ពលរដ្ឋព្រៃឡង់ និងសកម្មជនការពារព្រៃឈើ ស្នើដល់គណកម្មការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងក្រសួងពាក់ព័ន្ធចុះស៊ើបអង្កេតលើក្រុមហ៊ុនស៊ីបាយអូថេក ដែលកំពុងមានភាពមិនប្រក្រតី ក្នុងការកាប់បំផ្លាញព្រឈើ ខណដែលទទួលបានទទួលអាជ្ញាប័ណ្ណស្តារព្រៃឈើ តែបែរជាកា
ពលរដ្ឋរស់នៅជាប់ព្រៃឡង់ និងសកម្មជនការពារព្រៃឈើ អះអាងថា ក្រុមហ៊ុន ស៊ីបាយអូថិច ដែលទទួលបានអាជ្ញាប័ណ្ណស្ដារព្រៃឈើ នៅខេត្តស្ទឹងត្រែង និងក្រចេះ បានកាប់បំផ្លាញព្រៃឈើ និងកាប់ដើមច្បោះជ័រ របស់ប្រជាពលរដ្ឋអស់ជាច្រើនដើម ខណៈពួកគេ ស្នើរអោយ គណកម្មការទប់ស្កាត់និងបង្រា្កបបទល្មើសធនធានធម្មជាតិ ចុះពិនិត្យលើក្រុមហ៊ុនមួយនេះ ខណៈដែលអ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា អាជ្ញាប័ណ្ណ ស្តារព្រៃឈើ របស់ក្រុមហ៊ុននេះ គឺក្រសួងកសិកម្មគឺជាអ្នកចេញអាជ្ញាប័ណ្ណ។
សូមស្តាប់ព័ត៌មានពិស្តារ៖
លោក ខេង ខូ តំណាងពលរដ្ឋរស់នៅជាប់ព្រៃឡង់ នៃភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រាប់វិទ្យសំឡេងយុវជន នៅថ្ងៃទី ១ ខែ សីហា ឆ្នាំ ២០១៩ថា ក្រុមហ៊ុនស៊ីបាយ អូថេក បានការកាប់បំផ្លាញព្រៃឈើទាំងក្នុងតំបន់របស់ក្រុមហ៊ុនកាន់កាប់ផង និងក្រៅតំបន់ផងដោយក្នុងនោះ មានទាំងកាប់ដើមច្បោះជ័រជាច្រើនដើមទៀតរបស់ប្រជាពលរដ្ឋ ។ លោកថា នៅពេលដែលពួកលោកចុះទៅអ្នកកាប់ឈើទាំងអស់របស់ក្រុមហ៊ុននោះនាំគ្នាគេចខ្លួនអស់ តែពេលគាត់ចេញមកវិញនោះ បានជ្រៀតចូលមកដឹកនិងកាប់បន្តទៀត ។ លោកបន្តថា ពីដំបូងក្រុមហ៊ុននេះបានធ្វើការចរចារជាមួយប្រជាពលរដ្ឋថា នឹងទុកដើមច្បោះជ័រអោយប្រជាពលរដ្ឋ ប៉ុន្តែយូរទៅក្រុមហ៊ុនថា ដីនោះជាកម្មសិទ្ធិរបស់គាត់ដែលទទួលបានអាជ្ញាប័ណ្ណកាន់កាប់។
លោកខេង ខូ បន្តថា ក្រុមហ៊ុននេះ មានទាំងការបោកប្រាសប្រជាពលរដ្ឋលើការទិញយកដើមឈើ ច្បោះជ័ររបស់ប្រជាពលរដ្ឋដែលប្រកបរបបលើដើមច្បោះជ័រ នេះទាំងពីរខេត្តគឺ ខេត្តស្ទឹងត្រែង និងក្រចេះថែមទៀតផង ។ លោកស្នើរអោយគណកម្មការទប់ស្កាត់និងបង្រា្កបបទល្មើសធនធានធម្មជាតិពិនិត្យ និងស្រាវជ្រាវលើក្រុមហ៊ុនមួយនេះផងដែរ ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ លើកឡើងដែរថា ក្រុមហ៊ុនស៊ីបាយអូថេក ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណស្ដារព្រៃឈើ ប៉ុន្តែបែរជាមិនបានស្ដារព្រៃឈើ ទៅជាកាប់បំផ្លាញព្រៃឈើទៅវិញ ។ លោកថា ក្រុមហ៊ុននេះ ប្រើរូបភាពស្រដៀងទៅក្រុមហ៊ុនដទៃទៀត ដែរកាប់ឈើពីសហគមន៍ កាប់ច្បោះជ័ររបស់សហគមន៍ យកទៅទុកហើយធ្វើអាជីវកម្មលក់ទៅក្រៅប្រទេស ។ សកម្មជនការពារព្រៃឈើរូបនេះ ក៏ស្នើរអោយគណកម្មការទប់ស្កាត់និងបង្រា្កបបទល្មើសធនធានធម្មជាតិចុះពិនិត្យលើក្រុមហ៊ុនមួយនេះផងដែរ ។ សំឡេង
ទាក់ទងនឹងរឿងនេះផងដែរ វិទ្យុសំឡេង យុវជន ក៏បានទាក់ទងទៅ លោក អេង ហ៊ី អ្នកនាំពាក្យគណកម្មការទប់ស្កាត់និងបង្រា្កបបទល្មើសធនធានធម្មជាតិផងដែរ តែលោកថាកំពុងជាប់ប្រជុំ ។ ដោយឡែកអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភត្រា បានប្រាប់វិទ្យុសំឡេងយុវជនថា ករណីក្រុមហ៊ុន ស៊ីបាយអូថេកដែលបានកាប់បំផ្លាញព្រៃឈើនេះ មិនពាក់ពន្ធ័ និងក្រសួងនោះឡើយ ដោយលោកជម្រុញអោយទៅសួរខាងក្រសួងកសិកម្មបន្ត។
យ៉ាងណាក៏ដោយវិទ្យុសំឡេងយុវជន បានព្យាយាមទាក់ទងទៅខាង ក្រសួងកសិកម្មដែលបានផ្ដល់អាជ្ញាប័ណ្ណអោយក្រុម ស៊ីបាយអូថិចជាបន្ត តែ លោក កែវ អូម៉ាលីស្ស ប្រតិភូររដ្ឋភិបាលទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ មិនទទួលទូរស័ព្ទ ។
សូមបញ្ជាក់ផងដែរថា កាលពីខែមិថុនា ឆ្នាំ២០១២ ក្រសួងកសិកម្ម បានផ្ដល់សិទ្ធិឲ្យ ក្រុមហ៊ុនស៊ីបាយអូថេក វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញលើផ្ទៃដីចំនួនជាង ៣ម៉ឺន ៤ពាន់ហិកតារ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ស៊ីបាយអូថេក បានធ្វើការផ្ទេរសិទ្ធបើករោងចក្រអារឈើទៅឲ្យក្រុមហ៊ុន អង្គរប្លាយវូដ កាលពីចុងឆ្នាំ២០១៨៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!