លោក ពេជ្រ ស្រស់ ចូលរួមផ្ដល់យោបល់ ៣ ចំណុច និងស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើទំនាស់ដីធ្លី ៣ ករណី
ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចូលរួមផ្ដល់យោបល់ និងសំណូមពរមួយចំនួន ក្នុងកិច្ចប្រជុំជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៩ នេះ ។
យោងតាមការបញ្ជាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ហ្វេសបុករបស់លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានអោយដឹងថា នៅក្នុងកិច្ចប្រជុំប្រចាំឆមាសជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ពេជ្រ ស្រស់ បានចូលរួមផ្តល់ជាយោបល់ដល់លោកនាយករដ្ឋមន្រ្តី ចំនួន ៣ ចំណុច ក្នុងនោះមានដូចជា ៖
១. ការពង្រឹងសមត្ថភាពមេដឹកនាំថ្នាក់ឃុំ ស្រុក ខេត្ត អោយមានភាពឆ្លាតវៃ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលមានជម្លោះនៅតាមបណ្តាមូលដ្ឋានរបស់ខ្លួន
២. ការរឹតបន្តឹងអំពីការដាក់វិន័យលើមន្រ្តីទាំងពីរ ថ្នាក់(ថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ) រូបណាដែលមិនគោរព និងអនុវត្តន៍តាមបទដ្ឋានគតិយុត្តិនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ
៣. អំពីការទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយក្នុងស្ថាប័នតុលាការតាមរយៈមេធាវីជាអ្នកយកលុយពីកូនក្តីទៅសូកប៉ាន់មន្រ្តីតុលាការគ្រប់ថ្នាក់ ។
ជាមួយគ្នានោះ លោក ពេជ្រ ស្រស់ ក៏បានស្នើសុំកិច្ចអន្តរាគមន៍ប្រមុខរាជរដ្ឋាភិបាល ក្នុងបញ្ហាទំនាស់ដីធ្លី ៣ ករណី រួមមាន ៖
១. ករណីជម្លោះដីធ្លី ៤៨ គ្រួសារ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ
២. ករណីជម្លោះដីធ្លី ៩ គ្រួសារ ស្ថិតនៅសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
៣. ករណីជម្លោះដីធ្លី ៩ គ្រួសារ នៅសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោក ពេជ្រ ស្រស់ បានគូសបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលយកនូវយោបល់ និងការស្នើរបស់ខាងលើ ដើម្បីយកទៅអនុវត្តន៍ ផងដែរ ៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!