ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចពិភាក្សាជាមួយក្រសួងរៀបចំដែនដី លើសេចក្ដីព្រាងស្ដីពី សំណង់
នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹងនាំដោយប្រធានប្តូរវេន លោក គង់ មុនីកា បានបើកកិច្ចពិភាក្សាជាមួយប្រតិភូក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយ លោករដ្ឋមន្រ្តី ជា សុផារ៉ា លើសេចក្តីព្រាងច្បាប់ ស្ដីពី សំណង់។
ថ្លែងនៅក្នុងប្រជុំពិសេសនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា សេចក្តីព្រាងច្បាប់ស្តីពី "សំណង់" នេះមាន ២២ ជំពូក និង ១១៣មាត្រា ។ ច្បាប់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធានការ និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា រួមទាំងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន ៖
១- គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន ។
២- សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ។
៣- គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ។
៤- ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជម្រុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធិភាពផ្នែកសេដ្ឋកិច្ច និងសង្គម ។
ក្នុងនោះដែរ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ដែរថា ការបង្កើតអោយមានច្បាប់ស្តីពី "សំណង់" នេះឡើង ក៏ដោយសារតែមើលឃើញថា កម្ពុជាបច្ចប្បន្ន នាមួយទសវត្សរ៍ចុងក្រោយនេះ មានការវិវត្តរីកចម្រើនលើគ្រប់វិស័យ មិនចេះថមថយនោះឡើយ ជាពិសេស វិស័យសំណង់មានកំណើនជាទៀងទាត់ និងនៅតែបន្តឈានឡើងជាលំដាប់ មានដូចជា ៖ អគារស្នាក់នៅ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ សណ្ឋាគារ សំណង់ទីក្រុងរណប បុរី ភូមិគ្រឹះ ធនាគារ រោងចក្រ និងគ្រឹះស្ថានសិក្សា... ជាដើម ។
ជាមួយនឹងសន្ទុះនៃល្បឿនរបស់វិស័យសំណង់នេះ គឺទាមទារអោយមានភាពចាំបាច់នូវការគ្រប់គ្រង និងដំណើរការប្រតិបត្តិការក្នុងវិស័យសំណង់ ដោយមានន័យថា សំណង់កាន់តែច្រើន កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ ដោយតម្រូវអោយមានការអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្តិ ស្តង់ដារបច្ចេកវិទ្យា និងបទដ្ឋានបច្ចេកទេស ដើម្បីធានានូវគុណភាព ភាពរឹងមាំ សោភ័ណភាព និងចីរភាពសំណង់ ។
សូមជម្រាបជូនថា កិច្ចពិភាក្សាពិសេសនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្តល់យោបល់ ប្រមូលធាតុចូល និងទទួលយកអនុសាសន៍ ក៏ដូចជាទស្សនៈតាមបែបពហុគំនិតរិះគន់ក្នុងន័យស្ថាបនា មុននឹងដាក់ជូនសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ដើម្បីអនុម័តនាពេលខាងមុខនេះ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!