នៅថ្ងៃទី ២៨ ខែ សីហា ខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាស ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាស នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាទីស្ដីគណៈរដ្ឋមន្ត្រី វិមានសន្តិភាព ។
យោងសេចក្ដីជូនព័ត៌មានរបស់លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាសរបស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងប្រតិភូគណបក្សចំនួន ១៦ នៃឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។
ក្នុងកិច្ចប្រជុំនេះ នឹងមានរបៀបវារៈមួយចំនួន ៖
* ទស្សនៈវិស័យលើវិភាគទានរួមចំណែករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ក្នុង១ឆ្នាំ កន្លងមក ដោយលោកនាយករដ្ឋមន្ត្រី
*ការចូលរួមយោបល់ស្ថាបនា និងសំណូមពរ ដោយប្រធានប្រតិភូគណបក្សនីមួយៗ
*ចក្ខុវិស័យនៃការរំពឹងទុកលើការវិវត្តជាវិជ្ជមាន នៃកំណែទម្រង់ស៊ីជម្រៅ ដោយលោកនាយករដ្ឋមន្ត្រី
*និងមានពិធីទទួលទានអាហារសាមគ្គី ផងដែរ ។
សូមជម្រាបជូនថា មុនកិច្ចប្រជុំប្រចាំឆមាសជាមួយលោកនាយករដ្ឋមន្ត្រី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក៏មានកិច្ចប្រជុំមួយចំនួនទៀត ផងដែរ ក្នុងនោះមាន ៖ កិច្ចប្រជុំពិភាក្សាជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក ឳម យិនទៀង លើសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃ ស្ដីពី ការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ ។ ដោយឡែក នៅថ្ងៃទី ២៦ ខែ សីហា នេះដែរ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំពិភាក្សា ជាមួយនឹងប្រតិភូក្រសួងផែនការ ដែលដឹកនាំដោយលោករដ្ឋមន្រ្តី ឆាយ ថន លើសេចក្ដីព្រាង កម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំ រំកិល ២០២០ - ២០២២ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!