រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជួបជុំគ្នាទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោកសម រង្ស៊ី នោះទេ
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជួបជុំគ្នាទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោកសម រង្ស៊ី នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះឡើយ ។ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងព្រមានចាត់វិធានការតាមផ្លូវច្បាប់លើអ្នកទាំងនោះ ទៀតផង បើសិននៅតែមានការជួបជុំ ។
នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយ ជូនដល់តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានសមាគម និងលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យោងតាមការស្នើសុំប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨;០០ នាទី ដល់ម៉ោង ១២;០០ នាទី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែលមានមនុស្សចូលរួមប្រមាណ ៧២ នាក់ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតជូនទេ ដោយអាជ្ញាធរក្រុងភ្នំពេញ អះអាងថា សកម្មភាពជួបជុំនេះ គឺប្រឆាំងនឹងសាលដីការបស់តុលាការកំពូល និងរំលោកភលើសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ផងដែរ ។
ក្នុងនោះដែរ អាជ្ញាធរក្រុងភ្នំពេញ បានគូសបញ្ជាក់ដែរថា ក្នុងករណីនៅតែបន្តរៀបចំការជួបជុំនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងត្រូវអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ សមាគមគ្រូបង្រៀងកម្ពុជាឯករាជ្យ បានដាក់លិខិតដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្នើប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសដល់លោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ។
ក្នុងលិខិតនោះ បានអោយដឹងដែរថា ការប្រមូលផ្ដុំនេះ នឹងមានមនុស្សចូលរួមយ៉ាងតិច ៧២ នាក់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨;០០ នាទី ដល់ម៉ោង ១២;០០ នាទីថ្ងៃត្រង់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!