សង្គមស៊ីវិល និងអ្នកវិភាគ ៖ អំពើរំលោភសេពសន្ថវៈ រហូតឈានដល់ការសម្លាប់ជនរងគ្រោះ បានបង្ហាញអោយឃើញនូវការធ្លាក់ចុះសីលធម៌សង្គម ព្រមទាំងកម្សោយក្នុងការអនុវត្តច្បាប់ប្រទេស
សង្គមស៊ីវិល និងអ្នកវិភាគ លើកឡើងថា អំពើរំលោភសេពសន្ថវៈ រហូតឈានដល់ការសម្លាប់ជនរងគ្រោះ នាពេលបច្ចុប្បន្ន បានបង្ហាញអោយឃើញនូវការធ្លាក់ចុះសីលធម៌សង្គម កង្វះការអប់រំ ព្រមទាំងកម្សោយក្នុងការអនុវត្តច្បាប់ប្រទេស ដែលបានជម្រុញអោយមានការប្រព្រឹត្តអំពើដ៏តិរិច្ឆាន និងព្រៃផ្សៃ បែបនេះ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក ស៊ឹង សែនករុណា មើលឃើញថា ករណីរំលោភសេពសន្ថវៈ រហូតឈានដល់ការរំលោភសម្លាប់ នាពេលបច្ចុប្បន្ននេះ បានបង្ហាញអោយឃើញនូវការធ្លាក់សីលធម៌សង្គម កង្វះការអប់រំ ការយល់ដឹងអំពើច្បាប់ ព្រមទាំងបុគ្គលទាំងនោះ មានជាប់ប្រើសារធាតុញៀន និងគ្រឿងស្រវឹង ផងដែរ ដែលនាំអោយមានអំពើ ឪពុករំលោភកូន ជីតារំលោភចៅ បងបង្កើតរំលោភប្អូនខ្លួនឯង ជាពិសេសការរំលោភទៅលើកុមារដែលមិនទាន់ដោយដឹងក្ដី ទៀតផង ដែលហាក់ឃោឃៅ ព្រៃផ្សៃ ។
លើកឡើងស្រដៀងគ្នានេះ លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូ លើកឡើងថា កត្តាដែលនាំអោយកើតមានអំពើរំលោភដ៏តិរិច្ឆាន នេះ គឺបណ្ដាលមកពី កង្វះការអប់រំផ្សព្វផ្សាយ សីលធម៌មានការធ្លាក់ចុះ ភាពកម្សោយក្នុងការអនុវត្តច្បាប់ ព្រមទាំងការធ្វេសប្រវេសរបស់អាណាព្យាបាលចំពោះកូនតូចៗអោយនៅតែឯង ជាដើម ។
មន្រ្តីសិទ្ធិមនុស្សរូបនេះ បានជម្រុញអោយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែអនុវត្តយន្តការច្បាប់តែមានស្រាប់ ជាពិសេស ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលអោយបានប្រសិទ្ធិភាព និងម៉ឺងម៉ាតបន្ថែមទៀត ។
ជាមួយនឹងការប្រតិកម្មរបស់មហាជនទូទៅចំពោះអំពើរំលោភបំពានដ៏តិរិច្ឆាននេះ បានស្នើអោយរដ្ឋាភិបាល ត្រូវធ្វើទោសប្រហារជីវិតចំពោះបុគ្គលដែលប្រព្រឹត្តអំពើរំលោភសម្លាប់ នោះ លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បានលើកឡើងថា កម្ពុជាមិនទាន់មានភាពចាំបាច់ ក្នុងការបង្កើតច្បាប់ប្រហារជីវិតនោះទេ ដោយគ្រាន់ច្បាប់ជាប់ពន្ធនាគារមួយជីវិត អាចគ្រប់គ្រាន់ ហើយអាចថែមនូវទណ្ឌកម្មក្នុងលក្ខណៈណាមួយបន្ថែមទៀត សម្រាប់ករណីរំលោភសម្លាប់ គឺបានហើយ ។
គួរកត់សម្គាល់ដែរថា នារយៈពេលបច្ចុប្បន្ននេះ ករណីនៃការរំលោភបំពាន បានកើតមានឡើងជាញឹកញាប់នៅតាមបណ្ដាគ្រប់មជ្ឈដ្ឋាន ដោយករណីរំលោភសេពសន្ថវៈ នេះ បានកើតឡើងគ្រប់រូបភាព ទាំងឪពុកបង្កើតរំលោភកូន ជីតារំលោភចៅ កូនរំលោភម្ដាយ ជាពិសេសការរំលោភទៅលើកុមារដែលមិនទាន់ពេញវ័យ ហើយឈានដល់ការសម្លាប់ជនរងគ្រោះចោល ទៀតផង ។ ជាក់ស្ដែង ថ្មីៗនេះ មានឃាតកម្មដ៏ព្រៃផ្សៃមួយ បានបង្កឡើងដោយជនល្មើសល្មោបកាមម្នាក់ បានចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់មកធ្វើសកម្មភាពសម្លាប់ទាំងកុមារី និងកុមារជាប្អូនអាយុ ២ឆ្នាំកន្លះ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រីជាបងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិតនៅលើរថយន្ត ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ ។ ដោយឈាមស្រែកស្បែកហៅ នៅថ្ងៃទី ២ ខែ មិថុនា នេះ កម្លាំងនគរបាលបានចាប់ ជនដៃដល់ និងប្រពន្ធ (២នាក់ប្តីប្រពន្ធ) បាននៅខេត្តព្រៃវែង រួមមកបានចាប់ជញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃហើយ ក្រោយពីបញ្ជូនមកដល់ក្រសួងមហាផ្ទៃ កម្លាំងនគរបាលនឹងបន្តបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់លើជនសង្ស័យទាំងពីរនាក់នេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!