អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់វិធានការដោយពង្រាយកម្លាំងសមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ ៤ ដើម្បីធ្វើការត្រួតពិនិត្យ និងរឹតបន្ដឹងការអនុវត្តច្បាប់បន្ថែមទៀត ខណៈគ្រោះថា្នក់ចរាចរណ៍នៅលើដងផ្លូវមួយនេះ កើតឡើងជាញឹកញាប់
អ្នកជំនាញផ្នែកចរាចរណ៍ និងអ្នកវិភាគ ព្រួយបារម្ភចំពោះការធ្វើចរាចរណ៍នៅតាមផ្លូវជាតិលេខ ៤ ខណៈរយៈពេលចុងក្រោយនេះ អ្នកបើកបរតាមដងផ្លូវមួយនេះ ហាក់មិនបានគោរពច្បាប់ចរាចរណ៍ បានខ្ជាប់ខ្ជួននៅឡើយនោះទេ ដែលបង្កអោយមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ជាញឹកញាប់ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក គង់ រតនៈ អ្នកជំនាញផ្នែកចរាចរណ៍ មើលឃើញថា ការបើកបរនៅតាមផ្លូវជាតិលេខ ៤ អ្នកដែលបញ្ជាយានជំនះភាគច្រើន មិនបានគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវនៅឡើយនោះទេ ស្របពេលដែលការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍របស់សមត្ថកិច្ច ក៏ហាក់នៅមានកម្រិត ផងដែរ ដោយលោកស្នើអោយអាជ្ញាធរ មានសមត្ថកិច្ច ត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត ពិសេសត្រួតពិនិត្យទៅលើការប្រើគន្លងផ្លូវ កំណត់ល្បឿនបើកបរ និងត្រួតពិនិត្យលើអ្នកបើកបរណា ដែលមានធាតុគ្រឿងស្រវឹងក្នុងពេលបើកបរ ជាដើម ។
ជាមួយគ្នានេះ លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម បានលើកឡើងថា សព្វថ្ងៃនៅក្នុងប្រទេសកម្ពុជា ករណីគ្រោះថ្នាក់ចរាចរណ៍ ហាក់មិនមានការថមថយចុះនោះទេ ដោយលោកបញ្ជាក់ថា កត្តាដែលនាំអោយគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើងនោះ គឺអ្នកបើកបរមួយចំនួន មិនបានទទួលការបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ ការប្រលងយកប័ណ្ណបើកបរ ហាក់នៅមានកម្រិត គំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវមួយចំនួន ត្រូវបានរលុប ឬ ដួលបាក់ ព្រមទាំងការអនុវត្តនៅមានកម្រិត ដែលធ្វើអោយអ្នកបើកបរមួយចំនួននៅគោរពច្បាប់ ផងដែរ ។
បើយោងតាម លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ជាវិធានការនៅទូទាំងប្រទេសសម្រាប់ការរឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់វិធានការអប់រំផ្សព្វផ្សាយ វិធានការអនុវត្តច្បាប់ ការដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងវិធានការបច្ចេកទេសជាច្រើនទៀត ។ ប៉ុន្តែដោយផ្លូវជាតិលេខ ៤ រយៈពេលចុងក្រោយនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើននោះ លោក ឆាយ គឹមខឿន បានបញ្ជាក់ថា អគ្គស្នងការដ្ឋាន បានដាក់វិធានការដោយពង្រាយកម្លាំងសមត្ថកិច្ចនៅតាមដងផ្លូវជាតិលេខ ៤ ដើម្បីធ្វើការត្រួតពិនិត្យ និងរឹតបន្ដឹងការអនុវត្តច្បាប់បន្ថែមទៀត ។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ច ក៏បាននឹងបន្តចុះអប់រំផ្សព្វផ្សាយដល់ក្រុមហ៊ុនដឹកជញ្ជូនធន់ធំ រហូតមានការត្រួតពិនិត្យទឹកនោមអ្នកបើកបរ ដើម្បីរកសារធាតុញៀន ទៀតផង ក៏ប៉ុន្តែនៅមានបុគ្គលមួយចំនួននៅតែមិនគោរពច្បាប់ ។
ដោយឡែកលោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន វិទ្យុសំឡេងយុវជន មិនអាចសុំការបកស្រាយពីលោកបាននោះទេ ដោយលោកកំពុងជាប់ប្រជុំ ។
គួរកត់សម្គាល់ដែរថា គ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ កំពុងក្លាយជាឃាតករលាក់មុខដែលឆកយកអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ជាច្រើន ក្នុងនោះដែរ ក្នុងរយៈពេលចុងក្រោយនេះ នៅតាមផ្លូវជាតិលេខ ៤ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់ ជាពិសេសនោះ គឺការបើកបររបស់បុគ្គលមួយចំនួននៅតាមដងផ្លូវជាតិលេខ ៤ នេះ ហាក់ដូចជា មិនមានគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវនោះទេ ដោយមានទាំងការវ៉ាជែងខាងស្ដាំដៃ រថយន្តធន់ធំបើកមិនគោរពគន្លងផ្លូវ ដោយរថយន្តទាំងនោះ បើកមកទទឹមគ្នា ហាក់ដូចជា ការប្រណាំងឡាន ទៅហើយ ដែលធ្វើអោយមហាជនទូទៅ មិនមានព្រួយបារម្ភ និងភ័យខ្លាចចំពោះការធ្វើដំណើរតាមដងផ្លូវជាតិលេខ ៤ នេះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!