អង្គការសិទ្ធិមនុស្ស បង្ហាញក្ដីព្រួយបារម្ភ ចំពោះការបន្តរឹតត្បិតសិទ្ធិសេរីភាពជួបជុំ នៅកម្ពុជា
អង្គការសិទ្ធិមនុស្សនៅកម្ពុជា បង្ហាញការព្រួយបារម្ភ ចំពោះការបន្តរឹតត្បិតលើសិទ្ធិសេរីភាព និងសកម្មភាពជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍ និងសកម្មជនគណបក្សនយោបាយ បើទោះបី កន្លងទៅ រាជរដ្ឋាភិបាល បានបង្ហាញនូវឆន្ទៈក្នុងការបើកលំហរសេរីភាពនៃការជួបប្រជុំ របស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន យ៉ាងណាក្ដី ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា (អាដហុក) បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តរឹតត្បិតសកម្មភាពការជួបជុំរបស់អង្គការសង្គមស៊ីវិល សហគមន៍មូលដ្ឋាន និងសកម្មជនគណបក្សនយោបាយ ពីសំណាក់កងកម្លាំងនគរបាល និងអាជ្ញាធរនៅតាមមូលដ្ឋានមួយចំនួន បើទោះបីកាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាល ជាពិសេសក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈក្នុងការបើកលំហរសេរីភាពនៃការជួបប្រជុំ របស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន រហូតមានការរៀបចំវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គស៊ីវិល យ៉ាងណាក៏ដោយ ។
សមាគមអាដហុក បានយល់ឃើញថា សកម្មភាពនៃការរឹតត្បិតទាំងអស់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យ ជាពិសេស លើមាត្រា២១ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ ដែលប្រទេសកម្ពុជាជារដ្ឋភាគីហត្ថលេខី និង មាត្រា៤១ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ មិនតែប៉ុណ្ណោះវាក៏នាំអោយប៉ះពាល់ និងបាត់បង់តម្លៃគតិយុត្តិ ចំពោះសេចក្តីជូនដំណឹងផ្សេងៗ របស់ក្រសួងមហាផ្ទៃ កន្លងមក ក៏ដូចជាមិនបានបង្ហាញឲ្យឃើញពីឆន្ទៈស្មោះត្រង់ ដូចការបញ្ជាក់របស់ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងវេទិកាភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គស៊ីវិល ដែលរៀបចំឡើងដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៩ ផងដែរ ។
ក្នុងនោះដែរ សមាគមអាដហុក ក៏បានអំពាវនាវដល់រដ្ឋាភិបាល ពិសេសក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការអោយបានម៉ឺងម៉ាត់ ចំពោះសមត្ថកិច្ចណាដែលមិនបានគោរព និងអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ដែលនៅតែបន្តសកម្មភាពរឹតត្បិត គំរាមកំហែងដល់ការជួបជុំរបស់អង្គការ/សមាគម ព្រមទាំងសហគមន៍មូលដ្ឋាន ។
ស្រដៀងនឹងសេចក្ដីថ្លែងការណ៍របស់សមាគមអាដហុកនេះដែរ លោក អំ សំអាត មន្រ្តីសិទ្ធិមនុស្ស នៃអង្គការលីកាដូ បានលើកឡើងថា អង្គការសង្គមស៊ីវិល ដែលធ្វើការទៅលើកិច្ចសិទ្ធិមនុស្ស ការតស៊ូមតិ លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត តែងតែមានការរឹតត្បិតសិទ្ធិសេរីភាព ដោយមានការឃ្លាំងមើលពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មានការលាបពណ៌ដោយចោទថា សង្គមស៊ីវិលទាំងនោះ ធ្វើការញុះញ៉ង់ដល់ប្រជាពលរដ្ឋអោយមានការតវ៉ា ឬប្រឆាំងនឹងរដ្ឋាភិបាល ឬ អាជ្ញាធរ ជាដើម ។
មន្រ្តីសិទ្ធិមនុស្សលីកាដូរូបនេះ បានបន្តថា ក្រសួងមហាផ្ទៃ ធ្លាប់ចេញលិខិតជាបន្តបន្ទាប់រួចមកហើយ ទាក់ទងនឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយនឹងសង្គមស៊ីវិល ក៏ប៉ុន្តែក្រសួងមិនបានណែនាំ និងជម្រុញដល់អាជ្ញាធរមូលដ្ឋានអោយបានយល់ច្បាស់អំពីកិច្ចសហការនេះ នៅឡើយនោះទេ ដូច្នេះលោក ស្នើអោយក្រសួងមហាផ្ទៃ ពិនិត្យ និងជម្រុញបន្ថែមទៀតដល់អាជ្ញាធរទាំងអស់នោះ ដើម្បីធានាអោយបាននូវកិច្ចសហការអោយកាន់តែល្អប្រសើររវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ព្រមទាំងសហគមន៍នានា នៅតាមមូលដ្ឋាន ។
គួររំលឹកដែរថា កាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩ រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃ បានបង្ហាញនូវឆន្ទៈក្នុងការបើកលំហរសិទ្ធិសេរីភាពនៃការជួបប្រជុំ របស់អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដោយចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូយ៉ាងសំខាន់របស់រដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ក៏ធ្លាប់ចេញសេចក្ដីណែនាំដល់មន្រ្តីនៅតាមមូលដ្ឋាន ត្រូវមានសហការល្អជាមួយបណ្ដាអង្គការសង្គមស៊ីវិល លើសពីនេះទៅទៀត លោករដ្ឋមន្រ្តី ក៏បានណែនាំដល់មន្រ្តី ឬ អាជ្ញាធរមូលដ្ឋាន កុំស្អប់ ឬខឹងក្រុមសង្គមស៊ីវិល ដែលគេរិះគន់ ក្នុងន័យស្ថាបនា ដើម្បីប្រយោជន៍ជាតិ ទៀតផង ។
សូមបញ្ជាក់ដែរថា បើតាមការបញ្ជាក់របស់លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងដែរថា អង្គការសង្គមស៊ីវិលសមាគមដែលក្រសួងមហាផ្ទៃ បានចុះក្នុងបញ្ជីនាពេលបច្ចុប្បន្ន គឺមានរហូតដល់ជាង៥,០០០អង្គការសមាគម ហើយគ្មានអង្គការ ឬ សមាគមណាមួយ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅនៅក្នុងក្រសួងនោះឡើយ ផ្ទុយទៅវិញមានតែទទួលយកសំណើរបស់ពួកគេយកទៅពិចារណាដើម្បីស្ថាបនារួមតែប៉ុណ្ណោះ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!