ប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភាឡាវ
ប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ទទួលជួបសវនាការជាមួយអនុប្រធានរដ្ឋសភាឡាវ ក្នុងឳកាសចូលរួមមហាសន្និតបាត AIPA នាទីក្រុងបាងកក ប្រទេសថៃ ។
នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩នេះ លោក ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Bounpone Bouttanavong អនុប្រធានរដ្ឋសភាប្រទេសឡាវ ខណៈដែលថ្នាក់ដឹកនាំទាំងពីរ ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន AIPA លើកទី៤០ នាទីក្រុងបាងកក ប្រទេសថៃ។
លោកអនុប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ហេង សំរិន ដែលបានខិតខំជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ទទួលបានជោគជ័យ និងផ្លែផ្កាជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋសភាប្រទេសទំាងពីរបានជំរុញឲ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក ទំាងកម្រិតថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។
លោក បានគូសបញ្ជាក់ថា ភាគីឡាវបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុស្សរណៈយោគយល់គ្នា ទំាងឡាយដែលប្រទេសកម្ពុជានិងឡាវបានចុះហត្ថលេខា ទំាងនៅខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ជាមួយគ្នានេះលោក បានស្នើសុំប្រធានរដ្ឋសភាកម្ពូជា ជួយជំរុញបន្ថែមនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរលើវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ជាដើម។
ដោយឡែក លោក ហេង សំរិន បានលើកឡើងថា វត្តមានរបស់រដ្ឋសភាប្រទេសទាំងពីរនៅក្នុងមហាសន្និបាត AIPAនាពេលនេះ មិនត្រឹមបានបញ្ជាក់ពីមិត្តភាព ភាតរភាពជាបងប្អូនរវាងកម្ពុជានិងឡាវប៉ុណ្ណោះទេ តែបានបញ្ជាក់យ៉ាងច្បាស់ពីសាមគ្គីភាពនៅក្នុងរង្វង់គ្រួសារប្រទេសសមាជិក AIPA ដែលអាចប្រព្រឹត្តទៅគ្រប់ពេល និងគ្រប់ទីកន្លែងទាំងអស់ ។
លោកប្រធានរដ្ឋសភា បានសាទរចំពោះផ្លែផ្កាយ៉ាងល្អ នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរក្នុងនីតិកាល ជាបន្តបន្ទាប់មកនេះ។ សមិទ្ធផលដែលរដ្ឋសភាទាំងពីររួមគ្នា សម្រេចបានមកនេះ មានវិសាលភាពគ្របដណ្តប់ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌបក្ស និងរដ្ឋ នៃប្រទេសទាំងពីរ ពីថ្នាក់ជាតិ ដល់មូលដ្ឋាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!