សមត្ថកិច្ច កំពុងស៊ើបអង្កេត ដើម្បីកំណត់ថា កាកសំណល់សំរាម មកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះ តាមច្បាប់ជាធរមាន
ក្រសួងស្ថាប័នពាកព័ន្ធ កំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវលើករណីនាំចូលកាកសំណល់សំរាមពីបរទេស មកកាន់ប្រទេសកម្ពុជា ចំនួន ៨៣ កុងតឺន័រ ដើម្បីកំណត់ថាទំនិញហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ ព្រមទាំងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះ តាមច្បាប់ជាធរមាន ផងដែរ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ នឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកប្រភព និងឫសគល់ដែលនាំអោយមានការនាំចូលកាកសំណល់សំរាមមកកាន់ប្រទេសកម្ពុជា ដោយសមត្ថកិច្ចនឹងកំណត់ថាទំនិញ ហាមឃាត់ទាំងនេះមកពីប្រភពណា ហើយនឹងត្រូវបញ្ជូនទៅប្រភពដើមវិញ និងធ្វើការផាកពិន័យលើក្រុមហ៊ុនដែលនាំចូលមកនោះ តាមច្បាប់ជាធរមាន។
អ្នកនាំពាក្យរូបនេះ បានបន្តថា ការបង្ក្រាបលើការនាំចូលសំរាមពីបរទេសមកចូលប្រទេសកម្ពុជា នៅពេលនេះ មានកិច្ចសហការគ្នារវាងក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការទប់ស្កាត់ទំនិញហាមឃាត់មិនអោយចូលមកកម្ពុជាបាន ។
ជាមួយគ្នានេះ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ ថា ករណីនាំចូលកាកសំណល់សំរាមនេះ កំពុងស្ថិតក្នុងការស៊ើបអង្កេត និងនីតិវិធីរបស់សមត្ថកិច្ចពាក់ព័ន្ធ ដូច្នេះចំណាត់ការផ្សេងៗបន្តទៀតយ៉ាងណានោះ គឺរង់ចាំលទ្ធផលស៊ើបអង្កេត និងស្រាវជ្រាវរបស់សមត្ថកិច្ច ជាមុនសិន ។
ដោយឡែក លោក មាស នី អ្នកតាមដានការអភិវឌ្ឍសង្គម លើកឡើងថា ការនាំចូលកាកសំណល់ពីបរទេស មកកាន់ប្រទេសកម្ពុជា នេះ មិនមែនជាករណីទីមួយ នោះទេ ដោយលោកបញ្ជាក់ថា កន្លងទៅ ក៏មានករណីដូចគ្នានេះដែរ ក្នុងការនាំចូលសំរាម មកកាន់កម្ពុជា ។ ដូច្នេះករណីមួយនេះ ក្រសួងមានសមត្ថកិច្ចត្រូវតែមានការស្រាវជ្រាវរកប្រភព និងបុគ្គលដែលនៅពីក្រោយករណីអោយមានការនាំចូលកាកសំណល់នេះ ជាបន្ទាន់ ។
គួររំលឹកដែរថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងបញ្ជាក់ជាច្រើនលើកច្រើនសាររួចមកហើយ ថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតអោយមានជាដាច់ខាត ចំពោះការនាំចូលសំណល់ប្លាស្ទិកមកកែច្នៃនៅកម្ពុជា ព្រោះកម្ពុជាមិនមែនជាធុងសំរាមសម្រាប់ការបោះចោលបច្ចេកវិទ្យាហួសសម័យ នោះទេ ហើយរាជរដ្ឋាភិបាលជំទាស់ជានិច្ចនឹងការនាំចូលសំណល់ប្លាស្ទិក និងប្រេងម៉ាស៊ីនមកកែច្នៃនៅកម្ពុជា ជាដាច់ខាត ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ នេះ កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមនាំចូលពីបរទេសត្រូវកម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាននៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!