អ្នកនយោបាយវ័យក្មេង ជម្រុញអោយអង្គភាពអំពើពុករលួយ ត្រូវមានវិធានការ បង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ នៅក្នុងស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា
អ្នកនយោបាយវ័យក្មេង និងអ្នកច្បាប់ ជម្រុញអោយអង្គភាពអំពើពុករលួយ ត្រូវមានវិធានការ បង្ការ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ នៅក្នុងស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា ដើម្បីធានាតម្លាភាព ភាពយុត្តិធម៌ និងប្រសិទ្ធភាពក្នុងការប្រឆាំងអំពើពុករលួយ ។
សូមស្ដាប់ព័ត៌មានពិស្ដារ ៖
ក្នុងកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយ លោក ឳម យិនទៀង កាលពីថ្ងៃទី ២៧ ខែ សីហា ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានលើកឡើងនូវវិធានការ បង្ការ និងទប់ស្កាត់របស់ ACU ក្នុងការប្រឆាំងអំពើពុករលួយនានាក្នុងស្ថាប័នតុលាការ ដែលប្រព្រឹត្តដោយចៅក្រម និងក្រឡាបញ្ជី ជាដើម ។ ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ ក៏ជម្រុញអោយអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតលើករណីអនុលេខាធិការក្រសួងយុត្តិធម៌ លោក សេង សុវណ្ណរ៉ា ក្នុងការរំលោភយកដីរដ្ឋទំហំប្រមាណជិត ១០០០ ហិចតា ផងដែរ ។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ថា ក្នុងនាមជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឳម យិនទៀង លើកឡើងថា អង្គភាពប្រឆាំងអំពើពុករលួយ បាននឹងកំពុងមានវិធានការជាបន្តបន្ទាប់ មកហើយ ក្នុងការប្រឆាំងការប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នតុលាការ ។ ចំណែកករណីលោក សេង សុវណ្ណរ៉ា នោះវិញ លោក ឳម យិនទៀង បញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេតលើករណីនេះហើយ ។
ស្រដៀងគ្នានេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ពីគណបក្សខ្មែរក្រោក ដែលមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប្រធាន ក៏បានផ្ដល់ធាតុចូលដោយសង្ខេប លើវិធានការ បង្ការ ការពារ ទប់ស្កាត់ បង្ក្រាប អំពើពុករលួយដល់ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ។
លើសពីនេះ លោក វឌ្ឍនាសាប៊ុង ក៏សង្ឃឹមថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងសហការយ៉ាងជិតស្និទ្ធជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចំពោះការរកឃើញនានារបស់ឧត្តមក្រុមប្រឹក្សា ដែលពាក់ព័ន្ធនឹងបញ្ហាពុករលួយនៅកម្ពុជា ផងដែរ ។
ដោយឡែកលោក សួន ប៊ុនសក្តិ អ្នកជំនាញផ្នែកច្បាប់ លើកឡើងថា តាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញអោយដឹងថា ស្ថានភាពនៃការប្រព្រឹត្តអំពើពុករលួយនៅប្រទេសកម្ពុជា កំពុងស្ថិតក្នុងភាពធ្ងន់ធ្ងរ ដែលមានពិន្ទុខ្ទង់រយ ដូច្នេះលោកគិតថា ក្នុងស្ថាប័នតុលាការ ក៏មានការប្រព្រឹត្តអំពើពុករលួយ នេះផងដែរ ។
ដើម្បីកាត់បន្ថយ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយនៅកម្ពុជា អោយមានប្រសិទ្ធភាពនោះ លោក សួន ប៊ុនសក្តិ បានជម្រុញអោយរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធដែលមានសមត្ថកិច្ចលើកិច្ចការនេះ ត្រូវអនុវត្តន៍ច្បាប់ ស្ដីពី ការប្រឆាំងអំពើពុករលួយ អោយបានម៉ឺងម៉ាត់ ត្រឹមត្រូវ និងប្រកបដោយតម្លាភាព ព្រមទាំងត្រូវមានវិធានការ ឬយន្តការផ្សេងៗទៀត ក្នុងការដានតាម ឃ្លាំងមើលទៅលើមន្រ្តីតុលាការ ក្នុងដំណើរការបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងស្ថាប័នតុលាការ និងយុត្តិធម៌ នៅកម្ពុជានេះ ។
គួរកត់សម្គាល់ដែរថា នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៩ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបើកកិច្ចប្រជុំពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំប្រតិភូដោយ លោក ឳម យិនទៀង លើសេចក្ដីព្រាងរបាយការណ៍ស្វ័យវាយតម្លៃស្ដីពីការត្រួតពិនិត្យឡើងវិញនៃការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ ដោយបានលើកយកនូវរបាយការណ៍ជុំទី២របស់ខ្លួន ដែលផ្តោតសំខាន់ទៅលើវត្ថុបំណងនៃការលើកកម្ពស់ " វិធានការបង្ការ និងប្រឆាំងអំពើពុករលួយ " និង " ការបញ្ជូនមកវិញនូវទ្រព្យដែលបានរឹបអូស " ៕ អត្ថបទដោយ ធឿន វ៉ាន់សុង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!