លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង លើកឡើងទិដ្ឋភាពសំខាន់ៗចំនួន ៤ ករណី ក្នុងកិច្ចប្រជុំជាមួយលោកនាយករដ្ឋមន្រ្តី
នៅថ្ងៃទី ២៨ សីហា ឆ្នាំ ២០១៩ នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានបេីកកិច្ចប្រជុំប្រចាំឆមាសទី២ ក្រោមវត្តមានរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៃប្រតិភូគណបក្សខ្មែរក្រោក បានលេីកឡេីងទិដ្ឋភាពសំខាន់ចំនួន៤ យ៉ាង ។
ប្រតិភូគណបក្សខ្មែរក្រោក នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលមានលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ជាប្រធានប្រតិភូ បានលើកយកបញ្ហាចំនួន ៤ ករណី មកជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីពិនិត្យ និងសម្រេច ដោយករណីទាំង ៤ នោះ រួមមាន ៖
១. ករណីអង្គការ AOG ប្ដឹងក្រសួងសង្គមកិច្ចដែលទាមទាយកដីសាលា និងមណ្ឌលកុមារកំព្រាក្ដីសង្ឃឹមសាខាខេត្តព្រះសីហនុដោយចោទថាដីរដ្ឋ / ដោយករណីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាអោយពិនិត្យឡេីងវិញ ។
២.ករណីរដ្ឋបាលខេត្តកំពង់ឆ្នាំងដែលយកដីអនុក្រឹត្យដែលរាជរដ្ឋាភិបាលត្រូវប្រគល់អោយទៅពលរដ្ឋ ៥២៥ គ្រួសារ បែរជាយកដីមួយចំនួននៃដីគម្រោងផ្សារ សួនច្បារសាធារណៈរបស់រដ្ឋទៅអោយក្រុមហ៊ុនឯកជនទៅវិញ ដោយលោក វឌ្ឍនាសាប៊ុង សង្កត់ធ្ងន់លេីករណី អភិបាលខេត្តកំពង់ឆ្នាំងដែលពាក់ព័ន្ធនឹងបញ្ហាដីរដ្ឋជាច្រេីនក្នុងខេត្តមួយនេះ ។
៣. ករណីមិនអនុវត្តន៍ច្បាប់របស់រដ្ឋបាលខេត្តកណ្ដាល តាមអនុក្រឹត្យ ៩៣ ដែលឈូសឆាយដំណាំពលរដ្ឋដោយមិនទាន់អនុវត្តន៍តាមច្បាប់អស្សាមិករណ៍ជាធរមាន ។
៤. ករណីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប ដែលមិនខ្វល់ និងអសកម្មលេីការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ ៥១ អនក្រ,បក និងអនុក្រឹត្យលេខ ១៥៨ អនក្រ,បក ក្នុងការប្រទានកម្មដីរបស់បូរីសណ្ឋាគាអង្គរ ជូនពលរដ្ឋដែលដាំដុះជាក់ស្ដែង ។
លោក វឌ្ឍនាសាប៊ុង បានគូសបញ្ជាក់ថា មូលដ្ឋាននៃបញ្ហាទាំងអស់នេះ បានរកឃេីញថាមកពីការមិនធ្វេីការតាមច្បាប់ មិនអនុវត្តន៍តាមច្បាប់ជាធរមាន របស់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លេីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យ ដែលអំពេីនេះ បានធ្វើអោយប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេស ប៉ះពាល់ដល់កិច្ចការកំណែទម្រង់រដ្ឋដែលជាមូលដ្ឋានធានានូវសុខដុមនីយកម្មរបស់ជាតិ ។
ដូច្នេះហើយ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង នឹងធ្វេីសេចក្ដីព្រាងច្បាប់ ដេីម្បីអោយដាក់ទោសទណ្ឌចំពោះមន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងឡាយណា ដែលមិនធ្វេីការតាមច្បាប់ជាធរមាន រួមមានការណែនាំរបស់រាជរដ្ឋាភិបាលមាន សជណ អនុក្រឹត្យ ព្រះរាជក្រឹត្យ ជាដេីម ។
លើសពីនេះ លោក ក៏ស្នេីសូមអោយពន្លឿនការដោះស្រាយតាមខ្លឹមសារ សជណ ករណីទំនាស់ដីធ្លីឈានដល់ការរំលោភសិទ្ធមនុស្សដាក់ខ្នោះដាក់ច្រវ៉ាក់នៅខេត្តបាត់ដំបង ករណី សជណ ទំនាស់ដីធ្លីនៅភ្នំពេញថ្មី និងករណី សជណ ទំនាស់ដីធ្លីរបស់លោក លី សាយឃាង ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!