សកម្មជនការពារព្រៃឈើ ៖ សកម្មភាពកាប់បំផ្លាញព្រៃឈើ ហាក់មានភាពស្ងប់ស្ងាត់ ប៉ុន្តែក្រុមឧក្រិដ្ឋជនរកស៊ីឈើ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅតែគេចផុតពីវិធានការច្បាប់ បានដដែល
ក្រុមសកម្មជនការពារព្រៃឈើ លើកឡើងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ ហាក់មានភាពស្ងប់ស្ងាត់ ក្រោយមានការចុះបង្ក្រាបលក្ខណទ្រង់ទ្រាយធំរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តែយ៉ាងណា អ្នកទាំងនេះ អះអាងថា ក្រុមឧក្រិដ្ឋជនរកស៊ីឈើ រួមទាំងអ្នកពាក់ព័ន្ធមួយចំនួន នៅតែគេចផុតពីវិធានការរបស់គណៈកម្មការ បានជាដដែល ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០១៩ នេះ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ បានលើកឡើងថា សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការចរាចរណ៍ឈើខុសច្បាប់ ហាក់មានភាពស្ងប់ស្ងាត់ ដោយលោក ហេង ស្រស់ គូសបញ្ជាក់ថា ភាពស្ងប់ស្ងាត់នៃបទល្មើសព្រៃឈើនេះ ដោយសារតែមានយុទ្ធនាការទ្រង់ទ្រាយធំរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ ម្យ៉ាងវិញទៀតនោះ ដោយសាររដូវនេះ ជារដូវវស្សាដែលជាទំលាប់ក្រុមឈ្មួញរកស៊ីឈើបានផ្អាកសកម្មភាពរបស់ខ្លួន ផងដែរ ។
សកម្មជនរូបនេះ បន្តថា ក្រុមហ៊ុន និងក្រុមឧក្រិដ្ឋជនរកស៊ីឈើខុសច្បាប់ រួមទាំងអ្នកនៅពីក្រោយខ្នងនៃបទល្មើសព្រៃឈើ មួយចំនួន នៅតែបានគេចផុតពីវិធានការរបស់គណៈកម្មការ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ជាដដែល ។
លោក ហេង ស្រស់ បានទទូចអោយរាជរដ្ឋាភិបាល ត្រូវតែអនុវត្តច្បាប់ ស្ដីពី ព្រៃឈើ អោយបានម៉ឺងម៉ាត់ ព្រមទាំងស្នើអោយរដ្ឋាភិបាល គួរតែលុបចោល ឬសិក្សាអោយច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍មួយចំនួន ដូចជា គម្រោងការស្ដារព្រៃឈើ ឬស្ដារបាតអាង ក៏ដូចជាគម្រោងវារីអគ្គិសនីមួយចំនួន ដោយគម្រោងទាំងនេះ បានប្រើរូបភាពក្នុងការអភិវឌ្ឍន៍ តែប្រែក្លាយជាការបំផ្លិចបំផ្លាញធនធានព្រៃឈើរបស់កម្ពុជា ទៅវិញ ។
ជាមួយគ្នានេះ លោក ប៉ែន ប៊ុណ្ណារ៍ មន្រ្តីជាន់ខ្ពស់នៃសមាគមអាដហុក មើលឃើញថា នៅពេលដែលមានយុទ្ធនាការបង្ក្រាបទ្រង់ទ្រាយធំបែបនេះ សកម្មភាពបទល្មើសព្រៃឈើ គឺមានភាពស្ងប់ស្ងាត់ តែបើសិនយុទ្ធនាការនេះ ហាក់ប្រលែងដៃបន្តិចវិញនោះ បទល្មើសក៏នឹងងើបឡើងវិញ ផងដែរ ដូច្នេះហើយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ត្រូវតែបន្ត និងពង្រឹងសកម្មភាពបង្ក្រាបនេះ អោយបានជានិរន្តរ៍ ដោយមិនមែនធ្វើតែមួយរយៈពេលខ្លីនោះទេ ។
លោក ប៉ែន ប៊ុណ្ណារ៍ នៅតែទទូចជាថ្មីម្ដងទៀត អោយរាជរដ្ឋាភិបាល រួមជាមួយស្ថាប័នជំនាញ ត្រូវតែស្រាវជ្រាវរកមុខអោយឃើញក្រុមឧក្រិដ្ឋជនកាប់បំផ្លាញព្រៃឈើ ព្រមទាំងអ្នកពាក់ព័ន្ធនឹងបទល្មើសព្រៃឈើទាំងឡាយយកមកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ ក្នុងបទឧក្រិដ្ឋ ដែលមានអាជ្ញាយុកាល ១៥ ឆ្នាំ ដើម្បីពង្រឹងនីតិរដ្ឋ និងប្រសិទ្ធិភាពក្នុងការអនុវត្តវិធានាការរបស់រាជរដ្ឋាភិបាល ផងដែរ ។
វិទ្យុសំឡេងយុវជន មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត ភក្ត្រា បាននោះទេ ដោយទូរស័ព្ទរបស់លោកមិនមានអ្នកទទួល ។
តែយ៉ាងណា តាមការបញ្ជាក់របស់លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កន្លងទៅ បានអោយដឹងថា ក្នុងឆ្នាំ២០១៨ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបង្ក្រាបបទល្មើសព្រៃឈើចំនួន ៣៣៨លើក ឃាត់ខ្លួនមនុស្សជាង ១០០នាក់ ដោយបានបញ្ជូនទៅតុលាការ និងអប់រំ រួមនឹងរឹបអូសឈើប្រមាណជាង៤ពាន់ម៉ែត្រគូប។
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានវាយតម្លៃជារួមថា បទល្មើសព្រៃឈើក្នុងឆ្នាំ២០១៨ បានថយចុះ បើធៀបនឹងឆ្នាំ ២០១៦ ដោយរឹបអូសទំហំឈើបានជាង ៧ម៉ឺនម៉ែត្រគូប ។
គូរកត់សម្គាល់ដែរថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើ មកនោះ មនុស្សមួយចំនួន រួមទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ត្រូវបានដុតបំផ្លាញចោលជាច្រើនគ្រឿង ផងដែរ ។ ដោយក្នុងនោះ លោក សឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារ ផងដែរ ។ ក្នុងនោះដែរ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានកោះហៅលោក គង់ គ្រឹង ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ ចូលបំភ្លឺ លើករណីបទល្មើសព្រៃឈើ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!