ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជម្រុញអោយក្រសួងរៀបចំដែនដី ត្រូវមានការអនុវត្តច្បាប់ស្ដីពី សំណង់ អោយដូចនឹងខ្លឹមសារច្បាប់ដែលបានតាក់តែង
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លើកឡើងថា សេចក្ដីព្រាងច្បាប់ ស្ដីពី សំណង់ ជាច្បាប់ដ៏ល្អមួយ ដែលមានគោលការណ៍ច្បាស់លាស់ និងលម្អិត ក្នុងការធានាគុណភាពសំណង់ សុវត្ថិភាពសាធារណៈ ជាដើម ខណៈអ្នកទាំងនោះ ជម្រុញអោយក្រសួងរៀបចំដែនដី មានការអនុវត្តដូចនឹងច្បាប់ដែលបានចែង នេះផងដែរ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងថា សេចក្ដីព្រាងច្បាប់ស្ដីពី សំណង់ ដែលតាក់តែងឡើងដោយក្រសួងរៀបចំដែនដី នាពេលនេះ ជាច្បាប់ដ៏ល្អ មានលក្ខណ និងគោលការណ៍ច្បាស់លាស់ ក្នុងការធានាគុណភាពសំណង់ សុវត្ថិភាពសាធារណៈ ជាដើម ប៉ុន្តែលោក ពេជ្រ ស្រស់ ចោទជាសំណួរថា តើការអនុវត្តដូចនឹងច្បាប់ចែងដែរឬទេ ហើយថាតើបុគ្គលណាដែលជាអ្នកដើរតួអោយមានសុក្រឹត្យភាព ?
អ្នកនយោបាយរូបនេះ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះការប្រព្រឹត្តអំពើពុករលួយនានា របស់មន្រ្តីមួយចំនួន ដោយលោកបានចោទសួរលោក ជា សុផារ៉ា ក្នុងកិច្ចប្រជុំ អំពី វិធានការនានាក្នុងគ្រប់គ្រង និងការអនុវត្តចំពោះមន្រ្តី ឬបុគ្គលដែលប្រព្រឹត្តខុសផងដែរ តែមិនត្រូវបានលោករដ្ឋមន្រ្តី ឆ្លើយតបនោះទេ ដោយលោក ជា សុផារ៉ា បញ្ជាក់ថា ជាសំណួរក្រៅសេចក្ដីព្រាងច្បាប់ ។
ស្រដៀងគ្នានេះដែរ ប្រធានប្ដូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ លោក គង់ មុនីកា បានគូសបញ្ជាក់ថា ច្បាប់ថ្មីមួយនេះ ជាការបំពេញបន្ថែមនូវច្បាប់ ក៏ដូចជាបទបញ្ញត្តិដែលមានកន្លងមករួចមកហើយលើការគ្រប់គ្រងវិស័យសំណង់នៅកម្ពុជា ហើយបើការអនុវត្តបានត្រឹមត្រូវទៀតនោះ នឹងធ្វើអោយមានភាពល្អប្រសើរលើវិស័យសំណង់នៅកម្ពុជា ក្នុងការធានាដល់បទដ្ឋានបច្ចេកទេស សុវត្ថិភាពដល់អ្នកប្រើប្រាស់សំណង់អគារ ព្រមទាំងមិនមានហានិភ័យផ្សេងៗកើតឡើងនោះឡើយ ។
លោក គង់ មុនីកា បានជម្រុញអោយក្រសួងរៀបចំដែនដី ធ្វើកំណែទម្រង់មួយ ដោយត្រូវតែលុបបំបាត់អំពើពុករលួយក្នុងវិស័យសំណង់មួយនេះ ជាមុនសិន ដើម្បីទទួលបាននូវប្រសិទ្ធិភាពការងារក្នុងការអនុវត្ត និងការគោរពទៅតាមច្បាប់បានកំណត់ ។
សូមជម្រាបជូនថា ថ្លែងនៅក្នុងកិច្ចប្រជុំរវាងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយក្រសួងរៀបចំដែនដី នៅថ្ងៃទី ១៣ ខែ សីហា ម្សិលមិញនេះ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ចាក់ថា សេចក្តីព្រាងច្បាប់ស្តីពី "សំណង់" នេះមាន ២២ ជំពូក និង ១១៣មាត្រា ដោយច្បាប់នេះ មានគោលដៅកំណត់គោលការណ៍ បទបញ្ញត្តិបច្ចេកទេសសំណង់ វិធានការ និងនីតិវិធីក្នុងការគ្រប់គ្រងវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា រួមទាំងគោលបំណងសំខាន់ៗ ចំនួន ៤ រួមមាន ៖
១- គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន ។
២- សោភ័ណភាព និងបរិស្ថានល្អសម្រាប់ការរស់នៅប្រកបដោយចីរភាព សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈ ។
៣- គណនេយ្យភាព និងប្រសិទ្ធភាពក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ។
៤- ការបង្កើនការជឿទុកចិត្តរបស់វិនិយោគិននៅក្នុងវិស័យសំណង់ និងជម្រុញទីផ្សារអចលនទ្រព្យប្រកបដោយប្រសិទ្ធិភាពផ្នែកសេដ្ឋកិច្ច និងសង្គម ។
ក្នុងនោះដែរ លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានបញ្ជាក់ដែរថា សន្ទុះនៃល្បឿនរបស់វិស័យសំណង់ គឺទាមទារអោយមានភាពចាំបាច់នូវការគ្រប់គ្រង និងដំណើរការប្រតិបត្តិការក្នុងវិស័យសំណង់ ដោយមានន័យថា សំណង់កាន់តែច្រើន កាន់តែធំ កាន់តែខ្ពស់ និងកាន់តែស្មុគស្មាញ ដោយតម្រូវអោយមានការអនុវត្តអោយបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្តិ ស្តង់ដារបច្ចេកវិទ្យា និងបទដ្ឋានបច្ចេកទេស ដើម្បីធានានូវគុណភាព ភាពរឹងមាំ សោភ័ណភាព និងចីរភាពសំណង់ ។
គួររំលឹកដែរថា ការបង្កើតច្បាប់ស្ដីពី សំណង់ នេះឡើងបន្ទាប់ពីរាជរដ្ឋាភិបាល បាននឹងកំពុងដាក់វិធានការនានា ដើម្បីពង្រឹងគុណភាពសំណង់អគារ នៅទូទាំងប្រទេស បន្ទាប់មានការបាក់ស្រុតអគារកម្ពស់ ៧ ជាន់ នៅខេត្តប្រះសីហនុ កាលពីកន្លងទៅ ដែលបានធ្វើអោយបាត់បង់អាយុជិវិតមនុស្សចំនួន ២៨ នាក់ និងរងរបួសចំនួន ២៦ នាក់ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!