មន្រ្តីសង្គមស៊ីវិល ៖ ការប្ដេជ្ញាចិត្តមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានការអនុវត្តជាក់ស្ដែង និងវែកមុខអ្នកនៅពីក្រោយខ្នងបទល្មើសគ្រឿងញៀន យកមកផ្ទន្ទាទោស ផងដែរ
មន្រ្តីសង្គមស៊ីវិល ជម្រុញអោយមន្រ្តីមានសមត្ថកិច្ច ត្រូវមានការអនុវត្តជាក់ស្ដែង និងវែករកមុខមេខ្លោងអោយឃើញ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ខណៈមន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញការប្ដេជ្ញាចិត្ត នឹងខិតខំលុបបំបាត់ករណីគ្រឿងញៀន មិនអោយកន្លែងសប្បាយនានា ក្លាយជាទីផ្សារគ្រឿងញៀន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២០ ខែ មិថុនា ម្សិលមិញនេះ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំធ្វើយ៉ាងណា លុបបំបាត់ករណីគ្រឿងញៀន ជាពិសេសមិនអោយ អ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ដ ឬកន្លែងសប្បាយនានា ក្លាយទៅជាទីផ្សារសម្រាប់ក្រុមអ្នកជួញដូរនិងប្រើប្រាស់ គ្រឿងញៀនឡើយ ។
ការប្ដេជ្ញាចិត្តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅក្រសួងមហាផ្ទៃ ដើម្បីរៀបចំផែនការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមក្លឹបកម្សាន្ត និង ខារ៉ាអូខេ នានាទូទាំងប្រទេស តាមបទបញ្ជារបស់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានលើកឡើងថា ការប្ដេជ្ញាចិត្តមិនទាន់គ្រប់គ្រាន់នោះឡើយ ត្រូវមានការអនុវត្តចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀននេះអោយមានប្រសិទ្ធភាព វែករកមុខមេខ្លោងនៅពីក្រោយបទល្មើសនេះ ព្រមទាំងអ្នកឃុតឃិតក្នុងការសម្រួលអោយមានបទល្មើសគ្រឿងញៀន ខណៈបច្ចុប្បន្ននេះ គ្រឿងញៀន កំពុងតែរីករាលដាល មិនមានការថមថយនោះ ។
ស្រដៀងគ្នានេះ លោក ស៊ឹង សែនករុណា មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក បានលើកឡើងដែរថា លោកនឹងតាមដានមើលបន្តទៀត ថាតើការអនុវត្តតួនាទីភារកិច្ចរបស់សមត្ថកិច្ច ក្នុងការបង្រ្កាប ទប់ស្កាត់បទល្មើសគ្រឿងញៀន ដែលកំពុងជាបញ្ហាប្រឈមមួយកម្ពុជានោះ ដូចនឹងការប្ដេជ្ញាចិត្តដែរឫយ៉ាងណា ?? តើអាចទទួលបាននូវប្រសិទ្ធភាពកម្រិតណាដែរ ។
ជាមួយគ្នានេះ កន្លងទៅលោក មាស នី អ្នកតាមដានបញ្ហាសង្គម បានលើកឡើងថា ផែនការចុះ បង្ក្រាបបទល្មើសគ្រឿងញៀនតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ជារឿងដែលល្អ ប៉ុន្តែលោកជម្រុញអោយអនុវត្តន៍ច្បាប់អោយតឹងរឹង ព្រមទាំងត្រូវមានការស្រាវជ្រាវវែកមុខបុគ្គលដែលនៅពីក្រោយខ្នងអោយឃើញ ដើម្បីយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ។
គូរកត់សម្គាល់ដែរថា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ធ្លាប់បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ដែរថា ក្រសួងតែងតែផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាជាមួយនឹងបណ្ដាក្លឹមកម្សាន្ត ខារ៉ាអូខេ នានា ក្នុងគោលបំណងហាមដាច់ខាតការប្រើប្រាស់ ជួញដូរ និងចែកចាយគ្រឿងញៀន ព្រមទាំងបទល្មើសខុសច្បាប់មួយចំនួនទៀត ប៉ុន្តែដោយម្ចាស់ក្លឹបកម្សាន្ត និងខារ៉ាអូខេមួយចំនួនមិនអនុវត្តតាមនោះទេ ដូច្នេះហើយទើបរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង បានដាក់បទបញ្ជាអោយកងកម្លាំងសមត្ថកិច្ចទាំងអស់ ចុះបង្ក្រាបបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមខារ៉ាអូខេ និងក្លឹបកម្សាន្ត អោយបាននៅក្នុងឆ្នាំ២០១៩នេះ ហើយលោក ស ខេង ក៏បានហាមមិនអោយមានការចាត់តាំងកម្លាំងនគរបាលទៅយាមកាម នៅតាមទីតាំងខារ៉ាអូខេ ឬ ក្លឹបកម្សាន្ត និងនៅតាមកាស៊ីណូ ផងដែរ ។
សូបបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៩ កងកម្លាំងមានសមត្ថកិច្ច បានអនុវត្តច្បាប់ ធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀន គ្រប់ប្រភេទសរុប ៣១០.៩៨គីឡូក្រាម កញ្ឆាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយ សម្ភារវត្ថុតាងមួយចំនួនទៀត ។ ក្នុងនោះដែរ ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងខារ៉ាអូខេ និងក្លឹបកម្សាន្តធំៗ ដោយបានឃាត់មនុស្សរាប់រយនាក់ និងគ្រឿងញៀនមួយចំនួនធំ ដូចជាក្លឹបកម្សាន្តរ៉ុក នៅខណ្ឌចំការមន និងក្លឹបកំសាន្ត «លុច្សសារី» នៅខណ្ឌដូនពេញ ជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!