អ្នកធ្វើការលើបញ្ហាដីធ្លី ទាមទារអោយរដ្ឋាភិបាល ត្រូវខិតខំបន្ថែមក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព និងសុក្រឹត្យភាព ព្រមទាំងចាត់វិធានការតឹងរឹងលើបុគ្គលល្មើសច្បាប់
អ្នកធ្វើការលើបញ្ហាដីធ្លី អះអាងថា ទំនាស់ដីធ្លី សព្វថ្ងៃ មិនទាន់ថមថយចុះនោះទេ ការដោះស្រាយនានាពីសំណាក់ក្រសួងស្ថាប័ន និងអាជ្ញាធរ ក៏នៅមានកម្រិត ផងដែរ ដែលអ្នកទាំងនោះ ទាមទារអោយក្រសួងពាក់ព័ន្ធ ត្រូវខិតខំបន្ថែមក្នុងការដោះស្រាយបញ្ហាដីធ្លីនេះ ដោយឈរលើគោលការណ៍ច្បាប់ តម្លាភាព និងសុក្រឹត្យភាព ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកឧត្តមក្រុមប្រឹក្សាពិគគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា បញ្ហាទំនាស់ដីធ្លី នាពេលសព្វថ្ងៃនេះ កើតឡើងក្នុងរូបភាព បីប្រភេទ ក្នុងនោះមាន ៖ ទី១. ទំនាស់ពលរដ្ឋ និងពលរដ្ឋ ទី២. ក្រុមហ៊ុន និងពលរដ្ឋ និងទី៣ . ការរំលោភយកដីរដ្ឋ ពីសំណាក់ ពលរដ្ឋ ក្រុមហ៊ុន និងអាជ្ញាធរ ។ ក្នុងនោះ លោក វឌ្ឍនាសាប៊ុង បានបញ្ជាក់ថា ដោយសារការប្រព្រឹត្តអំពើពុករលួយ កម្សោយការចុះបញ្ជីប័ណ្ណកាន់កាប់ដី និងការដែលថ្នាក់ក្រោមមិនគោរពតាមលិខិតបទដ្ឋានគតិយុត្តិរបស់រដ្ឋាភិបាល ដែលនេះសុទ្ធសឹងជាហេតុដែលនាំអោយមានទំនាស់ដីធ្លីកើតឡើង មិនថមថយ ។
លោក វឌ្ឍនាសាប៊ុង បានបន្តថា រាល់ករណីទំនាស់ដីធ្លីដែលលោកចុះសិក្សាស្រាវជ្រាវដោយផ្ទាល់នៅតាមបណ្ដាខេត្ត ក្រុងនានា រួចហើយ លោកធ្វើរបាយការណ៍ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រច ដោយលោកក៏បានផ្ដល់នូវយោបល់បន្ថែមដោយជម្រុញអោយប្រមុខរដ្ឋាភិបាល ចាត់វិធានការច្បាប់តឹងរឹងលើអ្នកល្មើសច្បាប់ទាំងនោះ ផងដែរ ។
សម្រាប់លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងដែរថា បញ្ហាដីធ្លី ជាជម្ងឺរ៉ាំរៃយូរមកហើយ ដែលមិនទាន់មានការដោះស្រាយ បន្សល់ទុកមកដល់បច្ចុប្បន្ននេះ ហើយក៏មានករណីខ្លះមានការញ៉ុះញ៉ង់ពីមេខ្យល់មួយចំនួន ផងដែរ ដើម្បីធ្វើអោយមានការតវ៉ា និងបង្កើតអោយមានទំនាស់ដីធ្លីកើតឡើង ។
ក្នុងនោះដែរ លោក ពេជ្រ ស្រស់ បានជម្រុញអោយរដ្ឋាភិបាល បង្កើតអោយមានការស៊ើបអង្កេតអោយបានម៉ត់ចត់ ដោយមានសមាសភាពស្ថាប័នចម្រុះ ក្នុងការចុះដោះស្រាយបញ្ហាដីធ្លីនានា នៅទូទាំងប្រទេស ជាក់ស្ដែងដូចការដោះស្រាយទំនាស់ដីរបស់ឧកញ៉ា ជាម ផែន ជាដើម ដើម្បីធានាតម្លាភាព តុល្យភាព សុក្រឹត្យភាព និងប្រសិទ្ធភាពការងារ ។
ជាមួយគ្នានេះ មន្រ្តីកម្មវិធីពង្រឹងសិទ្ធិអំណាចមូលដ្ឋាន នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា ទំនាស់ដីធ្លី ហាក់មានភាពស្ងប់ស្ងាត់បន្តិចមែន តែនៅពេលអនាគត នឹងអាចងើបឡើងវិញ ផងដែរ ដែលទាមទារអោយរដ្ឋាភិបាល ត្រូវមាននូវដំណោះស្រាយបន្ថែមទៀត ពិសេសក្រុមឧកញ៉ា ឬមន្រ្តីមួយចំនួន ដោយអាងអំណាច បុណ្យសក្តិ រំលោភយកដីរដ្ឋ និងប្រជាជនទន់ខ្សោយ ដោយត្រូវចាត់វិធានការលើអ្នកល្មើសច្បាប់ទាំងនោះ ដោយគ្មានការលើកលែង ។
ដោយឡែក លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតប បាននោះទេ ដោយលោកកំពុងជាប់ប្រជុំ ។
គួរកត់សម្គាល់ដែរថា ក្នុងកិច្ចរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងប្រតិភូក្រសួងរៀបចំដែនដី ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ជា សុផារ៉ា កាលពីកន្លងទៅ លោករដ្ឋមន្ត្រីបានប្ដេជ្ញាដោះស្រាយវិវាទដីធ្លីនៅកម្ពុជា អោយចប់អស់ទាំងស្រុងនៅត្រឹមឆ្នាំ ២០២០ ខាងមុខនេះ ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី បានបង្ហាញថា ការដោះស្រាយវិវាទដីធ្លីដោយក្រុមការងារក្រសួង ៖ ទទួលពាក្យបណ្តឹង ចំនួន៤៧៧ករណី, ដោះស្រាយសរុបបានចំនួន ១០១ករណី ក្នុងនោះដោះស្រាយបញ្ចប់ចំនួន ៣៩ករណី និងធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង ឬបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ៦២ករណី។ លទ្ធផលសរុបគិតចាប់ពីខែមេសា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រសួងបានទទួលករណីវិវាទសរុបចំនួន ១.១១៦ករណី៖ ដោះស្រាយបានចំនួន ៣៤២ករណី, ក្នុងនោះបានបញ្ចប់ស្ថាពរចំនួន ១១១ករណី, ធ្វើលិខិតឆ្លើយតបទៅម្ចាស់បណ្តឹង និងបង្វែរទៅសមត្ថកិច្ចពាក់ព័ន្ធចំនួន ២៣១ករណី និងកំពុងដោះស្រាយ ៧៧៤ករណី ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!