ក្រោយ EU ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម សង្គមស៊ីវិល និងសហជីព បង្ហាញក្ដីបារម្ភ ស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នាពេលខាងមុខនេះ
ក្រោយសហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មសេរី និងលុបការយកពន្ធលើមុខទំនិញស្ទើរទាំងស្រុងរបស់វៀតណាម សង្គមស៊ីវិល និងសហជីព បង្ហាញក្ដីបារម្ភ ខណៈដែលកម្ពុជា កំពុងប្រឈមនឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនឹងធ្វើអោយមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ការចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយគ្នា រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម នាពេលនេះ នឹងធ្វើអោយវៀតណាមនាំចូលទំនិញគ្រប់មុខរបស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបដោយមិនបង់ពន្ធ ហើយទទួលបានផលប្រាក់ចំណេញរាប់ពាន់លានដុល្លា ។
ជាមួយនឹងការចុះកិច្ចព្រមព្រៀងរបស់អឺរ៉ុប និងវៀតណាម នេះដែរ សម្រាប់កម្ពុជានឹងមានផលប៉ះពាល់ខ្លាំងដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចរបស់កម្ពុជា ខណៈដែលសហភាពអឺរ៉ុបកំពុងតែគ្រោងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នាពេលខាងមុខនេះ បើកម្ពុជាមិនព្រមគោរពទៅលក្ខខណ្ឌដែលភាគីអឺរ៉ុបចង់បាននោះទេ ។
ស្រដៀងគ្នានេះ លោក អាត់ ធន ប្រធានសហភាបការងារកម្ពុជា បានលើកឡើងថា នេះជាឳកាសរបស់វៀតណាមក្នុងការប្រកួតប្រជែងការនាំទំនិញទៅកាន់ទីផ្សារអឺរ៉ុបដោយមិនបង់ពន្ធ ខណៈដែលពេលមុននោះ ទំនិញរបស់វៀតណាមដែលនាំចូលទីផ្សារអឺរ៉ុបត្រូវតែបង់ពន្ធ តែទំនិញកម្ពុជានាំចូលទីផ្សារអឺរ៉ុបមិនបង់ពន្ធ ដូច្នេះជាការបារម្ភរបស់កម្ពុជា ដែលត្រូវតែរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ អោយបានជាដាច់ខាត បើមិនដូច្នេះទេ កម្ពុជាបាត់បង់ឳកាសប្រកួតប្រជែងក្នុងការធ្វើពាណិជ្ជកម្ម និងការនាំចូលទំនិញទៅកាន់ទីផ្សារអឺរ៉ុប ។
លោក អាត់ ធន បានជម្រុញអោយរដ្ឋាភិបាល ត្រូវតែមានដោះស្រាយ និងការរក្សាអោយបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសារតែការផលិតរបស់កម្ពុជា សព្វថ្ងៃនៅមានកម្រិតនៅឡើយ ដែលត្រូវមានការអនុគ្រោះពីទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអឺរ៉ុប ។
សម្រាប់លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមកសិករកម្ពុជា បានស្នើអោយអ្នកនយោបាយគ្រប់និន្នាការទាំងអស់ ត្រូវគិតគូពីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ដោយត្រូវមានការសម្របសម្រួល និងដោះស្រាយជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាអោយបាននូវប្រព័ន្ធអនុគ្រោះពន្ធនេះ ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ សហភាពអឺរ៉ុប និងវៀតណាម បានចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មដោយសេរីជាមួយគ្នា ដែលកិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ការយកពន្ធស្ទើរតែលើគ្រប់មុខទំនិញទាំងអស់ ដែលនាំចេញពីវៀតណាមចូលទៅកាន់ទីផ្សារអឺរ៉ុប។
កិច្ចព្រមព្រៀងខាងលើ នឹងធ្វើឲ្យទីផ្សារអឺរ៉ុបបើកចំហកាន់តែធំទូលាយថែមទៀតសម្រាប់វៀតណាម នឹងជួយជំរុញផលិតផលនាំចេញចម្បងៗរបស់វៀតណាម រួមមានដូចជា វាយនភណ្ឌ ស្បែកជើង ស្មាតហ្វូន និងគ្រឿងបន្លាស់កុំព្យូទ័រ។
សូមបញ្ជាក់ថា ទាល់តែទទួលបានការផ្តល់សច្ចាប័នពីសភាអឺរ៉ុប ទើបកិច្ចព្រមព្រៀងនេះអាចចូលជាធរមានជាផ្លូវការ ដែលវានឹងកើតឡើងនៅចុងឆ្នាំនេះ ឬក៏នៅដើមឆ្នាំក្រោយ ស្របពេលជាមួយគ្នានោះ កំឡុងខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះដែរ លទ្ធផលផ្លូវការនៃការសម្រេចដក ឬ មិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នឹងសម្រេចនៅពេលនោះ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!