សង្គមស៊ីវិល ៖ ការលើកឡើងរបស់លោក សៅ សុខា មិនទាន់ឆ្លើយតបនឹងប្រសិទ្ធិភាព និងជោគជ័យក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅឡើយនោះទេ
សង្គមស៊ីវិល និងសកម្មជនការពារព្រៃឈើ យល់ឃើញថា ការលើកឡើងរបស់លោក សៅ សុខា មិនទាន់ឆ្លើយតបនឹងប្រសិទ្ធិភាព និងជោគជ័យក្នុងការបង្ក្រាបបទល្មើសព្រៃឈើ នៅឡើយនោះទេ ដោយអ្នកទាំងនោះ ជម្រុញអោយមានការស៊ើបអង្កេត និងអនុវត្តវិធានការច្បាប់លើអ្នកពាក់ព័ន្ធ ដែលរួមមាន ទាំងក្រុមឧក្រិដ្ឋជនរកស៊ីឈើ និងមន្រ្តីជំនាញ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក យល់ឃើញថា ការលើកឡើងរបស់លោក សៅ សុខា មិនទាន់ធ្វើអោយពលរដ្ឋមានជំនឿចិត្តនៅឡើយនោះទេ លើប្រសិទ្ធិភាពក្នុងការចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយបច្ចុប្បន្ន ក្នុងបទល្មើសមួយនេះ មានការពាក់ព័ន្ធច្រើនជាមួយបុគ្គល និងមន្រ្តីថ្នាក់ក្រោម ដែលទាមទារអោយថ្នាក់ដឹកនាំ ជាពិសេសគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានឆន្ទៈមុះមុត ក្នុងការអនុវត្តវិធានការតាមផ្លូវច្បាប់លើអ្នកពាក់ព័ន្ធទាំងអស់នោះ ។
លោក ប៉ែន ប៊ុណ្ណារ៍ ក៏បានបង្ហាញការសោកស្ដាយ ផងដែរ ចំពោះប្រតិបត្តិការបង្ក្រាបនេះ ដែលមិនបានធ្វើស្របពេលតែមួយ នៅទូទាំងប្រទេស ដោយភាគច្រើនឃើញតែការបង្ក្រាបនៅភូមិភាគឦសាន តែប៉ុណ្ណោះ ខណៈបទល្មើសព្រៃឈើនេះ កំពុងកើតមានឡើងនៅទូទាំងប្រទេសនោះ ។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ បានលើកឡើងថា ទំហំនៃការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានទំហំធំធេង ដូច្នេះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តដទៃទៀត ដែលជាមុខសញ្ញាក្នុងការកាប់បំផ្លាញ និងការចរាចរណ៍ឈើខុសច្បាប់ យ៉ាងសកម្មដែរនោះ រួមមាន ៖ ខេត្តព្រះវិហារ ខេត្តកំពង់ធំ ស្ទឹងត្រែង ជាដើម ។
លោក សន ជ័យ បានបន្តថា កត្តាចម្បង ក្នុងការចុះបង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើនោះ គឺការចាប់ឃាត់ខ្លួនបុគ្គល ឬ ក្រុមហ៊ុន ដែលជាអ្នកបំផ្លាញ និងប្រព្រឹត្តល្មើសច្បាប់ យកមកផ្ទន្ទាទោសតាមនីតិច្បាប់អោយបានតឹងរឹង ទើបជារឿងប្រសើរ និងទទួលបានប្រសិទ្ធិភាព ក្នុងប្រតិបត្តិការបង្ក្រាបនេះ ។
ជាមួយគ្នានេះ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានជម្រុញអោយគណៈកម្មការមួយនេះ ត្រូវបំពេញការងារ ដោយឈរលើជំហរឯករាជ្យភាព តម្លាភាព និងប្រសិទ្ធិភាព គោរពតាមគោលការណ៍ច្បាប់ និងវិធានការរបស់ខ្លួន ដែលបានដាក់ចេញ ។
គួរកត់សម្គាល់ដែរថា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសបុក ថា លោកទទួលស្តាប់រាល់មតិយោបល់ ដោយគណៈកម្មការជាតិតែឯង មិនអាចការពារព្រៃឈើបានទេ ។ គប្បីមេត្តាចូលរួមគាំទ្រ ៖ ១.ក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចសុំពង្រឹងការសម្រេចចិត្ត ចេញលិខិតអនុញ្ញាតិច្បាប់ និងត្រួតពិនិត្យកិច្ចការដែលជាតួនាទី ភារកិច្ច ចងដោយច្បាប់អោយបានតឹងរឹង។ តាមការពិនិត្យ ដីសម្បទានមួយចំនួន មិនអាចដាំដំណាំកសិឧស្សាហកម្ម ដូចជាកៅស៊ូបានទេ ព្រោះខាងក្រោមសម្បូរណ៏ដោយថ្ម ។ គ្មានប្រភពទឹកខែប្រាំងទៀងផង។ ២.ក្រុមហ៊ុនទទួលបានសិទ្ធិ ត្រូវគោរពបទដ្ឋានបច្ចេកទេស កិច្ចសន្យា ដោយស្មោះត្រង់ ពន្ធដារត្រូវតែអនុវត្តន៏ដាច់ខាត ។ ៣.បងប្អូនប្រជាពលរដ្ឋជាម្ចាស់ប្រទេស សុំមេត្តាយល់ថា កាលពីជំនាន់ដូនតាយើង មិនប្រកបរបបកាប់ឈើ ហេតុអ្វីលោកអាចរស់បាន។ មុខរបបមានច្រើនដែល អាចចិញ្ចឹមជីវិតបាន គួរដូរទម្លាប់ បំផ្លាញខ្លួនឯង ដូចប្រសាសន៍សម្តេចតេជោថា កុំសម្លាប់មេមាន់។ និង៤.លើកនេះជនល្មើសមិនថាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំទេ ច្បាប់ចែងច្បាស់ហើយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ ពលរដ្ឋស្មើភាពគ្នាចំពោះមុខច្បាប់។ អោយតែរកឃើញថាទង្វើនោះជាបទល្មើស ត្រូវបង្ក្រាបទាំងមនុស្ស មធ្យោបាយប្រព្រឹត្តបទល្មើស ។ មន្ត្រីអនុវត្តន៏ច្បាប់ ក្នុងគណៈកម្មការ ក៏ត្រូវពង្រឹងវិន័យ និងអនុវត្តន៏ច្បាប់ដូចគ្នា បើរកឃើញថាផ្សំគំនិត ឬពាក់ព័ន្ធ និងបទល្មើស ។
សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើ ខុសច្បាប់ជាបន្តបន្ទាប់ ដោយធ្វើការឃាត់ខ្លួនជនល្មើស និងដុតបំផ្លាញចោលនៅនឹងកន្លែងនូវមធ្យោបាយ រថយន្ត គោយន្ត ម៉ូតូ…ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ព្រមទាំងរឹបអូសឈើជាច្រើនម៉ែត្រគូប ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!