អ្នកវិភាគ ជម្រុញអោយសមត្ថកិច្ចស្រាវជ្រាវរកមុខមេខ្លោងគ្រឿងញៀនអោយឃើញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ខណៈការបង្ក្រាបកន្លងទៅ មេខ្លោងនៅពីក្រោយខ្នង ហាក់មិនបានបង្ហាញអោយឃើញការដាក់ទោសទណ្ឌណាមួយច្បាស់លាស់នៅឡើយនោះទេ
អ្នកវិភាគ គាំទ្រវិធានការបង្រ្កាបគ្រឿងញៀនតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ នានាទូទាំងប្រទេស ដោយអ្នកទាំងនោះជម្រុញអោយស្រាវជ្រាវរកមុខមេខ្លោងអោយឃើញ ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ខណៈការបង្ក្រាបកន្លងទៅ មេខ្លោងនៅពីក្រោយខ្នង ហាក់មិនបានបង្ហាញអោយឃើញការដាក់ទោសទណ្ឌណាមួយច្បាស់លាស់នោះឡើយនោះទេ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម យល់ឃើញថា បទបញ្ជារបស់រដ្ឋមន្រ្តីក្រសួងមហផ្ទៃ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ជារឿងដែលល្អ ប៉ុន្តែលោកជម្រុញអោយអនុវត្តន៍ច្បាប់អោយតឹងរឹង ព្រមទាំងត្រូវមានការស្រាវជ្រាវវែកមុខបុគ្គលដែលនៅពីក្រោយខ្នងអោយឃើញ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
ស្រដៀងគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីសិទ្ធិមនុស្សនៃអង្គការអាដហុក បានលើកឡើងថា នេះជាការទទួលខុសត្រូវមួយរបស់កងកម្លាំងសមត្ថកិច្ចក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ដោយលោកនឹងរងចាំតាមដានមើល ថាតើកម្លាំងសមត្ថកិច្ចអនុវត្តន៍វិធានការនេះ បានប្រសិទ្ធភាពកម្រិតណា ហើយសមត្ថកិច្ចអាចមានលទ្ធភាព និងវិធានការយ៉ាងណាដែរលើអ្នកពាក់ព័ន្ធ និងនៅពីក្រោយខ្នងនៃបទល្មើសគ្រឿងញៀនទាំងអស់នេះ ។
ដោយឡែកលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ដោយកន្លងមកក្រសួងតែងតែផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាជាមួយនឹងបណ្ដាក្លឹមកម្សាន្ត ខារ៉ាអូខេ នានា ក្នុងគោលបំណងហាមដាច់ខាតការប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងបទល្មើសខុសច្បាប់មួយចំនួនទៀត ប៉ុន្តែដោយម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួនមិនអនុវត្តតាមនោះទេ ដូច្នេះហើយទើបក្រសួងមានសមត្ថកិច្ចអនុវត្តច្បាប់ទៅលើអ្នកដែលប្រព្រឹត្តខុសច្បាប់នេះ ដែលមិនមានការលើកលែងណាមួយនោះឡើយ ។
តាមរយៈវិទ្យុសំឡេងយុវជន មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស ដែលបានកំពុងឈរជើងយាមតាមបណ្ដាក្លឹបកម្សាន្ត ឬ ខារ៉ាអូខេនានា ត្រូវដកកម្លាំងចេញជាបន្ទាន់ តាមបទបញ្ជារបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ខណៈអាជីវកម្មក្លឹបកម្សាន្ត ឬកន្លែងកម្សាន្តមួយចំនួន កំពុងប្រព្រឹត្តបទល្មើសផ្សេងៗ ដែលហាក់បង្ហាញថា សមត្ថកិច្ចកំពុងទៅការពារបទល្មើសនេះទៅវិញនោះ ។
បើតាមលោក មាស វិរឹទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងដែរថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បាននឹងកំពុងអនុវត្តន៍ផែនការនៃយុទ្ធនាការប្រឆាំងគ្រឿងញៀនទូទាំងប្រទេស ស្របជាមួយនឹងការអនុវត្តយុទ្ធសាស្រ្ត ជាតិស្ដីពីការប្រយុទ្ធគ្រឿងញៀន ផែនការជាតិស្ដីពីការត្រួយពិនិត្យគ្រឿងញៀនរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងគោលនយោបាយនិងបទបញ្ជារបស់រាជរដ្ឋាភិបាល ។ ជាមួយនឹងបទបញ្ជារបស់លោក ស ខេង នេះដែរ លោក មាស វិរឹទ្ធ បានបញ្ជាក់ថា នឹងកោះប្រជុំជាមួយនឹងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ទាំង ២៥ រាជធានី ខេត្ត ស្នងការដ្ឋាននគរបាលជាតិ និងកងរាជអាវុធហត្ថរាជធានី ខេត្ត ទូទាំងប្រទេស នាសប្ដាហ៍ក្រោយនេះ ដើម្បីរៀបចំខ្លឹមសារចាត់តាំងអនុវត្តអោយមានប្រសិទ្ធភាពនូវបទបញ្ជារបស់ប្រមុខក្រសួងមហាផ្ទៃ លើកិច្ចការបង្ក្រាបបទល្មើសគ្រឿងញៀនតាមក្លឹបកម្សាន្ត ។
គួរកត់សម្គាល់ដែរថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់បទបញ្ជាអោយកងកម្លាំងសមត្ថកិច្ចទាំងអស់ ចុះបង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកម្សាន្ត អោយបាននៅក្នុងឆ្នាំ២០១៩នេះ ហើយលោក ស ខេង ក៏បានហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមកាម នៅតាមទីតាំងខារ៉ាអូខេ ឬ ក្លឹបកម្សាន្ត និងនៅតាមកាស៊ីណូ ផងដែរ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកម្សាន្តធំៗ ដោយបានឃាត់មនុស្សរាប់រយនាក់ និងគ្រឿងញៀនមួយចំនួនធំ ដូចជាក្លឹបកម្សាន្តរ៉ុក នៅខណ្ឌចំការមន និងក្លឹបកំសាន្ត លុច្សសារី នៅខណ្ឌដូនពេញ ជាដើម ៕អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!