ក្រុមសកម្មជនការពារព្រៃឈើ ហាក់អស់ជំនឿលើវិធានការនានារបស់រដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ
ក្រុមសកម្មជនការពារព្រៃឈើ សាទរចំពោះវិធានការរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជា ប៉ុន្តែអ្នកទាំងនោះ ហាក់អស់ជំនឿលលើវិធានការនានារបស់រដ្ឋាភិបាល និងក្រសួងស្ថាប័នមានសមត្ថកិច្ច ក្នុងការបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ នេះ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន ២ចំណុច រួមមាន ៖
ទី១ . បុគ្គល ឬ ក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
ទី២ . មធ្យោបាយ មាន រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ។
ជាមួយនឹងការដាក់វិធានការនេះ ផងដែរ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ សាទរចំពោះការដាក់វិធានការទាំងនេះ ប៉ុន្តែលោកខ្លាចតែវិធានការនេះ មានតែក្នុងក្រដាស តែការអនុវត្តជាក់ស្ដែង គ្មានប្រសិទ្ធភាពនោះទេ ដោយតាមការសង្កេតរបស់លោក កន្លងមក ក្រោយការបង្កើតគណៈកម្មការមួយនេះ ហាក់មិនបានឃើញមានការបង្ក្រាបក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ដែលមានងារជាឧកញ៉ានៅឡើយនោះទេ ផ្ទុយទៅវិញ មានថែមទាំងរថយន្ត ស្លាកលេខ ខ.ម ធ្វើការដឹកជញ្ជូនឈើទៅលក់នៅវៀតណាម ទៀតផង ។ សំឡេង
លោក ហេង ស្រស់ បានជម្រុញអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាប់បទល្មើសធនធានធម្មជាតិ ត្រូវធ្វើការដោយឯករាជ្យ សុក្រឹត្យ និងមានការស្រាវជ្រាវដោយម៉ត់ចត់លើការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ។ សំឡេង
សកម្មជនការពារព្រៃឈើរូបនេះ ក៏បង្ហាញការអស់ជំនឿលើចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ដោយលោក មានតែការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាការពារធនធានព្រៃឈើ និងធ្វើការរាយការណ៍រាល់បទល្មើសព្រៃឈើទាំងឡើយ ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ដល់អង្គការធំៗ ដែលធ្វើការលើបញ្ហាព្រៃឈើនេះ ។ សំឡេង
ស្រដៀងគ្នានេះ លោក ហឿន សុភាព សកម្មការពារព្រៃឈើ យល់ឃើញថា បើការអនុវត្តវិធានការនេះ មានប្រសិទ្ធភាព នោះ បទល្មើសព្រៃឈើ អាចនឹងកាត់បន្ថយបាន ហើយធនធានព្រៃឈើកម្ពុជានឹងមាននិរន្តរភាព គង់វង្សយូរអង្វែង ជាក់ជាមិនខាន ។ ប៉ុន្តែដោយកន្លងទៅ រាល់វិធានការរបស់រដ្ឋាភិបាល ព្រមទាំងក្រសួងស្ថាប័នមានសមត្ថកិច្ច ហាក់មិនទាន់មានប្រសិទ្ធភាពនៅឡើយនោះទេ ។ សំឡេង
ទាក់ទិននឹងវិធានបំផ្លាញចូលនៅនឹងកន្លែង រាល់មធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ រួមមាន រថយន្ត គោយន្ត ម៉ូតូ ...ជាដើម មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ឃើញថា មិនមែនជាបញ្ហាចាំបាច់នោះទេ ដោយលោកសង្កត់ធ្ងន់ថា បើធ្វើការបំផ្លាញចូលនូវមធ្យោបាយដឹកជញ្ជូនទាំងនោះមែន ហាក់ដូចជាការបំផ្លាញចូលនូវវត្ថុតាង ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើ ទៅវិញ ។ ក្នុងនោះលោកបញ្ជាក់ថា វិធានការសំខាន់នោះ គឺការចាប់វិធានការច្បាប់តឹងរឹងលើបុគ្គល និងក្រុមហ៊ុន ដែលប្រព្រឹត្តបទល្មើសកាប់បំផ្លាញព្រៃឈើ ។ សំឡេង
លោក ប៉ែន ប៊ុណ្ណារ៍ បានបញ្ជាក់ដែរថា ក្រោយរដ្ឋាភិបាល បង្កើតអោយមានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងប្រទេស យ៉ាងក្ដី ប៉ុន្តែបទល្មើសបំផ្លាញព្រៃឈើនៅតែកើតមានឡើងជាហូរហែរ ហាក់គ្មានការចុះបង្ក្រាបពីគណៈកម្មការមួយនេះ នោះទេ បើទោះបី កាលបង្កើតដំបូង គណៈកម្មការនេះ បានបង្ក្រាបបទល្មើសបានមួយចំនួនក៏ដោយ តែគ្រាន់ធ្វើការរឹបអូសយកឈើ ហើយមិនមានការផ្ដន្ទាទោសដល់ក្រុមឧក្រិដ្ឋជន ឬអ្នកនៅពីក្រោយបទល្មើសនេះ នៅឡើយទេ ។ សំឡេង
គួរកត់សម្គាល់ដែរថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ពីសំណាក់ឈ្មួញរកស៊ីឈើធំៗ នៅតែ មានសកម្មភាពកាប់ និងដឹកជញ្ជូនទៅលក់នៅក្រៅប្រទេស យ៉ាងខ្លាំងក្លា បើទោះបីជា មានបទបញ្ជាពីប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលៗ ព្រមទាំងមានការចេញលិខិតពីក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ក្នុងវិធានការទប់ស្កាត់ និងបង្ក្រាបការបំផ្លាញព្រៃឈើ រហូតមានការបង្កើតគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ ដែលលោក សៅ សុខា ជាប្រធាន យ៉ាងណាក្ដី ក៏ការបំផ្លាញព្រៃឈើនៅកម្ពុជា នៅតែកើតមានឡើង ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទីភ្នាក់ងារស៊ើបអង្កេតផ្នែកបរិស្ថានដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានចេញរបាយការណ៍មួយមានចំណងជើងថា “ជនល្មើសមុខដដែល៖ ជំនួញឈើខុសច្បាប់របស់វៀតណាម”។ របាយការណ៍ឲ្យដឹងថា ឆ្នាំ២០១៦ដល់ឆ្នាំ២០១៧ ទំហំឈើប្រមាណ ៣០ម៉ឺនម៉ែត្រគូប ត្រូវបានលួចលាក់នាំចេញ និងធ្វើឲ្យស្របច្បាប់ពីកម្ពុជាទៅវៀតណាម។ សកម្មភាពកាប់ឈើខុសច្បាប់ ក៏កើតឡើងខ្លាំងផងដែរ នៅតំបន់ការពារក្នុងខេត្តរតនគិរី ដូចជា តំបន់ការពារសហគមន៍ ក្នុងឧទ្យានវីរជ័យ ឧទ្យានជាតិអូយ៉ាដាវ និងតំបន់ជម្រកសត្វព្រៃលំផាត់៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!