ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បើកកិច្ចប្រជុំពិភាក្សាជាមួយនឹងអង្គភាពប្រឆាំងអំពើពុករលួយ
ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបើកកិច្ចប្រជុំពិភាក្សា ដើម្បីឆ្លងសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោក គង់ មុនីកា ប្រធានប្តូរវេន និងលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីផ្តល់ធាតុចូល អនុសាសន៍ ក៏ដូចជាទស្សន:គំនិតយល់ឃើញផ្សេងៗ និងថ្មីៗបន្ថែមទៀត ។
ក្នុងកិច្ចពិគ្រោះពិភាក្សាឆ្លងសេចក្តីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្តីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ នេះ ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ បានលើកយកនូវរបាយការណ៍ជុំទី២របស់ខ្លួន ដែលផ្តោតសំខាន់ទៅលើវត្ថុបំណងនៃការលើកកម្ពស់ " វិធានការបង្ការ និងប្រឆាំងអំពើពុករលួយ " និង " ការបញ្ជូនមកវិញនូវទ្រព្យដែលបានរឹបអូស "។
វិធានការបង្ការអំពើពុករលួយ គឺមានន័យថា ការបង្កើត និងអនុវត្តន៍ ឬរក្សាបាននូវការសម្របសម្រួលគោលនយោបាយប្រឆាំងអំពើពុករលួយ ក្របដោយប្រសិទ្ធភាព ដោយលើកកម្ពស់ការចូលរួមពីសង្គម និងឆ្លុះបញ្ចាំងនូវគោលនយោបាយនីតិរដ្ឋ ការគ្រប់គ្រងដ៏ត្រឹមត្រូវនូវកិច្ចការ និងទ្រព្យសម្បត្តិសាធារណ:ប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព។
ដោយឡែក ការបញ្ជូនមកវិញនូវទ្រព្យដែលបានរឹបអូស គឺក្នុងន័យនៃការទប់ស្កាត់ និងការស៊ើបអង្កេតនូវការផ្ទេរផលនៃបទល្មើស ដែលតួអង្គពាក់ព័ន្ធ គឺបុគ្គល និងវិជ្ជាជីវ:(បុគ្គលរាយការណ៍) មានដូចជា :
- ធនាគារ សាខាធនាគារបរទេស
- គ្រឹះស្ថានហិរញ្ញវត្ថុ (ជើងសារមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង)
- គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
- សហករណ៍ឥណទាន
- ក្រុមហ៊ុនភតិសន្យា
- មូលនិធិសោធន និងវិនិយោគ
- អាជីវកម្មប្តូរប្រាក់
- សេវាផ្ទេរប្រាក់
- ភ្នាក់ងារអចលនទ្រព្យ ដីធ្លី និងអគារ
- មេធាវី សាការី សវនករ គណនេយ្យករ...
- កាស៊ីណូ គ្រឹះស្ថានល្បែងស៊ីសង
- បុគ្គល ឬវិជ្ជាជីវៈផ្សេងៗ
- អង្គការក្រៅរដ្ឋាភិបាល អង្គការមូលនិធិធ្វើសកម្មភាពអាជីវកម្ម និងរ៉ៃអង្គាសមូលនិធិ ... ។ល។
ជាមួយគ្នានេះ ដើម្បីជម្រុញអោយវិធានការបង្ការអំពើពុករលួយ អនុវត្តន៍ទៅទទួលបានប្រកបដោយប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ :
- គោលនយោបាយប្រឆាំងអំពើពុករលួយ
- ការបង្កើតយន្តការសម្របសម្រួល និងអនុវត្តគោលនយោបាយ
- ការចូលរួមពីសង្គមក្នុងការបង្កើត អនុវត្តន៍ និងវាយតម្លៃគោលនយោបាយ
- ភាពឆ្លុះបញ្ចាំងពីនីតិរដ្ឋ ការគ្រប់គ្រងកិច្ចការសាធារណៈ សុចរិតភាព តម្លាភាព និងគណនេយ្យភាព ។
លើសពីនេះ មានវិធានការអប់រំ ទប់ស្កាត់បង្ការ និងបង្ក្រាបប្រឆាំងអំពើពុករលួយ ដែលជាបញ្ហាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលគ្រប់ៗគ្នាត្រូវចូលរួម និងធ្វើកិច្ចការងារនេះយ៉ាងសកម្ម ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!