សកម្មជនការពារព្រៃឈើ ៖ បទបញ្ជា និងការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រាន់ជាបទបញ្ជា តែប៉ុណ្ណោះ តែបើមន្រ្តីទាំងនោះ មិនអនុវត្តន៍តាមនោះទេ បទល្មើសព្រៃឈើនៅតែបន្តកើតមានជាដដែល
សកម្មជនការពារព្រៃឈើ លើកឡើងថា បទបញ្ជា និងការណែនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គ្រាន់ជាបទបញ្ជា តែប៉ុណ្ណោះ តែបើមន្រ្តីទាំងនោះ មិនអនុវត្តន៍តាមនោះទេ បទល្មើសព្រៃឈើនៅតែបន្តកើតមានជាដដែល ខណៈអ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អះអាងថា គណៈកម្មការ តែងតែអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ។
នៅថ្ងៃទី២៣ ខែ សីហា ឆ្នាំ ២០១៩ នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីម្សិលមិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស បានធ្វើការណែនាំ និងដាក់បទបញ្ជាដល់លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវធ្វើការស៊ើបអង្កេតអោយបានច្បាស់លាស់ ដោយត្រូវរកអោយឃើញនូវជនប្រព្រឹត្តល្មើស និងជននៅពីក្រោយ ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ដោយមិនត្រឹមតែយកមកផ្ដន្ទាទោសដាក់ពន្ធនាគារនោះឡើយ គឺត្រូវធ្វើការរឹបអូសទ្រព្យសម្បត្តិបុគ្គលទាំងនោះ យកមកដាក់ជាសម្បត្តិរដ្ឋវិញ ។ សំឡេង ៖
ការដាក់បទបញ្ជា និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដល់លោក សៅ សុខា ក្នុងនាមជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អោយធ្វើការខិតខំបន្ថែមទៀត ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើនោះ លោក ហេង ស្រស់ សកម្មជនការពារព្រៃឈើ លើកឡើងថា គ្រាន់ជាបទបញ្ជា ប៉ុណ្ណោះ តែបើមន្រ្តីទាំងនោះ មិនអនុវត្តន៍តាមនោះទេ ការកាប់បំផ្លាញព្រៃឈើ នៅតែមានជាដដែល ។ សំឡេង ៖
លោក ហេង ស្រស់ បន្តថា សកម្មភាព និងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ របស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាពេលសព្វថ្ងៃនេះ ហាក់មិនទាន់មានប្រសិទ្ធិភាពគួរអោយកត់សម្គាល់នោះឡើយ ដោយលោក ហេង ស្រស់ គូសបញ្ជាក់ថា ដរាបណាគណៈកម្មការជាតិ ដែលដឹកនាំដោយលោក សៅ សុខា មិនទាន់ធ្វើការចាប់ខ្លួនក្រុមឈ្មួញរកស៊ីឈើ ព្រមទាំងបុគ្គលដែលនៅពីក្រោយខ្នង ក្នុងការផ្ដល់អោយមានលទ្ធភាពកាប់បំផ្លាញព្រៃឈើ មកផ្ដន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន ប្រកបដោយតម្លាភាព ឯករាជ្យ និងសុក្រឹត្យភាពទេនោះ ប្រតិបត្តិការបង្ក្រាប នឹងមិនទទួលបានជោគជ័យ និងប្រសិទ្ធភាពឡើយ ។ សំឡេង ៖
ដោយឡែក លោក អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃនេះដែរ ថាគណៈកម្មជាតិ តែងតែអនុវត្តន៍តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ជានិច្ច ។ ក្នុងនោះដែរ លោក អេង ហ៊ី បានបញ្ជាក់ដែរថា បានជម្រុញ និងណែនាំ ដល់មន្រ្តីជំនាញអោយខិតខំរៀបចំសំណុំរឿង ដើម្បីជញ្ជូនអោយស្ថាប័នអយ្យការធ្វើការសម្របសម្រួលក្នុងការបង្កក់ទ្រព្យសម្បត្តិរបស់បុគ្គលដែលប្រព្រឹត្តក្នុងបទល្មើសព្រៃឈើ ។ សំឡេង ៖
ជាមួយគ្នានេះ លោក អេង ហ៊ី បានលើកឡើងថា គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅទូទាំងប្រទេស ប៉ុន្តែទិសដៅសំខាន់ចំបងរបស់គណៈកម្មការ គឺការបង្ក្រាបបទល្មើសព្រៃឈើនៅតំបន់ដែលមានបទល្មើសធំៗ ជាមុនសិន ពោល គឺខេត្តដែលជាប់ព្រំដែនប្រទេសវៀតណាម ។ ចំពោះនៅតាមបណ្ដាខេត្តមួយចំនួនទៀតដែលមានបទល្មើសតូចតាច គណៈកម្មការ ទុកភារកិច្ចអោយអាជ្ញាធរមានសម្ថកិច្ចមូលដ្ឋាន ជាអ្នកធ្វើការបង្ក្រាបដោយខ្លួនឯង ។ សំឡេង ៖
ទាក់ទងនឹងករណីចាប់ខ្លួនមេឈ្មួញរកស៊ីឈើមួយចំនួន បានកន្លងមក អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អ្នកទាំងនោះ កំពុងជាប់ឃុំបណ្ដោះអាសន្ន ដោយសំណុំរឿង កំពុងតែស្ថិតក្រោមនីតិវិធីរបស់ចៅក្រមស៊ើបសួរ ដើម្បីធ្វើការស៊ើបអង្កេតបន្ត ទៀតទៅលើករណីនីមួយៗ ។ សំឡេង ៖
គូរកត់សម្គាល់ដែរថា ចាប់ផ្តើមពីបញ្ចេញប្រតិបត្តិការយ៉ាងក្តៅគគុក លើការបង្ក្រាបបទល្មើសព្រៃឈើមកនោះ មនុស្សមួយចំនួន រួមទាំងមន្រ្តីរាជការ និងឈ្មួញឈើ ត្រូវបានចាប់ខ្លួន ហើយឈើជាច្រើនម៉ែត្រគូបត្រូវបានរឹបអូស ខណៈមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើនេះ ត្រូវបានដុតបំផ្លាញចោលជាច្រើនគ្រឿង ផងដែរ ។ ដោយក្នុងនោះ លោក សឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារ ផងដែរ ។ ក្នុងនោះដែរ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក៏បានធ្វើការចាប់ខ្លួនលោក គង់ គ្រឹង ឈ្មួញរកស៊ីឈើប្រចាំខេត្តក្រចេះ រួមនិងកូនប្រសារបស់លោក ពាក់ព័ន្ធនឹងការប្រព្រឹត្ត និងរកស៊ីបទល្មើសព្រៃឈើ ផងដែរ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!