លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នឹងដាក់ពាក្យប្ដឹងលោក ញឹក ប៊ុនឆៃ ក្នុងការចោទប្រកាន់រូបលោក ថា មានការឃុតឃិតគ្នាជាមួយលោក តាំង សុខឃី ក្នុងការលក់ដីដើម្បីចែកផលប្រយោជន៍គ្នា
លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង និងលោក តាំង សុខឃី នឹងដាក់ពាក្យប្ដឹងលោក ញឹក ប៊ុនឆៃ ក្នុងការចោទប្រកាន់លោកថា មានការឃុតឃិតគ្នាជាមួយ ក្នុងការលក់ដីដើម្បីចែកផលប្រយោជន៍គ្នា ខណៈអ្នកទាំអនោះ បញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ប្រើឈ្មោះស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្នុងការឆបោកពលរដ្ឋ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០១៩ នេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់ វិទ្យុសំឡេងយុវជន ថា ករណីលោក ញឹក ប៊ុនឆៃ លក់ដីបីកន្លែង នៅខេត្តបន្ទាយមានជ័យ ដែលមានភាពមិនប្រក្រតី នោះ លោកយោងតាមភស្តុតាងត្រឹមត្រូវ ដោយមានទាំងលិខិតគតិយុត្តិ ឯកសារក្លែងក្លាយ រូបភាព និងសំឡេង ដែលបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ បានឆបោកពលរដ្ឋក្នុងការលក់-ទិញដី ដោយបានប្រើឈ្មោះស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ទៀតផង ។
ទាក់ទិននឹងការចោទប្រកាន់របស់លោក ញឹក ប៊ុនឆៃ មកលើរូបលោក ថា «លោក លី សាយឃាង បានតែងតាំងលើ តាំង សេងឃី ដោយមានការជ្រោមជ្រែងពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ( ហៅវិល្លាម ) ប្រធានគណបក្សខ្មែរក្រោកផង ដើម្បីលក់ដីនេះចែកផលប្រយោជន៍គ្នា» នោះ លោក វឌ្ឍនាសប៊ុង បានបញ្ជាក់ថា លោកមិនបានឃុតឃិតជាមួយនឹងបុគ្គលណាមួយនោះទេ ដោយមានបន្ដឹងពីពលរដ្ឋ ទើបក្រុមការងាររបស់លោក ក៏បានចុះសិក្សាស្រាវជ្រាវដោយផ្ទាល់លើករណីនេះ រួចក៏ធ្វើរបាយការណ៍ដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើការពិនិត្យសម្រេច តែប៉ុណ្ណោះ ។
ក្នុងនោះដែរ លោក វឌ្ឍនាសាប៊ុង នឹងរៀបចំដាក់ពាក្យប្ដឹងលោក ញឹក ប៊ុនឆៃ ក្នុងការចោទប្រកាន់ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោក ។
ជាមួយគ្នានេះ លោក តាំង សុខឃី បានធ្វើសេចក្ដីបំភ្លឺមួយ នៅថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ ដោយបានបដិសេធរាល់ការចោទប្រកាន់គ្មានការពិតរបស់លោក ញឹក ប៊ុនឆៃ ទាំងស្រុង ដោយលោក បញ្ជាក់ថា លោកមិនមែនជាឈ្មួញទិញ-លក់ដី ហើយក៏មិនដែលមានទំនាក់ទំនងគ្នាជាមួយលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីមុនមកដែរ ដោយលោកគ្រាន់តែដាក់ពាក្យបន្ដឹងអោយជួយរកយុត្តិធម៌អោយពួកលោកតាមរយៈស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ តែប៉ុណ្ណោះ ព្រោះលោក ញឹក ប៊ុនឆៃ បានប្រើឈ្មោះស្ថាប័នមួយនេះ ដើម្បីមកឆបោកពួកលោក ។
ជាមួយគ្នានោះ លោក តាំង សុខឃី ក៏បានទាមទារអោយលោក ញឹក ប៊ុនឆៃ ធ្វើលិខិតសុំទោសលោកជាសាធារណៈ ផងដែរ បើមិនដូច្នេះទេ លោកនឹងប្ដឹងលោក ញឹក ប៊ុនឆៃ ពីបទបរិហារកេរិ៍ តាមនីតិវីធីច្បាប់ជាធរមាន ជាក់ជាមិនខាន ។
វិទ្យុសំឡេងយុវជន មិនអាចទាក់ទងលោក ញឹក ប៊ុនឆៃ សុំការបកស្រាយបាននោះទេ ដោយសារទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន។
ប៉ុន្តែគួររំលឹកដែរថា នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០១៩ លោក ញឹក ប៊ុនឆៃ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបញ្ជាក់លើបណ្ដាញសង្គមហ្វេសបុករបស់លោក ថា លោក លី សាយឃាង បានលក់ដីកំពុងមានរឿងឲ្យមករូបលោក តាមកិច្ចសន្យាប្រគល់សិទ្ធិលក់ទិញអចលនៈវត្ថុ (ដី) ចុះថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០១៨ ។ ក្នុងនោះលោក លី សាយឃាង បានតែងតាំងលោក តាំង សុខឃី ជាតំណាងក្រុមហ៊ុនថ្មី ដែលមានការជួយជ្រោមជ្រែងពីលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកផង ដើម្បីលក់ដីនេះចែកផលប្រយោជន៍គ្នា ដែលធ្វើឲ្យបញ្ហាជម្លោះដីធ្លីនេះ ដែលត្រូវបានបញ្ចប់ទៅហើយត្រលប់មកមានបញ្ហាដដែល ធ្វើឲ្យមានបញ្ហាអសន្តិសុខសង្គម មិនអាចធ្វើការអភិវឌ្ឍន៍នៅតំបន់នេះបាន។
សូមបញ្ជាក់ថា យោងតាមរបាយលការណ៍ស្រាវជ្រាវរបស់ប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃគណបក្សខ្មែរក្រោក ដាក់ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៩ និងយោងតាមចំណារព្រមយល់របស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញ សជណ នៅថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩ ផ្ញើជូនលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យដោះស្រាយទៅលើបណ្តឹងពលរដ្ឋដែលប្តឹង លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ករណីភាពមិនប្រក្រតីក្នុងការលក់ដី៣កន្លែង នៅក្នុងឃុំចំនួន៣ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅឃុំនិមិត្ត ឃុំប៉ោយប៉ែត និងឃុំអូរបីជាន់ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!