លោក គង់ មុនីកា នឹងលើកយកបញ្ហានយោបាយ និងប្រជាធិបតេយ្យនៅកម្ពុជា មកពិភាក្សាក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
ប្រធានគណៈបក្សឆន្ទៈខ្មែរ នឹងលើកយកបញ្ហានយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ ។
លោក គង់ មុនីកា ប្រធានប្រតិភូគណបក្សឆន្ទៈខ្មែរ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានថ្លែងប្រាប់វិទ្យុសំឡេងយុវជន ថា ក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខាងមុខនេះ លោកនឹងលើកយកបញ្ហាប្រឈមមួយចំនួន នៅតាមបណ្ដាព្រំដែន និងបញ្ហាទំនាស់ដីធ្លី ជាពិសេសនោះ លោកនឹងលើកអំពីបញ្ហានយោបាយ លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ។
លោក គង់ មុនីកា បានគូសបញ្ជាក់ថា បញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា នារយៈពេលចុងក្រោយនេះ ហាក់មានភាពតានតឹងឡើងវិញបន្តិច ដូច្នេះលោកនឹងលើកឡើងអំពីបញ្ហានេះ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយ បន្ធូរបន្ថយភាពតានតឹងនេះ អោយមានភាពប្រសើរឡើងវិញ ។ សំឡេង ៖
សូមជម្រាបជូនថា នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នឹងបើកកិច្ចប្រជុំប្រចាំឆមាសរបស់ខ្លួន ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងប្រតិភូគណបក្សចំនួន ១៦ នៃឧត្តមក្រុមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!