ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ៖ ACU នឹងលូកដៃក្នុងករណីទំនាស់ដីធ្លី ដែល ACU ចាត់ទុកថា នេះជាការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លី
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងអ្នកតាមដានបញ្ហាដីធ្លី គាំទ្រការប្រកាសរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេតការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លី ខណៈបញ្ហាដីធ្លីបច្ចុប្បន្ន កំពុងក្លាយជាបញ្ហាស្មុគស្មាញសម្រាប់កម្ពុជា ដោយទំនាស់ភាគច្រើន កើតឡើងដោយការក្លែងឯកសារ និងការឃុតឃិតគ្នារវាងជនខិលខូច និងអាជ្ញាធរមួយចំនួន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង គាំទ្រការប្រកាសរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការចាត់វិធានការ និងការស៊ើបអង្កេតលើទំនាស់ដីធ្លី នាពេលបច្ចុប្បន្ន ដោយលោក វឌ្ឍនាសាប៊ុង លើកឡើងថា ដោយបញ្ហាដីធ្លីសព្វថ្ងៃនេះ កើតឡើងបានភាគច្រើនដោយការក្លែងឯកសារគតិយុត្តិ ការឃុតឃិតគ្នារវាងជនខិលខូចជាមួយនឹងអាជ្ញាធរ ក្នុងការរំលោភយកដីរដ្ឋ និងពលរដ្ឋ ជាដើម ដែលនេះជាហេតុនាំអោយមានការប្រព្រឹត្តអំពើពុករលួយកើតឡើង ក្នុងវិស័យដីធ្លី ។
ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាបុគ្គលមួយរូបតែងតែចុះពិនិត្យ ស្រាវជ្រាវទំនាស់ដីធ្លីតាមមូលដ្ឋានជាច្រើននោះ លោក វឌ្ឍនាសាប៊ុង បានបញ្ជាក់ថា ករណីមួយចំនួនដែលលោកពិនិត្យឃើញមានការប្រព្រឹត្តអំពើពុករលួយក្នុងទំនាស់ដីធ្លី លោកបានជម្រុញ និងផ្ដល់យោបល់តាមរយៈរបាយការណ៍របស់លោកដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេចលើករណីទាំងនោះ ។
ស្រដៀងគ្នានេះដែរ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សាទរចំពោះការប្ដេជ្ញាចិត្តរបស់លោក ឳម យិនទៀង ដើម្បីចូលរួមទប់ស្កាត់អំពើពុករលួយក្នុងទំនាស់ដីធ្លី ខណៈពេលបច្ចុប្បន្នទំនាស់ដីធ្លី កំពុងក្លាយជាបញ្ហាប្រឈម និងស្មុគស្មាញមួយសម្រាប់កម្ពុជាធ្វើការដោះស្រាយ ។
ជាមួយគ្នានេះ មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានលើកឡើងថា ការប្រកាសរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងអាចធ្វើអោយមានការរឹបអូសដីរដ្ឋបានមកវិញជាច្រើន ជួយចូលរួមដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋ រួមទាំងការផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋ ក៏បានកាន់តែច្រើនថែមទៀត ។
គួរកត់សម្គាល់ដែរថា ក្នុងសន្និសីទកាសែត រសៀលថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៩ នេះ លោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ACU បានប្រកាសថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងលូកដៃក្នុងករណីទំនាស់ដីធ្លីធំៗ ដោយលោក ឳម យិនទៀង ចាត់ទុកថា នេះជាការប្រព្រឹត្តអំពើពុករលួយ ក្នុងវិស័យដីធ្លី ។
សូមបញ្ជាក់ថា ការប្រកាសនេះ ក្រោយពេលអង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញករណីប្រព្រឹត្តអំពើពុករលួយរបស់លោក សុខ ប៊ុន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ សុខ ប៊ុន គ្រុប និងមន្រ្តីសាធារណៈចំនួន ៥ រូបផ្សេងទៀត ក្នុងនោះរួមមាន ៖ ប្រធានក្រុមប្រឹក្សាក្រុងកោះរ៉ុង ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និងសមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្នុងការរំលោភយកដីរដ្ឋដោយខុសច្បាប់នៅកោះរ៉ុង ទំហំ ៥២៥ ហិកតា ដែលជាការឃុបឃិតគ្នាជាប្រព័ន្ធ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!