សកម្មជនការពារព្រៃឈើ ស្នើអោយគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តសកម្មភាពបង្ក្រាបក្រុមឈ្មួញឈើ និងអ្នកពាក់ព័ន្ធ ក្នុងបទល្មើសព្រៃឈើ ផ្សេងៗទៀត
គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កំពុងបន្តនីតិវិធីរបស់ខ្លួន ក្នុងការស៊ើបអង្កេតរកអ្នកពាក់ពន្ធ័ដទៃទៀត ក្នុងករណីឧកញ៉ា គង់ គ្រឹង ខណៈសកម្មជនការពារព្រៃឈើ ស្នើអោយគណៈកម្មការ បន្តបង្រ្កាបលើអ្នកពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើនេះទាំងអស់ និងអ្នករកស៊ីឈើធំៗ ផ្សេងទៀត ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ១៦ ខែ សីហា នេះថា ករណីឃាត់ខ្លួន ឧកញ៉ា គង់ គ្រឹង និងលោក ម៉ាត់ ណាស៊ាត ទាក់ទងនឹងបទល្មើសព្រៃឈើនេះ ខាងគណៈកម្មការ កំពុងបន្តនីតិវីធី ដើម្បីស្វែងរកភស្តុតាងដទៃទៀត ព្រមទាំងស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ជាមួយនឹងករណីនេះ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ ថា ការបង្រ្កាបលើឧកញ៉ា គង់ គ្រឹង នេះជាវិធានថ្មីមួយដ៏ល្អ ប៉ុន្តែខាងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រូវបន្តបង្រ្កាបលើអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើនេះទាំងអស់ ។ លោកក៏បានលើកឡើង ជាសំណួរថា ហេតុអ្វីបានជាមន្រ្តីថ្នាក់ខេត្តមិនបានដឹងលើករណីបទល្មើសព្រៃឈើ ទាល់តែគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិចុះទៅបង្ក្រាបទើបបាន ?
លោក ហេង ស្រស់ បន្ថែមថា ក្នុងករណីអ្នករកស៊ីឈើនេះ មានឧកញ៉ាល្បីៗជាច្រើន និងធំជាងឧកញ៉ា គង់ គ្រឹង ទៅទៀត ដូច្នេះខាងគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រូវបន្តសកម្មភាពបង្ក្រាបលើអ្នករកស៊ីឈើធំៗទាំងនោះ ដើម្បីអោយប្រជាពលរដ្ឋ និងរូបលោកផ្ទាល់មានការសប្បាយចិត្ត ព្រោះអ្នកទាំងនោះសុទ្ធសឹងតែជាអ្នកបំផ្លាញព្រៃឈើយ៉ាងខ្លាំង ។
ដោយឡែកលោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា វិធានការតឹងរឹងរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ អនុវត្តន៍នាពេលនេះ លោកគាំទ្រ ប៉ុន្តែអ្វីដែលជារឿងសំខាន់នោះ លោកចង់ឃើញ មានការបង្ក្រាបទៅលើឈ្មួញឈើល្បីៗបន្ថែមទៀត ទើបជារឿងកាន់តែប្រសើរ ។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៩ ម្សិលមិញនេះឧកញ៉ា គង់ គ្រឹង និងបក្ខពួកម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីបុគ្គលទាំង ២ រូប ត្រូវបានកោះហៅអោយចូលខ្លួន ដើម្បីសាកសួររឿងបទល្មើសព្រៃឈើ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ។ ឧកញ៉ា គង់ គ្រឹង ជាបុគ្គលរកស៊ីជំនួញឈើដ៏ល្បីនៅស្រុកស្នួល ខេត្តក្រចេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ និងលោកក៏ជាមន្ត្រីយោធា ផងដែរ ។ អត្ថបទដោយ ថេង ខេមរា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!