ក្រុមសកម្មការពារព្រៃឈើ ជម្រុញអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវធ្វើការដោយឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តន៍ច្បាប់អោយបានម៉ឺងម៉ាត ប្រកបដោយតម្លាភាព ឯករាជ្យភាព ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យបទល្មើសព្រៃឈើ
ក្រុមសកម្មការពារព្រៃឈើ ជម្រុញអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោកផ្កាយបួន សៅ សុខា ត្រូវធ្វើការដោយឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តន៍ច្បាប់អោយបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព ឯករាជ្យភាព ដោយមិនមានការលាក់លៀម ចំពោះប្រតិបត្តិការចុះត្រួតពិនិត្យបទល្មើសព្រៃឈើ នៅតាមបណ្ដាក្រុមហ៊ុន និងទីតាំងស្តុកឈើនានា ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានបង្ហាញការសាទរ និងលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបទល្មើសព្រៃឈើនៅតាមបណ្ដាក្រុមហ៊ុន និងទីតាំងស្តុកឈើនានា នៅតាមបណ្ដាខេត្តជាប់ព្រំដែនឡាវ-វៀតណាម ដោយលោកលើកឡើងថា ជាក់ស្ដែង ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី ជាមុខសញ្ញានៃការចរាចរណ៍បទល្មើសព្រៃឈើយ៉ាងសកម្មរបស់ក្រុមឧកញ៉ាមួយចំនួន ដូច្នេះលោក ហេង ស្រស់ ជម្រុញអោយគណៈកម្មការ ត្រូវធ្វើការដោយឆន្ទៈ និងទំនួលខុសត្រូវខ្ពស់ ព្រមទាំងអនុវត្តន៍ច្បាប់អោយបានម៉ឺងម៉ាត ប្រកបដោយតម្លាភាព ឯករាជ្យភាព ដោយមិនមានការលាក់លៀមអ្វីនោះឡើយ ។
លើសពីនេះ លោក ហេង ស្រស់ ក៏ជម្រុញអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវមានការស្រាវជ្រាវរកព័ត៌មាន ក៏ដូចជាភ័ស្តុតាងផ្សេងៗបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តាមរយៈការសហការជាមួយនឹងសហគមន៍ ឬក្រុមសកម្មជនព្រៃឈើ អង្គការសង្គមស៊ីវិល ព្រមទាំងតាមរយៈការចុះផ្សាយរបស់សារព័ត៌មាន ជាដើម ។
ស្រដៀងគ្នានេះដែរ លោក ហឿន សុភាព សកម្មជនការពារព្រៃឡង់ ក៏ស្នើអោយមានការសហការគ្នារវាងគណៈកម្មការ និងប្រជាសហគមន៍ ក្នុងការផ្ដល់ព័ត៌មានផ្សេងៗ ដើម្បីបង្កើននូវប្រសិទ្ធិភាពការងារ ក៏ដូចជាប្រសិទ្ធិភាពក្នុងប្រតិបត្តិរបស់គណៈកម្មការ ក្នុងការចុះត្រួតពិនិត្យតាមក្រុមហ៊ុន ឬទីតាំងស្តុកឈើមួយចំនួន ទទួលបានជោគជ័យ ព្រមទាំងអាចរកឃើញក្រុមហ៊ុនដែលបានកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ ទៀតផង ។
មន្រ្តីជាន់ខ្ពស់នៃសហគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើងថា បទល្មើសព្រៃឈើ ជាបទឧក្រិដ្ឋ ដែលអាជ្ញាយុកាល ១៥ ឆ្នាំ ហេតុដូច្នេះលោក ស្នើអោយគណៈកម្មការ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ត្រូវមានការស្រាវជ្រាវរកមុខឧក្រិដ្ឋជន ឬក្រុមហ៊ុនទាំងឡាយណា ដែលរកស៊ីឈើខុសច្បាប់មកផ្ដន្ទាទោសតាមនីតិច្បាប់ បើទោះបីក្រុមហ៊ុន ឬបុគ្គលទាំងនោះ មិនចេញមុខ ឬផ្អាកសកម្មភាពរបស់ខ្លួនយ៉ាងណាក៏ដោយ ។
ដោយឡែក លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ វិទ្យុសំឡេងយុវជន មិនអាចទាក់ទងបាននោះទេ នៅថ្ងៃនេះ ។
សូមជម្រាបថា លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននិងកំពុងដឹកនាំមន្រ្តី នៃគណៈកម្មាការជាច្រើននាក់ ចុះពិនិត្យតាមក្រុមហ៊ុន និងទីតាំងស្តុកឈើនៅតាមបណ្តាខេត្តជាប់ព្រំដែនឡាវ-វៀតណាម ដោយចាប់ផ្តើមឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ តទៅ ។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ៥ សីហា លោក សៅ សុខា និងក្រុមមន្រ្តី បានចុះទៅពិនិត្យនៅមូលដ្ឋានស្រុកមេមត់ ខេត្តត្បូងឃ្មុំ មុនបន្តដំណើរទៅតាមបណ្តាខេត្តផ្សេងទៀតរួមមាន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ជាដើម។ ក្នុងការចុះពិនិត្យនេះ ក្នុងគោលបំណងរកអោយឃើញថា តើទីតាំងស្តុកឈើទាំងនេះ មានច្បាប់ត្រឹមត្រូវ និងធ្វើទៅតាមច្បាប់ដែរឬទេ? បើសិនរកឃើញថា មិនមានច្បាប់ត្រឹមត្រូវ និងដំណើរការខុសច្បាប់នោះ នឹងត្រូវប្រឈមនឹងវិធានការច្បាប់ជាក់ស្តែង ។
សូមបញ្ជាក់ថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួន រួមទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ត្រូវបានដុតបំផ្លាញចោលជាច្រើនគ្រឿង ផងដែរ ។ ដោយក្នុងនោះ លោក សឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារ ផងដែរ ។ ក្នុងនោះដែរ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានកោះហៅលោក គង់ ក្រឹង ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ ចូលបំភ្លឺ លើករណីបទល្មើសព្រៃឈើ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!