ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គាំទ្រ ប្ដេជ្ញាចិត្តចូលរួមចំណែកផ្ដល់ព័ត៌មាន និងផ្ដល់របាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ចំពោះការប្រព្រឹត្តអំពើពុករលួយ របស់មន្រ្តីខិលខូចមួយចំនួន
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជម្រុញអោយរាជរដ្ឋាភិបាល ពង្រឹងសមត្ថភាព និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ និងប្រសិទ្ធិភាព ក្នុងការបោសសំអាតមន្រ្តីខិលខូច និងមន្រ្តីដែលប្រព្រឹត្តអំពើពុករលួយ ខណៈអ្នកទាំងនោះ ប្ដេជ្ញាចិត្តចូលរួមចំណែកផ្ដល់ព័ត៌មាន និងផ្ដល់របាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ចំពោះការប្រព្រឹត្តអំពើពុករលួយ របស់មន្រ្តីខិលខូចមួយចំនួន ផងដែរ ។
សូមស្ដាបព័ត៌មានពិស្ដារ ៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តអភិក្រមទី៥ គឺ «វះកាត់» ដោយលោកព្រមានដកហូតបុណ្យស័ក្តិ និងបង្កទ្រព្យសម្បត្តិ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលយកតួនាទីប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិរដ្ឋ កាប់បំផ្លាញព្រៃឈើ រំលោភយកដីរដ្ឋធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រៅពីដកហូតបុណ្យស័ក្តិ និងបង្កកទ្រព្យសម្បត្តិហើយនោះ មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលប្រព្រឹត្តអំពើពុករលួយ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមានថែមទៀតផងដែរ ។
ការបង្ហាញជំហរម៉ឹងម៉ាត់ក្នុងការអនុវត្តអភិក្រមទី ៥ ចំពោះមន្ត្រីរាជការ និងកងកម្លាំងប្រាប់អាវុធរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ។
ជាមួយគ្នានេះ កន្លងទៅ ក្នុងពេលចុះពិនិត្យការដ្ឋានសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសដែរថា លោកនឹងបញ្ជូនមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយអោយចុះធ្វើសកម្មភាពដោយផ្ទាល់តែម្តង ចំពោះមន្ត្រីប្រព្រឹត្តអំពើពុករលួយ ដោយគ្មានការយោគយល់ អនុគ្រោះ ឬទទួលការអន្តរាគមន៍នោះឡើយ ។
ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បង្ហាញការគាំទ្រចំពោះការប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី ដោយក្នុងនោះដែរ លោកនឹងប្ដេជ្ញាចិត្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលគោរពទៅតាមច្បាប់ និងតួនាទីភារកិច្ច ដោយនឹងធ្វើកាស្រាវជ្រាវ និងធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តី ឬ បុគ្គលមានអំណាចទាំងឡាយណាដែលប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាភាពអសកម្មការងារបម្រើជាតិ និងប្រជាពលរដ្ឋ ជាដើម ដើម្បីជាធាតុចូលបន្ថែមទៀត ក្នុងការកម្ចាត់មន្រ្តីទាំងនោះ ។
លើសពីនេះ លោក វឌ្ឍនាសាប៊ុង បានជម្រុញលើកទឹកចិត្តដល់មន្ត្រី ពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវខិតខំបង្កើនសកម្មភាព សមត្ថភាព ព្រមទាំងធ្វើការដោយឆន្ទៈខ្ពស់ ដោយមិនចាំបទបញ្ជារបស់ថ្នាក់ដឹកនាំកំពូលបញ្ជា ហើយប្រតិបត្តិការដោយនិរន្តរ៍ ដូចភ្លៀងរលឹម ។
ស្រដៀងគ្នានេះដែរ លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានជម្រុញអោយរាជរដ្ឋាភិបាល ពង្រឹងសមត្ថភាព និងភារកិច្ចរបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបានជោគជ័យ និងប្រសិទ្ធិភាព ក្នុងការបោសសំអាតមន្រ្តីខិលខូច និងមន្រ្តីដែលប្រព្រឹត្តអំពើពុករលួយ ។ ក្នុងនោះដែរ លោក ពេជ្រ ស្រស់ នឹងខិតខំបន្ថែមទៀតទៅតាមតួនាទី សិទ្ធិរបស់លោក ដើម្បីធ្វើការផ្ដល់ព័ត៌មាន ក៏ដូចជាផ្ដល់របាយការណ៍នានា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយរបស់មមន្រ្តីមួយចំនួន ។
ដោយឡែក វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពី លោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បាននោះទេ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ អង្គភាពប្រឆាំងអំពើពុករលួយដឹកនាំផ្ទាល់ដោយលោក យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានចុះទៅចាប់ខ្លួនមន្ត្រីមន្ទីរសុរិយោដីខេត្តពោធិ៍សាត់៣រូប ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ ដោយមន្រ្តីទាំងនោះ បានទារលុយរហូតដល់ ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុញ្ញាតអោយសាងសង់សំណង់រោងចក្រនៅទីនោះ ។ មន្ត្រីទាំង៣រូបនោះ រួមមាន៖ ទី១. ឈ្មោះ លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តពោធិ៍សាត់, ទី២. ឈ្មោះ ជាង វុទ្ធី អនុប្រធានមន្ទីរ ទទួលការងារសំណង់ និងទី៣. ឈ្មោះ តែ ប៊ុនថេង មន្ត្រីសុរិយោដីខេត្ត ។ មកដល់ពេលនេះមន្ត្រីប្រព្រឹត្តអំពើពុករលួយទាំង៣រូបនេះ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាឃុំខ្លួនពួកគេនៅពន្ធនាគារផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!