ការត្រួតពិនិត្យទឹកនោមលើកងកម្លាំងនគរបាលជាតិ គឺក្រើនរំលឹកដល់នគរបាលជាតិ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន
មន្រ្តីសង្គមស៊ីវិល និងមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ការត្រួតពិនិត្យទឹកនោមរកសារធាតុញៀនលើកងកម្លាំងនគរបាល ជាការបង្ហាញ និងការធានាថា នគរបាលជាតិ ជាអ្នកអនុវត្តច្បាប់ ដែលស្អាតស្អំ មានសីលធម៌ និងវិជ្ជាជីវៈ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក លោក ស៊ឹង សែនករុណា គាំទ្រការធ្វើតេស្តទឹកនោមរកសារធាតុញៀនលើកម្លាំងនគរបាលជាតិ ដោយលោកលើកឡើងថា នគរបាលជាតិ ជាអ្នកអនុវត្តច្បាប់ដែលត្រូវមាននូវក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ ដោយមិនត្រូវទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនណោះឡើយ ហើយលោកក៏ស្នើអោយមានការកំណត់កាលបរិច្ឆេទអោយច្បាស់លាស់ និងធ្វើជាប្រចាំ មិនមែនគ្រាន់ធ្វើតែមួយពេលនោះទេ ។
លោក សែនករុណា បានជម្រុញអោយថ្នាក់ដឹកនាំ ត្រូវតែអនុវត្តច្បាប់ និងបទបញ្ជាដែលមានស្រាប់នោះ អោយបានម៉ឺងម៉ត់ចំពោះមន្រ្តីរូបណា ដែលបានល្មើស និងប្រព្រឹត្តខុសច្បាប់ទម្លាប់ប្រទេស ដោយពេលខ្លះមិនមែនសម្រួល ឬ ដាក់ត្រឹមវិន័យរដ្ឋបាលនោះទេ បើក្នុងករណីបទឧក្រិដ្ឋនោះ ។
ការលើកឡើងបែបនេះ បន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត បានលើកឡើងតាមរយៈបណ្ដាញសង្គមហ្វេសបុករបស់លោក ថា " ខ្ញុំក៏បានក្រើនរំលឹកដល់មន្រ្តីនគរបាលទាំងអស់ ត្រូវស្អាតស្អំ មិនពាក់ព័ន្ធនឹងគ្រឿងញៀន ហើយការធ្វើតេស្តទឹកនោម នឹងធ្វើឆាប់ៗខាងមុខនេះ ចាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដល់បណ្តាប៉ុស្តិ៍ ដោយបច្ចុប្បន្ន យើងកំពុងតែរកឧបករណ៍ពិនិត្យទឹកនោមអោយគ្រប់ចំនួន " ។ ក្នុងនោះលោកបញ្ជាក់ថា អ្វីដែលលើកឡើងនេះ ក្នុងគោលបំណងជំរុញអោយមន្រ្តីនគរបាល ជាអ្នកអនុវត្តច្បាប់ ត្រូវតែជាជនគំរូដ៏ល្អសម្រាប់ពលរដ្ឋ។
ជាមួយគ្នានេះ លោក មាស វិរឹទ្ធិ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះថា ជាបទបញ្ជា និងការណែនាំរបស់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដែលជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនទូទាំងប្រទេស បានដាក់ចេញវិធានការជម្រុញដល់ ការណែនាំ តម្រង់ទិស ផ្សព្វផ្សាយ អប់រំ មន្រ្តីក្រោមឳវាទនៅអោយឆ្ងាយពីគ្រឿងញៀន ដច្នេះការត្រួតពិនិត្យទឹកនោមលើកម្លាំងនគរបាលជាតិ នាពេលនេះ ជាការត្រឹមត្រូវ ហើយលោកក៏គាំទ្រ ផងដែរ គឺធ្វើយ៉ាងណាដើម្បីធានាថាកម្លាំងនគរបាលជាតិ មិនបានប្រើប្រាស់គ្រឿងញៀន ព្រមជាការក្រើនរំលឹកដល់កងកម្លាំងខ្លួនឯង ត្រូវធ្វើខ្លួនអោយស្អាតស្អំ ជាគំរូល្អដល់ពលរដ្ឋ ។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់បន្ថែមថា កន្លងទៅអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមនឹងសមត្ថកិច្ចពាក់ព័ន្ធ ធ្លាប់បានធ្វើការត្រួតពិនិត្យទឹមនោមនេះ មិនមែនត្រឹមតែមន្រ្តីមានសមត្ថកិច្ចនោះទេ ដោយក្នុងនោះសមត្ថកិច្ច បានធ្វើការពិនិត្យអ្នកបើកបររថយន្តធន់ធំ ជាច្រើន ផងដែរ ។
វិទ្យុសំឡេងយុវជន មិនអាចសុំការបញ្ជាក់បន្ថែមពីលោកស្នងការនគរបាលរាជធានីភ្នំពេញ បាននោះទេ លើវិធានការពិនិត្យទឹកនោមនេះ ដោយលោកជាប់ប្រជុំ ។
គួររំលឹកដែរថា លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារគ្រឿងញៀន ធ្លាប់បានលើកឡើងថា កម្ពុជា ជាប្រទេសរងគ្រោះដោយការចរាចរគ្រឿងញៀនឆ្លងកាត់ពីប្រទេសមួយចំនួនតែប៉ុណ្ណោះ ដូច្នេះ ការចែកចាយ ការជួយដូរ និងការប្រើប្រាស់ ដែលភាគច្រើនស្ថិតក្នុងស្រទាប់យុវជន នោះ នៅតែមានការកើនឡើង មិនមានការថមថយចុះនោះឡើយ ។ ក្នុងនោះដែរ លោក ម៉ក់ ជីតូ ក៏បានជម្រុញអោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងមជ្ឈដ្ឋានទាំងអស់ ជាពិសេសនោះ មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការអនុវត្តយន្តការអោយបានម៉ឺងម៉ាត់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីរួមចំណែកការបង្ក្រាប ទប់ស្កាត់ និងកាត់បន្ថយបញ្ហាគ្រឿងញៀននៅកម្ពុជា អោយបានប្រសើរ ។
ជាមួយគ្នានេះ លោក មាស វិរឹទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន កន្លងទៅ ដែរថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តអនុវត្តតាមយុទ្ធជាតិទាំង ៥ វិធានការយុទ្ធសាស្រ្តទាំង ៧ គួបផ្សំជាមួយនឹងផែនការជាតិ ៥ ឆ្នាំ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអនុវត្តតាមយុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ដើម្បីធានាលើកកម្ពស់ប្រសិទ្ធិភាពការងារបង្ក្រាប ទប់ស្កាត់ និងបង្កបទល្មើសគ្រឿងញៀន អោយបានកាន់តែប្រសើរបន្ថែមទៀត ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!