ចាប់ពីថ្ងៃទី ២៦ ២៧ និង២៨ ខែ សីហា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ជាបន្តបន្ទាប់ ជាពិសេសកិច្ចប្រជុំប្រចាំឆមាស ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រៀមរួចជាស្រាច ក្នុងការរាយការណ៍ពីក្ដីកង្វល់នានារបស់ពលរដ្ឋ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗជាច្រើនទៀតដែលកើតឡើងក្នុងសង្គម សព្វកិច្ច ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី ២៨ ខែ សីហា ខាងមុខនេះ ។
នៅដើមសប្ដាហ៍ក្រោយនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងមានកិច្ចប្រជុំជាមួយនឹងក្រសួង ស្ថាប័ន ជាបន្តបន្ទាប់ ជាពិសេសកិច្ចប្រជុំជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះមាន ៖ នៅថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៩ កិច្ចប្រជុំពិភាក្សាជាមួយនឹងក្រសួងផែនការ លើសេចក្ដីព្រាង កម្មវិធីវិនិយោគសាធារណៈរំកិន ៣ ឆ្នាំ ២០២០-២០២២ នៅថ្ងៃទី ២៧ ខែសីហា កិច្ចប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ លើសេចក្ដីព្រាង ប្រឆាំងអំពើពុករលួយ និងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ នេះជាការបញ្ជាក់របស់លោក ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។ សំឡេង ៖
លោក ឈឹម ផលវរុណ បានគូសបញ្ជាក់បន្ថែមថា បញ្ហាប្រឈមភាគច្រើន ដែលស្ថាប័នមួយនេះ រកឃើញ មាន ៖ ភាពមិនប្រក្រតីរបស់មន្រ្តីតាមមូលដ្ឋាន ដោយមិនអនុវត្តន៍ច្បាប់ រំលោភច្បាប់ ប្រព្រឺត្តអំពើពុករលួយ បញ្ហាដីធ្លី បញ្ហាបទល្មើសជលផល ជាដើម ដោយលោកលើកឡើងថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាយន្តការតាមដានការអនុវត្តច្បាប់របស់មន្រ្តីគ្រប់ជាន់ថ្នាក់ ទៅចំណុចអសកម្ម និងភាពមិនប្រក្រតីនានារបស់បុគ្គលដែលជាមន្ត្រី ។ សំឡេង ៖
ក្នុងកិច្ចប្រជុំខាងមុខនេះដែរ លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា លោកនឹងលើកយកករណីមួយចំនួន ដែលមិនទាន់មានដំណោះស្រាយ ធ្វើការរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យដោះស្រាយ ដោយក្នុងនោះ លោក ពេជ្រ ស្រស់ ក៏នឹងធ្វើការស្នើសុំដល់ប្រមុខរាជរដ្ឋាភិបាល បង្កើតច្បាប់ក្នុងដាក់ទោសទណ្ឌដល់មន្រ្តីទាំងឡាយណា ដែលមិនគោរពតាមបទបញ្ជា ក៏ដូចលិខិតគតិយុត្តិនានារបស់រដ្ឋាភិបាល កន្លងមក ផងដែរ ។ សំឡេង ៖
លោក ពេជ្រ ស្រស់ ក៏បានត្រៀមសាកសួរប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ ទៅលើកិច្ចការ និងភារកិច្ចរបស់អង្គភាពមួយនេះ ពាក់ព័ន្ធនឹងវិធានការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងបង្ការការប្រព្រឹត្តអំពើពុករលួយនៅកម្ពុជា ។ សំឡេង ៖
ជាមួយគ្នានេះ ប្រធានប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ក៏នឹងរាយការណ៍អំពី ករណីលក់ដីរដ្ឋ នៅខេត្តកំពង់ឆ្នាំង ភាពអកម្ម ភាពមិនប្រក្រតី ការអនុវត្តច្បាប់ ដែលមានអមដោយដំណោះស្រាយដាក់ជូនលោកនាយករដ្ឋមន្រ្តី រួមទាំងស្នើអោយពន្លឿនការងារអោយមានប្រសិទ្ធភាព ជាងមុខ ដើម្បីធានាដល់ភាពងាយស្រួលរបស់ស្ថាប័នមួយនេះ ផងដែរ ។ សំឡេង ៖
លោក វឌ្ឍនាសាប៊ុង ក៏មានក្ដីសង្ឃឹមថា នៅថ្ងៃខាងមុខ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងអាចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីប្រឆាំងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីខិលខូចមួយចំនួន ព្រមទាំងធានាប្រសិទ្ធភាពខ្ពស់បន្ថែមរបស់អង្គភាពមួយនេះ ក្នុងកិច្ចការរបស់ខ្លួន ។ សំឡេង ៖
សម្រាប់លោក គង់ មុនីកា ប្រធានប្រតិភូគណបក្សឆន្ទៈខ្មែរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ វិញ បានប្រាប់វិទ្យុសំឡេងយុវជន ថា ប្រតិភូរបស់លោក នឹងលើកយកបញ្ហានានា នៅតាមបណ្ដាព្រំដែន បញ្ហាទំនាស់ដីធ្លី ជាពិសេសលោកនឹងលើកពីបញ្ហានយោបាយ លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើម ដោយលោក គង់ មុនីកា បញ្ជាក់ថា បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នារយៈពេលចុងក្រោយនេះ ហាក់មានភាពតានតឹងឡើងវិញបន្តិច ដូច្នេះលោកនឹងលើកឡើងអំពីបញ្ហាទាំងនេះជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ បន្ធូរបន្ថយភាពនេះ អោយប្រសើរឡើងវិញ ។ សំឡេង ៖
លោក គង់ មុនីកា បន្តថា ក្នុងកិច្ចប្រជុំដាច់ដោយឡែក ជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៧ ខាងមុខនេះ លោកនឹងលើកឡើងនូវទិដ្ឋភាព ក៏ដូចជាករណីជាក់ស្ដែងក្នុងការប្រព្រឹត្តអំពើពុករលួយរបស់មន្រ្តីមួយចំនួន ដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមានវិធានការទៅតាមនីតិវិធីច្បាប់ ។ សំឡេង ៖
សូមបញ្ជាក់ថា ស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានកិច្ចប្រជុំក្នុងលក្ខណៈផ្សេងៗពីគ្នា ដោយមានទី ១ . កិច្ចប្រជុំប្រចាំខែនីមួយៗរបស់ឧត្តមក្រុមប្រឹក្សា ទី២. កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ និងគោលនយោបាយនានារបស់រាជរដ្ឋាភិបាល មុនដាក់ឆ្លងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ទី ៣. កិច្ចប្រជុំពិភាក្សាជាមួយនឹងបណ្ដាក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាល តាមរយៈលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សា ជម្រាបជូននាយករដ្ឋមន្រ្តី និងទី ៤ . កិច្ចប្រជុំប្រចាំឆមាសជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងរយៈពេល ៦ ខែម្ដង ។ ដោយកាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំប្រចាំឆមាសជាមួយនឹងលោកនាយករដ្ឋមន្រ្តី រួចម្ដងមកហើយ ក្រោយការបង្កើតស្ថាប័នមួយនេះ កាលពីឆ្នាំ ២០១៨ ក្រោយការបោះឆ្នោតជាតិ អាណត្តិទី ៦ ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!