អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងប្រើគ្រប់មធ្យោបាយ ដើម្បីតាមចាប់ខ្លួន លោក សម រង្ស៊ី និងបក្ខពួក យកមកផ្តន្ទាទោសតាមច្បាប់ ក្រោយទទួលបានដីការបង្គាប់របស់តុលាការ អោយចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួក ដែលកំពុងគេចខ្លួន
អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលដីកាបង្គាប់អោយចាប់ខ្លួន លោក សម រង្សី និងបក្ខពួក ដែលត្រូវតុលាការសម្រេចផ្តន្ទាទោស ហើយបច្ចុប្បន្នកំពុងគេចខ្លួន។
យោងតាមសេចក្ដីជូនដំណឹងរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានលើកឡើងថា ក្នុងតួនាទីជាភ្នាក់ងារអនុវត្តច្បាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយស្របតាមច្បាប់ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពតាមដីការបស់តុលាការ ក្នុងការស្វែងរក និងចាប់ខ្លួនលោក សម រង្ស៊ី និងបក្ខពួកយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ដែរថា ក្នុងស្មារតីរួមចំណែកពង្រឹង និងការពារនីតិរដ្ឋ ព្រមទាំងធានាការ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណៈជនជាតិ និងអន្តរជាតិ ចូលរួមគាំទ្រដល់ការអនុវត្តភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ និងកុំធ្លាក់ក្នុងឧបាយកលញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលកំពុងបំផុសឲ្យប្រជាពលរដ្ឋបះបោរប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចដែលសកម្មភាពនេះ គឺជាទង្វើខុសច្បាប់ ហើយក៏ជាទង្វើដែលបង្កឲ្យមានអសន្តិសុខដល់សង្គម ។
ជាមួយគ្នានេះដែរ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអោយបញ្ឈប់ជាបន្ទាន់នូវរាល់ចេតនារារាំងការអនុវត្តដីការបស់តុលាការ ព្រោះសកម្មភាពរារាំងការអនុវត្តដីការបស់តុលាការ គឺជាអំពើដែលត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។
អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជនជាតិ និងអន្តរជាតិ នឹងចូលរួមសហការគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!