ពលរដ្ឋសហគមន៍តាតុក សង្កាត់ជើងឯក ស្នើសុំអាជ្ញាធរក្រុងភ្នំពេញ ឃ្វៀលដីសហគមន៍ ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ ផ្ដល់ប័ណ្ណកម្មសិទ្ធិ ហើយអភិវឌ្ឍន៍នៅនឹងកន្លែងតាមផែនការរបស់ពលរដ្ឋ
ពលរដ្ឋសហគមន៍តាតុក សង្កាត់ជើងឯក ខណ្ឌដង្កោ ស្នើសុំអាជ្ញាធរក្រុងភ្នំពេញ ឃ្វៀលដីសហគមន៍ ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ ផ្ដល់ប័ណ្ណកម្មសិទ្ធិ ហើយអភិវឌ្ឍន៍នៅនឹងកន្លែងតាមផែនការរបស់ពលរដ្ឋ ខណៈមន្រ្តីសាលាក្រុងភ្នំពេញ ស្នើអោយពលរដ្ឋរៀបចំឯកសារអោយបានត្រឹមត្រូវ រួចដាក់អោយសាលារាជធានីភ្នំពេញ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកស្រី អ៊ឹម សារឿន ប្រជាពលរដ្ឋសហគមន៍តាតុក បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ដីប្រមាណ ២ ហិចតា ដែលស្ថិតនៅភូមិព្រែកថ្លឹក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់សហគមន៍ តែក្រោយមកក៏មានមន្រ្តីយោធាម្នាក់ សុំទីតាំងដីនោះ តាមរយៈអាជ្ញាធរ ធ្វើជាកន្លែងចិញ្ចឹមគោបណ្ដោះអាសន្ន ប៉ុន្មានឆ្នាំក្រោយមន្រ្តីយោធានោះ ក៏បានលក់ដីនោះ បន្តទៅបុគ្គលម្នាក់ទៀត ឈ្មោះ ប្រាក់ សាមុត ។ ដោយពលរដ្ឋសហគមន៍ មិនយល់ព្រមក្នុងការរំលោភយកដី បានតវ៉ា រហូតបានបុគ្គលឈ្មោះ ប្រាក់ សាមុត អោយពលរដ្ឋទាំងនោះ ទៅរស់នៅលើទីតាំងដីថ្មី ជាប់មាត់ប្រឡាយវិញ ។
ដោយការរស់នៅលើដីប្រឡាយនេះ មិនសូវមានភាពកក់ក្ដៅនោះ អ្នកស្រី អ៊ឹម សារឿន ក៏ធ្វើលិខិតស្នើសុំអាជ្ញាធរឃ្វៀលដីនោះ ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ ផ្ដល់ប័ណ្ណកម្មសិទ្ធិ ហើយធ្វើការអភិវឌ្ឍនៅនឹងកន្លែង ដោយពលរដ្ឋផ្ទាល់វិញ ។ រហូតនៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៩ នេះ ប្រជាសហគមន៍ប្រមាណ ១១៥ នាក់ ក៏បានទៅតវ៉ា នៅសាលារាជធានីភ្នំពេញ តែជាការឆ្លើយតប មន្រ្តីសាលារាជធានីភ្នំពេញ បានស្នើអោយពលរដ្ឋត្រលប់ទៅវិញ ដើម្បីរៀបចំឯកសារអោយបានត្រឹមត្រូវដាក់ជូនអាជ្ញាធរ ម្ដងទៀត ។
ជាមួយករណីនេះដែរ លោក សារិន វណ្ណៈ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានប្រាប់វិទ្យុ វីអូវ៉ាយ ថា ករណីពលរដ្ឋសហគមន៍តាតុក ស្នើសុំឃ្វៀលដី ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ នេះ លោកបានទទួលជ្រាបរួចហើយ ហើយលោកក៏បានបញ្ជូនឯកសារនេះ ទៅអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង ដើម្បីលោកអភិបាលសម្រេចបន្ត ។
ដោយឡែក លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ វិទ្យុសំឡេងយុវជន មិនការឆ្លើយតបពីលោកបាននោះទេ ដោយលោកកំពុងជាប់រវល់ ។
គួររំលឹកដែរថា ប្រជាពលរដ្ឋសហគមន៍តាតុក ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្លាប់បានដាក់លិខិតជូនលោកអភិបាលរាជធានីភ្នំពេញ ក្នុងសំណើសុំ ឃ្វៀលដីសហគមន៍តាតុក ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ អភិវឌ្ឍន៍ប្រឡាយ ០៣ តាមផែនការអភិវឌ្ឍជម្រើសប្រជាពលរដ្ឋ និងស្នើសុំប័ណ្ណកម្មសិទ្ធិដល់សហគមន៍ ។ ក្នុងនោះ តាមយោងលិខិតមួយ ចុះថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ ២០១៩ របស់រដ្ឋបាលរាជធានីភ្នំពេញ ជម្រាបជូនប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ បានបញ្ជាក់ថា តបតាមកម្មវត្ថុ និងយោងខាងលើ សូមជម្រាបលោកប្រធាន ជ្រាបថា ចំពោះសំណើសុំឃ្វៀលដីសហគមន៍តាតុក ចេញពីគម្រោងអភិវឌ្ឍន៍ប្រឡាយ ០៣ និងផ្ដល់កម្មសិទ្ធិដីធ្លីដល់សហគមន៍ដែលមានទីតាំងស្ថិតនៅភូមិព្រែកថ្លឹក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ នោះរដ្ឋបាលរាជធានីភ្នំពេញ ឯកភាពតាមមតិរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដោយត្រូវគួរបានរក្សាប្រឡាយ ០៣ ទុកក្នុងការរំដោះទឹក និងដើម្បីផលប្រយោជន៍សាធារណៈ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!