៉ែកម្ពុជា អោយមានប្រសិទ្ធិភាព និងគង់វង្សបន្ថែមទៀត ។ សំឡេង
បើតាមលោក យស មុនីរ៉ាត់ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានថ្លែងថា ក្រសួងរ៉ែ និងថាមពល ព្រមទាំងអគ្គិសនីកម្ពុជា បានបំភ្លឺយ៉ាងក្បោះក្បាយរួចរាល់ហើយជាមួយនឹង ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ទៅលើសំណួរជាច្រើនទៅតាមលក្ខណៈបច្ចេកទេស ជំនាញ ប៉ុន្តែបើសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅតែមិនទាន់យល់អាចធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀតជាមួយមន្ត្រីជំនាញរបស់ក្រសួងបានផងដែរ។
ទាក់ទងនឹងក្រុមហ៊ុន ទ្រី ភាព ស្នើសម្អាតច្រាំងទន្លេនោះ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា លោករដ្ឋមន្រ្តី ស៊ុយ សែម បានបំភ្លឺថា ក្រសួងពុំមានសមត្ថកិច្ចក្នុងការផ្តល់ទន្លេអោយទៅក្រុមហ៊ុន ទ្រី ភាព ធ្វើការស្តារនោះទេ តែក្រសួងមានកាតព្វកិច្ចគ្រប់គ្រងរ៉ែ ដែលនៅខាងក្រោមបាតទន្លេ រួមមានដូចជា៖ ខ្សាច់, ថ្ម, គ្រួស ជាដើម ។
គួរកត់សម្គាល់ដែរថា យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា រ៉ែសំណង់ មានអាជ្ញាបណ្ណបើកអណ្តូងរ៉ែ និងការដ្ឋានវាយថ្មប្រមាណ ២៦០ អោយធ្វើអាជីវកម្មធនធានរ៉ែសំណង់លើផ្ទៃដីប្រមាណជាង៦ ០០០ ហិកតា និងមានទុនវិនិយោគសរុបប្រមាណ៣៣៥ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ បច្ចុប្បន្ននេះមានរោងចក្រ ផលិតស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរការដែលអាចមានលទ្ធភាពផ្គត់ផ្គង់ស៊ីម៉ងត៍ប្រមាណ ៧លានតោនក្នុងមួយឆ្នាំ ។ ដោយឡែក ចំពោះរ៉ែលោហៈវិញ មានអាជ្ញាបណ្ណស្វែងរុករកធនធានរ៉ែចំនួន ៥៤អាជ្ញាបណ្ណ គិតត្រឹមចុងឆ្នាំ២០១៧ ត្រូវបានផ្តល់ដល់វិនិយោគិនទាំងក្នុងស្រុកនិងក្រៅស្រុក ដើម្បីធ្វើការសិក្សាស្រាវជ្រាវរ៉ែលោហៈដែលរួមមានរ៉ែដែក មាស ទង់ដែង និងរ៉ែបុកស៊ីត។ ដោយឡែកអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែចំនួន២៧ ទៀតក៏បានផ្តល់ដល់វិនិយោគិនសម្រាប់ការធ្វើអាជីវកម្មរ៉ែដែក មាស ធ្យូងថ្ម និងខ្សាច់ស៊ីលីកា ដែលក្នុងនោះឧស្សាហកម្មអាជីវកម្មរ៉ែមាសខ្នាតមធ្យមចំនួន១ កំពុងដំណើរការអាជីវកម្មរ៉ែមាស នាឆ្នាំ២០១៨នេះ ។ ទុនវិនិយោគសរុបសម្រាប់រ៉ែលោហៈ នេះមានចំនួនប្រមាណ ៧៣៣ លាន ដុល្លារសហរដ្ឋអាមេរិក៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!