លោក ឆាយ ថន ផ្តល់អនុសាសន៍ចំនួន ៥ចំនុច ដល់ថ្នាក់ដឹកនាំក្រសួងផែនការ ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩
លោក ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ ផ្តល់អនុសាសន៍ចំនួន ៥ចំនុច ដល់ថ្នាក់ដឹកនាំក្រសួងផែនការ ក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់បណ្តាអង្គភាពជំនាញទាំងអស់ក្រោមឱវាទក្រសួងផែនការ ។
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើកទិសដៅបន្តរបស់បណ្តាអង្គភាពជំនាញទាំងអស់ក្រោមឱវាទក្រសួងផែនការ ត្រូវបានប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងផែនការ ក្រោមអធិបតីភាពរបស់លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គាធិការ អគ្គនាយករង អគ្គាធិការរង និងប្រធាននាយកដ្ឋាន ។
បន្ទាប់ពីបានស្តាប់របាយការណ៍អំពីសមិទ្ធផលការងារសម្រេចបានរយៈពេលក្នុងឆមាសទី១ ព្រមទាំងបញ្ហាប្រឈម ក៏ដូចជាសំណូមពរ ដែលបានលើកឡើងដោយតាមបណ្តាអង្គភាពជំនាញទាំងអស់ រួមទាំងការចូលរួមជាមតិយោបល់របស់ថ្នាក់ដឹកនាំរួចមក លោករដ្ឋមន្រ្តី បានមានមតិណែនាំ និងផ្តល់នូវអនុសាសន៍ ចំនួន៥ចំនុច ដើម្បីអង្គភាពជំនាញទាំងអស់ យកទៅកែសម្រួល និងអនុវត្តន៍បន្ តរួមមាន៖
១-ក្នុងរបាយការណ៍របស់បណ្តាអង្គភាពជំនាញទាំងអស់ ក្រៅអំពីសមិទ្ធផលការងារដែលសម្រេចបាន ត្រូវតែលើកឡើងបន្ថែមនូវបញ្ហាប្រឈម សំណូមពរ និងសេចក្តីសន្និដ្ឋានជាក់ស្តែង ដើម្បីធ្វើការវាយតម្លៃ និងមានវិធានការណ៍ដោះស្រាយអោយបានសមស្រប។
២-គួរតែមានការគិតគូរឱ្យបានច្បាស់លាស់ឡើងវិញ នូវរបៀបរបបការងារណា ដែលធ្វើអោយរាំងស្ទះ ឬដើរថយក្រោយ ត្រូវកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ក្នុងអង្គភាពនិមួយៗ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។
៣-សំណូមពរដល់បណ្តាអង្គភាពជំនាញទាំងអស់ រក្សាការសហការគ្នាអោយបានជិតស្និទក្នុងការរៀបចំគម្រោងកម្មវិធីអនុវត្តការងារផ្សេងៗ អោយបានស៊ីសង្វាក់គ្នា។
៤-បញ្ហាបុគ្គលិក មន្ត្រីរាជការ សំណូមពរដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវចេះដឹកនាំ សម្របសម្រួល បណ្តុះបណ្តាល ក៏ដូចជាការបែងចែកការងារ ការទទួលខុសត្រូវ តាមកម្រិតជំនាញរបស់បុគ្គលិក មន្ត្រីរាជការ របស់ខ្លួន។
៥-ចំពោះបុគ្គលិក មន្ត្រីរាជការ ដែលនៅតែបន្តអវត្តមាន គ្មានច្បាប់ទម្លាប់ មិនទទួលខុសត្រូវនឹងការងារ ហើយបានរំលោភលើច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា លោករដ្ឋមន្រ្តី នឹងមិនរាថយឡើយក្នុងការប្រើប្រាស់អភិក្រមទី៥ គឺវះកាត់ ដោយលោក ឆាយ ថន សូមឯកភាព និងលើកទឹកចិត្តដល់បណ្តាថ្នាក់ដឹកនាំអង្គភាពជំនាញទាំងអស់ សហការគ្នាជាមួយនាយកដ្ឋានបុគ្គលិក ពង្រឹងនូវវត្តមានមន្ត្រីរាជការក្រោមឱវាទរបស់ខ្លួនឡើងវិញ ប្រកាប់ខ្ជាប់ និងអនុវត្តន៍តាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និងបន្តឈានទៅប្រើប្រាស់អភិក្រមទី៥ គឺវះកាត់តែម្តង ៕ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!