លោក ឈឹម ផលវរុណ ៖ រដ្ឋមន្រ្តីនៃក្រសួងមួយចំនួន ត្រូវអញ្ជើញអោយចូលរួម កិច្ចប្រជុំប្រចាំឆមាស នៅថ្ងៃទី ២៨ ខែ សីហា
ឧបនាយករដ្ឋមន្រ្តី រួមទាំងរដ្ឋមន្រ្តីនៃក្រសួងពាក់ព័ន្ធមួយចំនួន ត្រូវបានអញ្ជើញអោយចូលរួម ក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ក្រោមវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាថ្ងៃទី ២៨ ខែ សីហា ខាងមុខនេះ ។
តាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថ្លែងក្នុងកម្មវិធី ពលរដ្ឋវិទ្យា ដែលផ្សាយតាមរយៈវិទ្យុសំឡេងយុវជន វីអូវ៉ាយ បានលើកឡើងថា លេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអញ្ជើញលោក លោកស្រី ជាឧបនាយករដ្ឋមន្ត្រី ព្រមទាំងរដ្ឋមន្រ្តីនៃក្រសួងមួយចំនួន ផងដែរ ក្នុងនោះមាន ៖ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា , រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ , រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សុខុន រួមទាំងលោក ឳម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាដើម ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
លោក ឈឹម ផលវរុណ បញ្ជាក់ថា ការអញ្ជើញរដ្ឋមន្រ្តីនៃក្រសួងមួយចំនួននេះ គឺជាសាម៉ីក្រសួងស្ថាប័ន ដែលមានសមត្ថកិច្ចទៅលើកិច្ចការ និងពាក់ព័ន្ធជាមួយនឹងបញ្ហានានាដែលឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានចុះស្រាវជ្រាវឃើញ កន្លងមក មានដូចជា ៖ បញ្ហាដីធ្លី បទល្មើសនេសាទ ភាពអសកម្មរបស់មន្រ្តីមូលដ្ឋាន និងការប្រព្រឹត្តអំពើពុករលួយនានារបស់មន្រ្តីខិលខូចមួយចំនួន ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។
មន្រ្តីជាន់ខ្ពស់រូបនេះ បន្ថែមទៀតថា កិច្ចប្រជុំប្រចាំឆមាសនេះ នឹងមានចូលរួមប្រជុំរបស់ក្រុមប្រឹក្សា គណៈអភិបាល រាជធានី_ខេត្តទាំង ២៥ តាមរយៈ Video Comference ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!