លោក ហេង សំរិន ជំរុញឲ្យអគ្គរាជទូតថ្មីប្រចាំបណ្តាប្រទេស នានាទាំងអស់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
លោក ហេង សំរិន ប្រធានរដ្ឋសភា នៅថ្ងៃទី២៧នេះ បានអនុញ្ញាតិអោយ អគ្គរាជទូត ដែលទើបតែចូលកាន់ដំណែងថ្មី ប្រចាំបណ្តាប្រទេសនានាទាំងអស់ ចូលជួបសម្តែងការគួរសម្យ និងជម្រាបលា មុនពេលទៅបំពេញបេសកកម្មការទូត និងបានជម្រុញអោយមន្ត្រីទូតថ្មីទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ ការបរទេស វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ជាមួយប្រទេសដែលខ្លួនបំពេញបេសកកម្ម និងត្រូវចេះលើកកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ ឲ្យបានល្អប្រសើរ។
សមាសភាពឯកអគ្គរាជទូត ដែលទើបតែងតំាង និងដែលបានអនុញ្ញាតចូលសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភា មានលោក ជុំ ប៊ុនរ៉ុង ជាឯកអគ្គរាជទូត ប្រចំាសហរដ្ឋអាមេរិក ។ លោក កុយ គួង ជាឯកអគ្គរាជទូត ប្រចំាប្រទេសអូស្ត្រាលី។ លោក ស្មាន ម៉ាណាន ជាឯកអគ្គរាជទូត ប្រចំារដ្ឋគុយវ៉ែត។ លោក នង សាកល ជាឯកអគ្គរាជទូត ប្រចំាសាធារណរដ្ឋឥណ្ឌូនេស៊ី។ លោកស្រី ជា គឹមថា ជាឯកអគ្គរាជទូត ប្រចំាប្រទេសជប៉ុន។ លោក ជា ជីរៈ ជាឯកអគ្គរាជទូតប្រចំាសាធារណរដ្ឋកូរ៉េ។លោក ជេត ណារ៉ែន ជាឯកអគ្គរាជទូតប្រចំាប្រទេសប៊ែលហ្សិក។ និងលោក ពេជ្រ ឃុនបញ្ញា ជាឯកអគ្គរាជទូតប្រចំាសាធារណរដ្ឋឥណ្ឌា។
នៅក្នុងឱកាសនោះ លោកហេងសំរិន បានផ្តំាផ្ញើថា នៅពេលបំពេញការងារ មន្ត្រីទូតទាំងអស់ដែលដំណាងអោយភាគីកម្ពុជា ក្នុងឆាកអន្តរជាតិ គប្បីត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ការពារផលប្រយោជន៍របស់ ជាតិ និង ប្រជាពលរដ្ឋខ្មែរ ពលករខ្មែរ ដែលរស់នៅប្រកបអាជីវកម្មនិងធ្វើការងារនៅបណ្តាប្រទេសនានា ទទួលជាតំណាង ទោះបីស្ថិតក្នុងកាលៈទេសៈ បែបណាក៏ដោយ។
លោកបានណែនាំដល់មន្ត្រីទូតទាំងនោះ ត្រូវក្តាប់ឲ្យបាន នូវចំនួនពលរដ្ឋខ្មែររស់នៅប្រទេសដែលខ្លួន មានបេសកកម្ម ហើយបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើទំនាក់ទំនង ហើយត្រូវការពារផលប្រយោជន៍ ពលរដ្ឋ និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយឯកអគ្គរដ្ឋទូត រាជទូតនៃបណ្តាប្រទេសដ៏ទៃទៀត ប្រចាំនៅប្រទេសទំាងនោះផងដែរ ។
ដោយ៖សំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!