ក្រុមសកម្មជនការពារព្រៃឈើ ៖ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ ជានិរន្តរ៍ និងគ្រប់តំបន់ ស្របពេលតែមួយ
សកម្មជនការពារព្រៃឈើ ជម្រុញអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឈើខុសច្បាប់ អោយបានគ្រប់ទីកន្លែង ស្របពេលតែមួយ ខណៈបច្ចុប្បន្នបទល្មើសព្រៃឈើ កំពុងកើតមានឡើងនៅតាមបណ្ដាខេត្តជាច្រើន ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានជម្រុញអោយគណៈកម្មជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវធ្វើការចុះបង្ក្រាបករណីកាប់បំផ្លាញព្រៃឈើ អោយដល់គ្រប់តំបន់ ក្នុងពេលតែមួយ ។ ក្នុងនោះលោក ប៉ែន ប៊ុណ្ណារ៍ ក៏ជម្រុញអោយមានការស្រាវជ្រាវមុខសញ្ញាចាស់ៗ ដែលជាក្រុមឧក្រិដ្ឋជនរកស៊ីឈើខុសច្បាប់ កន្លងទៅ យកមកផ្ដន្ទាទោស ផងដែរ ។
ជាមួយនឹងការបំផ្លាញចោលនៅនឹងកន្លែងនូវមធ្យោបាយដឹកជញ្ជូនបទល្មើសនេះ លោក ប៊ុណ្ណារ៍ ក៏ស្នើអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវធ្វើទៅតាមនីតិវិធីច្បាប់ ដោយត្រូវធ្វើរបាយការណ៍ច្បាស់លាស់ មុននឹងធ្វើការកម្ទេចចោលមធ្យោបាយទាំងអស់នោះ ។
សម្រាប់លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានសាទរចំពោះការចុះបង្ក្រាបទៅលើបទល្មើសឈើខុសច្បាប់ ក្នុងរយៈពេលថ្មីៗនេះ ដោយលោក បានលើកទឹកចិត្តអោយគណៈកម្មការ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបន្តចុះស្រាវជ្រាវនៅតាមបណ្ដាក្រុមហ៊ុនមួយចំនួន និងនៅតាមខេត្តដទៃទៀត រួមមាន ៖ ខេត្តព្រះវិហារ ក្រចេះ ពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ជាដើម ដែលខេត្តទាំងនេះកំពុងរងការកាប់បំផ្លាញ និងចរាចរណ៍ឈើខុសច្បាប់ យ៉ាងសកម្ម ដែរនោះ ។
សកម្មជនរូបនេះ បានបន្តថា ធ្វើយ៉ាងណាសូមអោយគណៈកម្មការមួយនេះ ត្រូវបំពេញការងារ ដោយឈរលើជំហរឯករាជ្យភាព តម្លាភាព និងប្រសិទ្ធិភាព គោរពតាមគោលការណ៍ច្បាប់ និងវិធានការរបស់ខ្លួន ដែលបានដាក់ចេញ ។
ស្រដៀងគ្នានេះដែរ សកម្មជនការពារព្រៃឡង់ លោក ហឿន សុភាព បានលើកឡើងថា ជាការស្នើសុំរបស់បណ្ដាញព្រៃឡង់ គឺសូមអោយគណៈកម្មការជាតិមួយនេះ ធ្វើប្រតិបត្តិការជានិរន្តរ៍ និងចុះបង្ក្រាបគ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ ថែរក្សា និងកាត់បន្ថយអោយបាននូវការកាប់បំផ្លាញធនធានព្រៃឈើដ៏មានសារប្រយោជន៍សម្រាប់ជាតិ និងប្រជាជន ខណៈព្រៃឈើកម្ពុជា បច្ចុប្បន្នកំពុងរងការវិនាសកម្មបន្តិចម្ដងៗ នោះ ។
គួរកត់សម្គាល់ដែរថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សៅ សុខា ជាប្រធាន បានចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ឈ្មួញឈើដ៏ល្បីល្បាញប្រចាំខេត្តមណ្ឌលគិរី មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿង ផងដែរ ។ ក្នុងនោះដែរ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី គណៈកម្មាការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបរថយន្តឡង់គ្រីស័រកែច្នៃចំនួន ០២គ្រឿងទៀត ដឹកឈើប្រភេទសុក្រំ និងឈើប្រភេទលេខ១ ប្រមាណ ៦ម៉ែត្រគូប ហើយរថយន្តទាំងពីកម្លាំងធ្វើការបំផ្លាញចោល ចំណែកឈើត្រូវបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០១៩ អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពី “ការអនុវត្តវិធានការទៅលើបុគ្គល ឬ ក្រុមហ៊ុន និងមធ្យោបាយដែលពាក់ព័ន្ធ នឹងបទល្មើសព្រៃឈើ” ដោយមានវិធានការថ្មីចំនួន ២ចំណុច រួមមាន ៖
ទី១ . បុគ្គល ឬ ក្រុមហ៊ុន ដែលពាក់ព័ន្ធការប្រព្រឹត្តល្មើសច្បាប់នេះ នឹងត្រូវអនុវត្តវិធានការច្បាប់តឹងរ៉ឹង។
ទី២ . មធ្យោបាយ មាន រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនេះ ត្រូវបានស្នើសុំទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបំផ្លាញចោលនៅនឹងកន្លែង ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!