សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្ហាញការសោកស្ដាយ ប៉ុន្តែសមាគមនឹងគោរពតាមការសម្រេចរបស់អាជ្ញាធររាជធានីភ្នំពេញ
រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជួបជុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោកសម រង្ស៊ី នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះឡើយ ខណៈប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង្ហាញការសោកស្ដាយ តែសមាគមនឹងគោរពតាមការសម្រេចរបស់អាជ្ញាធររាជធានីភ្នំពេញ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
នៅថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយ ជូនដល់តំណាងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានលោកស្រី អ៊ុក ឆាយ៉ាវី ជាប្រធានសមាគម និងលោក រ៉ុង ឈុន ជាទីប្រឹក្សាសមាគម ដោយរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា យោងតាមការស្នើសុំប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសលោក សម រង្ស៊ី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨;០០ នាទី ដល់ម៉ោង ១២;០០ នាទី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដែលមានមនុស្សចូលរួមប្រមាណ ៧២ នាក់ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នោះ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតអោយនោះទេ ដោយអាជ្ញាធរក្រុងភ្នំពេញ អះអាងថា សកម្មភាពជួបជុំនេះ គឺប្រឆាំងនឹងសាលដីការបស់តុលាការកំពូល និងរំលោកភលើសមត្ថកិច្ចរបស់ស្ថាប័នតុលាការ ផងដែរ ។
ក្នុងនោះ អាជ្ញាធរក្រុងភ្នំពេញ បានគូសបញ្ជាក់ដែរថា ក្នុងករណីនៅតែបន្តរៀបចំការជួបជុំនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់ ព្រមទាំងត្រូវអោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមាន ។
ជាមួយនឹងការបដិសេដរបស់អាជ្ញាធរក្រុងភ្នំពេញនេះ លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានថ្លែងនៅថ្ងៃនេះ ថា លោកស្រីមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចរបស់អាជ្ញាធរក្រុងភ្នំពេញ ដែលមិនអនុញ្ញាតអោយសមាគមរបស់លោកស្រី ជួបជុំសម្ដែងមតិ នាថ្ងៃខាងមុខនេះ តែយ៉ាងណាលោកស្រី អ៊ុក ឆាយ៉ាវី បញ្ជាក់ថា លោកស្រីនឹងគោរពទៅតាមលិខិតជូនដំណឹងរបស់អាជ្ញាធរក្រុង ដោយមិនប្រឆាំងអ្វីនោះឡើយ ។
លោកស្រី អ៊ុក ឆាយ៉ាវី បានលើកឡើងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនមានបំណងបំពាន ឬជ្រៀងជ្រែកកិច្ចការស្ថាប័នតុលាការនោះទេ ប៉ុន្តែនេះ គ្រាន់ជាការសម្ដែងមតិ ក្នុងគោលបំណងទាមទារភាពយុត្តិធម៌ និងដើម្បីរក្សាអោយបាននូវប្រព័ន្ធអនុគ្រោះពន្ធ EBA តែប៉ុណ្ណោះ ។
សម្រាប់មន្រ្តីសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត យល់ឃើញថា ការសម្រេចរបស់អាជ្ញាធររាជធានីភ្នំពេញ បានបង្ហាញអោយឃើញនូវការរឹតត្បិតលើសិទ្ធិសេរីភាពក្នុងការជួបជុំ ការបញ្ចេញមតិ របស់ពលរដ្ឋ ដែលច្បាប់មានចែងយ៉ាងច្បាស់ពីសិទ្ធិរបស់ពលរដ្ឋគ្រប់រូប ក្នុងការជួបជុំសម្ដែងមតិ ការប្រមូលផ្ដុំដោយសន្តិវិធី ព្រមទាំងការទាមទារអ្វីផ្សេងៗ ទៀត ជាដើម ។
សូមជម្រាបជូនដែរថា កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ការជួបជុំសម្ដែងមតិ ដោយទាមទារអោយមានការដោះលែងមេដឹកនាំលោក កឹម សុខា និងលោក សម រង្ស៊ី នេះ គ្រាន់ជាឧបករណ៍បម្រើអោយបរទេស ប៉ុណ្ណោះ ក្នុងគោលបំណងប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ជារឿងៗមកហើយ ដូច្នេះលោកមិនមានអ្វីជាការឆ្លើយតបនោះទេ ។
សូមបញ្ជាក់ថា កាលពីនៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០១៩ សមាគមគ្រូបង្រៀងកម្ពុជាឯករាជ្យ បានដាក់លិខិតដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងស្នើប្រមូលផ្ដុំសម្ដែងមតិ ដើម្បីទាមទារអោយមានការដោះលែងលោក កឹម សុខា និងលើកលែងទោសដល់លោក សម រង្ស៊ី ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ។
ក្នុងលិខិតនោះ បានអោយដឹងដែរថា ការប្រមូលផ្ដុំនេះ នឹងមានមនុស្សចូលរួមយ៉ាងតិច ៧២ នាក់ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ចាប់ពីម៉ោង ៨;០០ នាទី ដល់ម៉ោង ១២;០០ នាទីថ្ងៃត្រង់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!