សមាជិកប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៅក្នុងមហាសន្និបាត AIPA លើកទី៤០ នៅប្រទេសថៃ
សមាជិកប្រតិភូសភាកម្ពុជា លោក សុខ សូកាន និងលោក ចាយ បូរិន ចូលរួមកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច នៅក្នុងមហាសន្និបាត AIPA លើកទី៤០ ទីក្រុង បាងកក ប្រទេសថៃ ។
នៅក្នុងថ្ងៃទី៣នៃមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ គឺនាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នេះ សមាជិកសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំតាមគណៈកម្មាធិការនានា របស់ AIPA ដែលនៅក្នុងនោះមាន គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ ចាត់តំាងជាដើម ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច មានសមាជិកសភាកម្ពុជាចូលរួមប្រជុំ ចំនួនពីររូប គឺ លោក សុខ សូកាន អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា និងលោក ចាយ បូរិន លេខាគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។
គូសបញ្ជាក់ថា គណៈកម្មាធិការសេដ្ឋកិច្ច AIPA បានពិភាក្សាលើប្រធានបទចំនួន៤ គឺ ៖
១. ការធ្វើឲ្យប្រសើរឡើង លើការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមនៅក្នុងអាស៊ាន។
២. ការធ្វើឲ្យប្រសើរឡើងលើសហប្រតិបត្តិការអាស៊ាន ដើម្បីត្រៀមខ្លួនសម្រាប់បដិវត្តឧស្សាហកម្មទី៤។
៣. ការកែលម្អការតភ្ជាប់ឌីជីថល ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់សហគ្រាសខ្នាតតូចនិងមធ្យម ។
៤. ស្តង់ដា និងសេរីភាវូបនីយកម្មសេវាកម្មអាកាសក្រោមទីផ្សារអាកាសចរណ៍អាស៊ានតែមួយ។
សូមជម្រាបជូនថា ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន ដែលហៅកាត់ថា AIPA លើកទី៤០ នៅទីក្រុងបាងកក ប្រទេសថៃ ដែលសន្និបាតនេះ ប្រព្រឹត្តទៅរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!