អតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង អញ្ជើញចូលរួមប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ ដែលមានសមាសភាពចំនួន ២៧ រូប ក្នុងនោះមាន លោក ប៉ា សុជាតិវង្ស ជាប្រធានក្រុមប្រឹក្សា ។
គួរកត់សម្គាល់ថា ការប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ នាថ្ងៃទី ១២ ខែ មិថុនា នេះ បន្ទាប់ពី ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ទទួលស្គាល់សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ដែលមានលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ ជាប្រធាន ក្រុមប្រឹក្សា អមទាំងសមាជិក ២៦ រូបទៀត ។
បើយោងតាម លទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត គឺគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិ ទទួលបាន៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន៣អាសនៈ ក្នុងចំណោមអាសនៈសរុប៥៥៩អាសនៈ។
សម្រាប់ លទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៣នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានបន្តនាំមុខគេ ដោយទទួលបានអាសនៈសរុប ៣៤៨៤អាសនៈ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៣៣អាសនៈ និង ខ្មែររួបរួមជាតិទទួលបាន៣៨អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!