សកម្មជនការពារព្រៃឈើ នឹងតាមដានបន្តទៀត លើការអនុវត្តវិធានការច្បាប់លើឧកញ៉ាស៊ឹង សំអុល ឈ្មួញឈើដ៏ល្បី ក្រោយមានការបង្ក្រាបពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
សកម្មជនការពារព្រៃឈើ ជម្រុញដល់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការស្រាវជ្រាវអោយបានម៉ត់ចត់លើបទល្មើសព្រៃឈើ និងដាក់ទោសក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ទៅតាមនីតិច្បាប់របស់តុលារការ ក្រោយមានការបង្ក្រាបក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ដ៏សកម្មនៅខេត្តមណ្ឌលគិរី ។
មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បង្ហាញការសាទរចំពោះប្រតិបត្តិការទ្រង់ទ្រាយធំរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងការបង្រ្កាបបទល្មើសព្រៃឈើដ៏សកម្ម នាភូមិភាគឦសាន្ត ប៉ុន្តែការបង្រា្កបនេះ ហាក់យឺតពេលពេកហើយក្នុងការអនុវត្តវិធានការក្ដៅលើក្រុមឈ្មួញកាប់បំផ្លាញព្រៃឈើនេះ ។ ក្នុងនោះលោក ប៉ែន ប៊ុណ្ណារ៍ បានជម្រុញអោយគណៈកម្មការនេះ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការស្រាវជ្រាវអោយបានម៉ត់ចត់លើការប្រព្រឹត្តបទល្មើសព្រៃឈើ ហើយត្រូវរៀបចំសំណុំរឿងរបស់ក្រុមឧក្រិដ្ឋជនដែលមានងារជាឧកញ៉ាក្នុងការកាប់បំផ្លាញធនធានព្រៃឈើ ទៅតាមនីតិវិធីច្បាប់របស់តុលាការ ដែលមិនត្រូវមានការលើកលែង ជាដាច់ខាត ។ សំឡេង
នៅថ្ងៃនេះ ផងដែរ សកម្មជនការពារព្រៃឈើ លោក ហេង ស្រស់ បានប្រាប់វិទ្យុសំឡេងយុវជន ថា លោកនឹងតាមដានបន្តទៀតលើការអនុវត្តវិធានការច្បាប់លើក្រុមឧកញ៉ា ស៊ឹង សំអុល ក្នុងការប្រព្រឹត្តបទល្មើសព្រៃឈើដ៏ល្បីល្បាញនេះ តើឧកញ៉ា ស៊ឹង សំអុល នឹងត្រូវទទួលទោសក្នុងកម្រិតណាដែរនោះ ។ សំឡេង
លោក ហេង ស្រស់ បានជម្រុញអោយមានការស៊ើបអង្កេត និងវែកមុខមន្រ្តីរូបណាដែលនៅពីក្រោយបទល្មើស ក្នុងការឃុតឃិត និងបើកអោយមានការប្រព្រឹត្តបទល្មើសកាប់បំផ្លាញធនធានព្រៃឈើនេះ មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ផងដែរ ។ សំឡេង
សម្រាប់លោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន និងលោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបបាននោះទេ ដោយទូរស័ព្ទរបស់ពួកលោកជាប់រវល់ ។
គួរកត់សម្គាល់ដែរថា នៅរសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សៅ សុខា ជាប្រធានគណៈកម្មការ បានចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តមណ្ឌលគិរី មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿង ផងដែរ ។ ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងអំឡុងពេលដែលកម្ពុជា ប្រារព្វព្រះរាជពិធី រុក្ខទិវា ៩ កក្កដា នៅស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដោយទ្រង់ បានអំពាវនាវដល់អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ខិតខំប្រឹងប្រែងដាំដើមឈើ នៅតាមទីធ្លា សាធារណៈនានា ឱ្យបានច្រើន ដើម្បីជាម្លប់ប្រជានុរាស្រ្ត និងអំពាវនាវឱ្យសហគមន៍មូលដ្ឋាន សូមចូលរួមគ្រប់គ្រងថែរក្សាការពារ និងដាំដុះព្រៃឈើ ដែលអាចផ្តល់ផលប្រយោជន៍យ៉ាងច្រើន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាជន ។
សូមបញ្ជាក់ថា តាមលិខិតរបស់ក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ បានជម្រាបជូនទៅលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយក្រសួងកសិកម្មទទួលបានព័ត៌មាន និងចុះធ្វើការផ្ទៀងផ្ទាត់ទីវាលនៅតាមបណ្ដាខេត្តមួយចំនួន នៅតំបន់ភូមិភាគឦសាន កត់សម្គាល់ឃើញថា ភាពអនាធិបតេយ្យចរាចរណ៍ឈើខុសច្បាប់ ហាក់កក្រើកឡើងវិញ ជាក់ស្ដែងចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៩ នៅតាមមាត់ច្រកព្រំដែននានា មានចរាចរណ៍ឈើតាមរថយន្ដសាំយ៉ុង ក្នុងរង្វង់រាប់រយឡានឆ្លងកាត់តាមច្រកទ្វារព្រំដែនដាក់ដាំឆ្ពោះទៅប្រទេសវៀតណាម យ៉ាងរលូន ដោយពុំមានការទប់ស្កាត់ពីសមត្ថកិច្ចពាក់ព័ន្ធណាមួយឡើយ ដូច្នេះហើយទើប ក្រសួងកសិកម្ម បានស្នើសុំគណៈកម្មការជាតិ ជួយមានវិធានការសមស្របលើភាពអនាធិបតេយ្យបទល្មើសឈើខុសច្បាប់ តាមព្រំដែន ។ ក្រោយកាលស្នើសុំរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន ២ចំណុច រួមមាន ៖
ទី១ . បុគ្គល ឬ ក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
ទី២ . មធ្យោបាយ មាន រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!