មន្រ្តីជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ អះអាងថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាល យោងតាមព្រះរាជក្រឹត្យ ស្ដីពី ការរៀបចំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ប៉ុណ្ណោះ ហើយរាល់ការលើកឡើងផ្សេងពីនេះ ហាក់ជាការទទួលព័ត៌មានលើស ឬ ខុស
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មិនភ្ញាក់ផ្អើលចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ដោយអ្នកទាំងនោះ បញ្ជាក់ថា ការលើកឡើងនេះ យោងតាមព្រះរាជក្រឹត្យ ស្ដីពី រៀបចំ និងប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលកំណត់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែរ ។
តាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ នាព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩ នេះ លោកបានថ្លែងថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពនានាមកពីគណបក្សនយោបាយក្រៅរដ្ឋសភា ដែលចូលរួមការបោះឆ្នោត នឹងមានត្រឹមតែអាណត្តិនេះតែប៉ុណ្ណោះ ។
ជាមួយនឹងការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង មិនមានអ្វីភ្ញាក់ផ្អើលនោះទេ ដោយលោក វឌ្ឍនាសាប៊ុង លើកឡើងថា ការលើកឡើងនេះ ស្របតាមព្រះរាជក្រឹត្យ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រង់មាត្រា ៣ ដែលកំណត់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ដែរ ។ សំឡេង ៖
លោក វឌ្ឍនាសាប៊ុង បានបន្តដែរថា បន្ទាប់ពីស្ថាប័នថ្មីមួយនេះ ចប់អាណត្តិ នោះ ជាសត្យានុម័ត ឥរិយាបទរបស់មន្រ្តីនៅតាមមូលដ្ឋាន ពិបាកនឹងសន្និម៉ត់ដែរ ដោយបច្ចុប្បន្ននេះ ឧត្តមក្រុមប្រឹក្សា គឺជាកញ្ចក់ឆ្លុះមួយចំពោះភាពអសកម្មរបស់មន្រ្តីទាំងនេះ ប៉ុន្តែលោកសង្ឃឹមទៅលើតំណាងរាស្ត្រ ។ សំឡេង ៖
សម្រាប់លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏លើកឡើងស្រដៀងគ្នានេះដែរ ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី មិនមានអ្វីខុសនោះទេ ដោយព្រះរាជក្រឹត្យ ស្ដីពី រៀបចំស្ថាប័ននេះ បានចែងច្បាស់ហើយ គឺមានតែមួយអាណត្តិទេ សម្រាប់អាណត្តិក្រោយនាពេលខាងមុខនេះ មិនទាន់និយាយនោះឡើយ សំខាន់អាណត្តិត្រូវរួមគ្នា ទាំងរដ្ឋាភិបាល និងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ខិតខំបម្រើពលរដ្ឋ និងប្រទេសជាតិ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ សំឡេង ៖
ទាក់ទងនឹងការលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដើរហួសតួនាទីរបស់ខ្លួននោះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា សម្រាប់លោកមិនទាន់បានធ្វើអ្វីហួសពីព្រះរាជក្រឹត្យបានចែង ទេ ប៉ុន្តែអ្វីដែលធ្វើទៅប៉ះពាល់បុគ្គល ឬ មន្ត្រីមួយចំនួន ឬក៏ធ្វើអោយរដ្ឋាភិបាលពិបាកដោះស្រាយលើបញ្ហាអ្វីមួយនោះ ជាការលើកឡើងរបស់អ្នកទាំងនោះប៉ុណ្ណោះ ។ សំឡេង ៖
ដោយឡែកលោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអះអាងថា ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលគឺយោងតាមព្រះរាជក្រឹត្យ តែប៉ុណ្ណោះ ហើយមានការលើកឡើងផ្សេងពីនេះ គឺមិនពិតនោះទេ ដោយអ្នកដែលទទួលព័ត៌មាននោះ អាចទទួលបានព័ត៌មានលើស ឬក៏ខុស ពីការពិតជាក់ស្ដែង ដោយលោក ឈឹម ផលវរុណ បញ្ជាក់ថា លោនាយករដ្ឋមន្រ្តី ពេញចិត្ត និងផ្ដល់តម្លៃអោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ហើយស្ថាប័នមួយនេះ ក៏មានដំណើរការត្រឹមត្រូវក្នុងការបំពេញការងាររបស់ខ្លួន ។ សំឡេង ៖
ទាក់ទងនឹងការលើកឡើងថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជ្រៀតជ្រែកការងារយោធា នោះ លោក ឈឹម ផលវរុណ បានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រាន់តែលើកឡើងថា កិច្ចការយោធា លោកមិនយល់ព្រមអោយរដ្ឋមន្រ្តីក្រសួងការពារជាតិ ចូលប្រជុំក្នុងក្រមខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តាមការស្នើសុំនោះទេ ដោយកិច្ចការយោធា ជាបញ្ហាសន្តិសុខជាតិ មិនអាចនិយាយជាសាធារណៈ បានទេ ។ សំឡេង ៖
នៅថ្ងៃនេះ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បាននោះទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
គួររំលឹកដែរថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦ ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។ សមាជិកឧត្តមក្រុមប្រឹក្សាមកពីគណបក្សនយោបាយនីមួយៗ ត្រូវបានប្រគល់ឋានៈស្មើទេសរដ្ឋមន្ត្រីសម្រាប់ប្រធានប្រតិភូ និងស្មើរដ្ឋមន្ត្រីសម្រាប់អនុប្រធានប្រតិភូ។ ប្រធានប្រតិភូនៃគណបក្សនយោបាយនីមួយៗត្រូវបានប្រគល់តួនាទីជាទីប្រឹក្សារាជរដ្ឋាភិបាលថែមទៀតផង។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល ។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានអាណត្តិដូចអាណត្តិរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែ នៃការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ ក្រុមការងារស្ថាប័ននេះ បានដាក់លិខិតជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីស្នើសុំអញ្ជើញរដ្ឋមន្ត្រីជាច្រើនរូប ដើម្បីសួរនាំព័ត៌មានជុំវិញកិច្ចការងារដែលស្ថិតក្រោមដែនសម្ថកិច្ចរបស់ក្រសួងនីមួយៗ ។ ក្នុងនោះរួមមាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍនា, លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ , រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!