មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច ៖ ការបង្កើតវប្បធម៌នយោបាយថ្មី ជាសិទ្ធិសេរីភាពរបស់អ្នកទាំងនោះ អោយតែស្របតាមច្បាប់កំណត់
អ្នកវិភាគ និងអ្នកនយោបាយ បង្ហាញការគាំទ្រនូវវប្បធម៌នយោបាយថ្មី សម្រាប់ការផ្លាស់ប្ដូរបរិបទនយោបាយកម្ពុជា ព្រមទាំងផ្ដល់ឳកាស និងបទពិសោធន៍ដល់អ្នកនយោបាយជំនាន់ថ្មី ខណៈ មន្រ្តីជាន់បក្សកាន់អំណាច លើកឡើងថា ចង់បង្កើតអ្វីបង្កើតចុះ ជាសិទ្ធិសេរីភាពរបស់អ្នកទាំងនេះ អោយតែស្របតាមច្បាប់កំណត់ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
អ្នកតាមដានការអភិវឌ្ឍសង្គម លោក មាស នី បានថ្លែងថា ដោយសង្កេតឃើញថា នយោបាយបច្ចុប្បន្ននេះ ហាក់មិនមានភាពរីកចម្រើនអ្វីនោះ ទើបក្រុមរបស់លោក សម្រេចបង្កើតអោយមាន វប្បធម៌នយោបាយថ្មីនេះ ក្នុងគោលបំណងផ្លាស់ប្ដូរការធ្វើនយោបាយបែបសព្វថ្ងៃ ផ្ដល់បទពិសោធន៍ដល់អ្នកនយោបាយជំនាន់ថ្មី ក៏ដូចជាការពិគ្រោះយោបល់ជាមួយពលរដ្ឋទៅលើបញ្ហានយោបាយនាពេលបច្ចុប្បន្ននេះ ផងដែរ ។
ស្ថាបនិកនៃវប្បធម៌នយោបាយថ្មីរូបនេះ បានបញ្ជាក់ដែរថា វប្បធម៌នយោបាយថ្មីនេះ មិនមែនដើម្បីផ្ដួលរលំរដ្ឋាភិបាល ឬក្នុងគោលបំណងបង្កើតគណបក្សនយោបាយថ្មី ឬក៏បង្កើតនយោបាយអ្វីនោះទេ ។
សម្រាប់អ្នកនយោបាយជំនាន់ថ្មី លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ការបង្កើតវប្បធម៌នយោបាយថ្មី ជាចំណុចវិជ្ជមានមួយ សម្រាប់អ្នកបន្តវេននៃនយោបាយកម្ពុជា និងដើម្បីធ្វើអោយពលរដ្ឋខ្មែរមានការចាប់អារម្មណ៍មកលើការវិវត្តបញ្ហានយោបាយរបស់ប្រទេសជាតិ ។
ប្រធានគណបក្សរូបនេះ បានជម្រុញអោយអ្នកនយោបាយជំនាន់ថ្មី ក៏ដូចប្រជាពលរដ្ឋ គួរពិចារណា និងតាមដានសភាពការណ៍នយោបាយ អោយបានគ្រប់ជ្រុងជ្រោយ ដើម្បីសម្រេចថានឹងផ្ដល់ការគាំទ្រ ឬ បោះឆ្នោតអោយគណបក្សណា ក្នុងការចូលរួមអភិវឌ្ឍប្រទេស ។
ដោយឡែក លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាបវិទ្យុសំឡេងយុវជន ថា ចង់បង្កើតអ្វីបង្កើតចុះ ជាសិទ្ធិសេរីភាពអ្នកទាំងនោះ តែត្រូវស្របទៅតាមក្របខណ្ឌច្បាប់ដែលបានកំណត់ជាធរមាន ។
គួររំលឹកដែរថា លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងជាស្ថាបនិកមួយរូបនៃវប្បធម៌នយោបាយថ្មី បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសបុករបស់លោក ថា បក្សផ្សេងគ្នា ប្រកួតប្រជែងដណ្តើមយកមុខតំណែងប្រធានាធិបតី ដើម្បីបម្រើជាតិតែមួយ ទោះជជែកប្រកែកគ្នាតឹងសរសៃកយ៉ាងណាក៏ដោយ មានទស្សន:នយោបាយខុសគ្នាយ៉ាងណាក៏ដោយ នៅទីបំផុតពួកគេនៅតែជាជនរួមជាតិតែមួយ និងមានគោលដៅដើម្បីបម្រើផលប្រយោជន៍ជាតិតែមួយ ។ បែបនេះគេហៅថាឯកភាពជាតិ និងសាមគ្គីជាតិ ។ នេះជាចរិតនៃអ្នកនយោបាយចាស់ទុំ និងស៊ី វិល័យ ដែលអាចធ្វើឱ្យប្រទេសគេក្លាយជាប្រទេសមហាអំណាចតជំនាន់ និងឆ្លងសតវត្សន៍ ។ លោក ព្រាប កុល បញ្ជាក់ថា វប្បធម៌នយោបាយថ្មី មានគោលដៅជម្រុញឱ្យអ្នកនយោបាយមានឥរិយាបទបែបនេះ ។
សូមបញ្ជាក់ថា វប្បធម៌នយោបាយថ្មី ជាគំនិតផ្ដួចផ្ដើមឡើងដោយស្ថាបនិកបួន រូប ក្នុងនោះមាន ៖ លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ា ច័ន្ទរឿន ប្រធានមជ្ឈមណ្ឌលទស្សនវិជ្ជាអនុវត្ដន៍ និងសីលធម៌កម្ពុជា លោក មាស នី អ្នកតាមដានបញ្ហាសង្គម និងនយោបាយ និងលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ ជាដើម ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!