ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះទៅពិនិ្យដោយផ្ទាល់ បានបញ្ជាក់ថា សមុទ្រ ត្រូវបានចាក់ដីលុប ព្រមទាំងព្រៃកោងកែង ត្រូវកាប់បំផ្លាញ ទៀតផង
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកឃ្លាំមើលបញ្ហាដីធ្លី បានបង្ហាញអារម្មណ៍សោកស្ដាយចំពោះករណីរំលោភយកដីសមុទ្រ នៅខេត្តកំពត ដោយអាជ្ញាធរខេត្តបញ្ជាក់ថា ដីសមុទ្រនោះ មានកម្មសិទ្ធិត្រឹមត្រូវ ខណៈឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះទៅពិនិត្យដោយផ្ទាល់ បានបញ្ជាក់ថា សមុទ្រ ត្រូវបានចាក់ដីលុប ព្រមទាំងព្រៃកោងកែង ត្រូវកាប់បំផ្លាញ ទៀតផង ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលដឹកនាំដោយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងក្រុមការងារ បានចុះទៅពិនិត្យដោយផ្ទាល់លើករណីបោះបង្គោលព្រំក្នុងសមុទ្រ ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយលោកបានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ក្រោយចុះពិនិត្យរួចមក លោករកឃើញថា តំបន់នោះ ជាឆកសមុទ្រ មានព្រៃកោងកែង តែស្ថានភាពបច្ចុប្បន្ន លោកបានថា ព្រៃកោងកែងត្រូវកាប់បំផ្លាញ ហើយត្រូវគេចាក់ដីលុបអស់ទំហំប្រមាណ ២០ ហិចតា ទៅហើយ ដោយមួយផ្នែកទៀត ជាតម្រុយបង្គោលព្រំ ដូច្នេះ លោកលើកឡើងថា ការចុះដោយផ្ទាល់ និងការបញ្ជាក់ពីអាជ្ញាធរ ថា ដីសមុទ្រនេះ មានប្លង់កម្មសិទ្ធិត្រឹមត្រូវនោះ ហាក់មិនទាន់ស៊ីសង្វាក់គ្នាទេ ដោយលោកនឹងធ្វើការស្រាវជ្រាវបន្តទៀតលើករណីនេះ ។
លោក វឌ្ឍនាសាប៊ុង ក៏ព្យាយាមសុំជួបជាមួយលោក ជាវ តាយ អភិបាលខេត្តកំពត ផងដែរ ប៉ុន្តែលោកមិនមានការឆ្លើយតបនោះទេ ។
ជាទិដ្ឋភាពច្បាប់ បានបង្ហាញថា សមុទ្រ ជាសម្បត្តិសាធារណៈរបស់រដ្ឋ ប៉ុន្តែរដ្ឋអាចធ្វើការផ្ទេរពីសម្បត្តិរដ្ឋ ទៅជាសម្បត្តិឯកជន បានពិតមែន ក៏ប៉ុន្តែលោក វឌ្ឍនាសាប៊ុង លើកឡើងថា តើមូលដ្ឋាននៃការស្នើសុំកម្មសិទ្ធិនោះត្រឹមត្រូវ ដែរឬទេ ហើយថាតើការផ្ដល់អោយនោះ ស្ថិតក្នុងការផ្ដល់អោយសម្បទានអភិវឌ្ឍន៍ ឬយ៉ាងណាដែរ ហេតុអ្វីត្រូវមានប្លង់កម្មសិទ្ធិ នោះ ។
ជាមួយគ្នានេះ លោក គង់ មុនីកា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏បានស្នើសុំអោយរដ្ឋាភិបាល និងអាជ្ញាធរ ត្រូវមានការត្រួតពិនិត្យ និងសិក្សាស្រាវជ្រាវអោយបានច្បាស់លើករណីនេះ ព្រមទាំងត្រូវយកដីសមុទ្រនោះ មកអោយរដ្ឋគ្រប់គ្រងវិញ ខណៈករណីនេះ មានភាពមិនប្រក្រតី រហូតឈានដល់ការចេញប្លង់កម្មសិទ្ធិថែមទៀតផង ដែលហាក់រំលោភនឹងរដ្ឋធម្មនុញ្ញ ដែលចែងថា សមុទ្រ ជាសម្បត្តិរបស់រដ្ឋ ។
ស្រដៀងគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ អ្នកឃ្លាំមើលបញ្ហាដីធ្លី បានបង្ហាញអារម្មណ៍សោកស្ដាយ ផងដែរ ចំពោះករណីរំលោភយកសមុទ្រ ដែលបានកំណត់យ៉ាងច្បាស់ថា ជាសម្បត្តិសាធារណៈរបស់រដ្ឋ ដោយលោក ក៏ស្នើអោយរដ្ឋាភិបាល ត្រូវថែរក្សា និងការពារអោយបាននូវសម្បត្តិរបស់រដ្ឋទាំងនេះ ដើម្បីទុកជាផលប្រយោជន៍រួម មិនមែនជាប្រយោជន៍បុគ្គលនោះឡើយ ។
ជាទិដ្ឋភាពផ្លូវច្បាប់ លោកមេធាវី សុក សំអឿន បានបង្ហាញថា ច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា សមុទ្រ ទន្លេ ភ្នំ ជាដើម ស្ថិតជាសម្បត្តិសាធារណៈរបស់រដ្ឋ ក៏ប៉ុន្តែក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក៏ដូចច្បាប់ភូមិបាល ក៏បានចែងដែរថា រដ្ឋអាចក្លាយសម្បត្តិសាធារណៈរបស់រដ្ឋ អោយទៅជា សម្បត្តិឯកជន បានផងដែរ តាមអនុក្រឹត្យអនុបយោគ របស់រដ្ឋាភិបាល ។
ចំពោះការចេញប្លង់កម្មសិទ្ធិលើសម្បត្តិរដ្ឋនោះ លោកមេធាវី សុក សំអឿន មិនអាចបញ្ជាក់បានយ៉ាងណានោះទេ ដោយត្រូវពិនិត្យលើឯកសារ ជាក់ស្ដែង ។
គួរកត់សម្គាល់ដែរថា នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៩ នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបង្ហោះលើបណ្ដាញហ្វេសបុករបស់លោកថា ” ជាករណីមួយផ្សេងទៀតនៅ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលមានការបោះបង្គោលចូលសមុទ្រ និងចាក់ដីទៀតផង ។ ជាមួយករណីនេះ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា ចំពោះករណីបោះបង្គោលចូលសមុទ្រ នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នេះ ជាដីមានកម្មសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ។
សូមបញ្ជាក់ថា តាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី ៥ អំពីសេដ្ឋកិច្ច ត្រង់មាត្រា ៥៨ បានចែងថា ទ្រព្យសម្បត្តិរបស់រដ្ឋ មានជាអាទិ៍ ដីធ្លី ក្រោមដី ភ្នំ សមុទ្រ បាតសមុទ្រ ក្រោមបាតមុទ្រ ឆ្នេរសមុទ្រ អាកាស កោះ ទន្លេ ព្រែក បឹង ធនធានធម្មជាតិ ជាដើម ។ ដោយរដ្ឋធម្មនុញ្ញ បានបញ្ជាដែរថា ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!